កសិករខ្មែរចាប់ផ្តើមដាំ បន្លែសរីរាង្គក្នុងទុយោទឹក
នៅព័ទ្ធ
ជុំវិញផ្ទះរបស់ លោក ម៉ាន់ សុផល មានដំណាំស្ពៃ សាឡាត់
ខាត់ណានិងប៉េងប៉ោះដុះយ៉ាងស្រស់បំព្រងនិងខៀវស្រងាត់លើទុយោទឹក
ពណ៌ខៀវ ហើយដែលហើរពណ៌ស្ទើរអស់ទៅហើយ។
វិធីសាស្ត្រដាំបន្លែបែបទំនើបនេះត្រូវនាំចូលដោយលោក ម៉ាន់ សុផល នៅឆ្នាំ២០១១។
ជាពលរដ្ឋរស់នៅក្រុងតាខ្មៅខេត្តកណ្ដាល
លោកសុផល បានទៅដើរកម្សាន្តនៅប្រទេសថៃនៅឆ្នាំនោះ
ហើយបានឃើញការដាំបន្លែរបៀបនេះហាក់ដូចជាចម្លែកនិងគួរឲ្យទាក់ទាញ។
បច្ចុប្បន្នបុរសដែលមានអាយុ៤៤ឆ្នាំនិង
មានកូនស្រីពីរនាក់រូបនេះបានក្លាយជាម្ចាស់កសិដ្ឋានលក្ខណៈគ្រួសារ
មួយប្រកបដោយជោគជ័យ។
«ការពិតទៅការដាំបន្លែលើដីឬដាំបន្លែ
លើទឹក ដំបូងយើងត្រូវដំឡើងប្រព័ន្ធទុយោ។ ប្រព័ន្ធទុយោហ្នឹងសំខាន់
យើងធ្វើឱ្យទឹកនីវ៉ូស្មើគ្នា។ មុននឹងដាំយើងបណ្តុះកូនសិន គឺពី៧
ទៅ១០ថ្ងៃយើងអាចដាំបានហើយ។ ពេលកូនឫសផុតពីអេប៉ុង។ ពេលកូនតូច
យើងដាក់នីវ៉ូឱ្យខ្ពស់បន្តិច ហើយពេលបាន១០ទៅ១៥ថ្ងៃ យើងទម្លាក់
នីវ៉ូទឹកចុះ ដើម្បីឱ្យឫសបែកទូលាយល្អ និងស្រូបអុកស៊ីហ្សែននិង
លូតលាស់បានល្អ»។
នៅព័ទ្ធជុំវិញផ្ទះរបស់ លោក ម៉ាន់ សុផល
មានដំណាំស្ពៃ សាឡាត់
ខាត់ណានិងប៉េងប៉ោះដុះយ៉ាងស្រស់បំព្រងនិងខៀវស្រងាត់លើទុយោទឹក
ពណ៌ខៀវ ហើយដែលហើរពណ៌ស្ទើរអស់ទៅហើយ។
សំបុរស្រអែមដោយសារកំដៅថ្ងៃ
ម្ចាស់កសិដ្ឋានរូបនេះពន្យល់ថាការដាំបន្លែលើទុយោទឹកនេះត្រូវការ
ការដំឡើងរោងនិងសម្ភារៈដាំមួយចំនួន ដែលក្នុងនោះមានទុយោដែលមាន
មុខកាត់ចាប់ពីទំហំ៧,៥សង់ទីម៉ែត្រឡើងទៅ អេប៉ុង ប្លាស្ទិក ជីសរីរាង្គ
ប្រភេទABដែលនាំចូលពីប្រទេសថៃ
កូនកញ្ច្រែងខ្មៅ និងម៉ាស៊ីនត្រួតពិនិត្យទឹក។
លោករៀបរាប់បន្ថែមថាដំបូងគេត្រូវកាត់
អេប៉ុងជាកង់ៗបួនជ្រុងទំហំ២សង់ទីម៉ែត្រ និងចោះប្រហោងកណ្ដាល
សម្រាប់ញាត់គ្រាប់បន្លែ រួចចាក់ទឹកឱ្យសើមល្មមចូលក្នុងអេប៉ុង ដោយ
ទុកឱ្យអេប៉ុងជ្រាបទឹកបានល្មម មុននឹងញាត់គ្រាប់បន្លែចូល។ ការ
បណ្ដុះនេះត្រូវប្រើរយៈពេលពីមួយសប្តាហ៍ទៅ១០ថ្ងៃ ទើបយកអេប៉ុងដែល
មានពន្លកបន្លែទៅដាក់ក្នុងកូនកញ្ច្រែងខ្មៅ។ ហើយយកកូនកញ្ច្រែងនេះ
ទៅដាក់នៅក្នុងរន្ធទុយោទឹកដែលចោះជារង្វង់ប៉ុនពែងតែ ដោយទុក
គម្លាតពីគ្នាប្រមាណមួយចំអាមដៃ។
បន្ទាប់មកត្រូវបង្ហូរទឹកចូល ដោយប្រើ
ម៉ាស៊ីនត្រួតពិនិត្យទឹក។ នៅពេលបន្លែដុះបាន១៥ថ្ងៃ គេយកទឹក១០
លីត្រលាយជាមួយជី
AB៣០សេសេ ទៅស្រោចក្នុងថ្នាលនិងគុម្ពបន្លែនីមួយៗ រហូតដល់ថ្ងៃ
ប្រមូលផល ៤០ទៅ៤៥ថ្ងៃ។
លោក សុផល បន្ថែមថាបន្ទាប់មកយកកូនបន្លែទៅ
ដាំក្នុងទុយោបង្ហូរទឹក គេត្រូវប្រក់ប្លាស្ទិកនិងរាយសំណាញ់ពីខាង
ក្រៅរោងដើម្បីការពារកម្ដៅនិងសត្វល្អិត។
«បើយើងអត់ធ្វើរោង ពេលដាំទៅវានៅទីវាល
ពេក
ទាក់ទងហ្នឹងសាឡាត់យកមកពីគេ វាចាញ់កម្ដៅ។ បើយើងធ្វើរោងទៅវា
ប្រក់ប្លាស្ទិកៗហ្នឹងវាUVកាត់បន្ថយកម្ដៅបាន៣០ភាគរយ ហើយសំណាញ់
ខាងៗហ្នឹងយើងបាំងវាកុំឱ្យសត្វល្អិតចូល»។
ការដាំដុះបន្លែរបៀបនេះមានភាពងាយស្រួលជាង
ការដាំដុះលើផ្ទៃដី
ប៉ុន្តែវាចាំបាច់ត្រូវប្រើម៉ាស៊ីនត្រួតពិនិត្យទឹកដើម្បីបូមនិង
ផ្លាស់ប្ដូរទឹកជាប្រចាំ។
«ទំហំទុយោតូច កម្រាស់វាស្ដើង ហើយចំនួនទឹក
តិច ហើយពេលក្ដៅខ្លាំងមកវាធ្វើឱ្យទឹកហ្នឹងក្ដៅ ពេលទឹកហ្នឹង
ក្ដៅ វាធ្វើឱ្យខូចដល់ឫស អាចថារលួយឫសឬការធំធាត់ហ្នឹងយឺត។ ហើយ
ពេលយើងដាក់ម៉ូទ័រឱ្យវាប្ដូរទៅ ទឹកក្ដៅអ៊ុនៗខាងលើវាប្ដូរទៅធុង
ធំខាងក្រោម ហើយធុងធំខាងក្រោមត្រជាក់ ពេលប្ដូរមកធ្វើឱ្យបន្លែ
ហ្នឹងធំធាត់លឿន»។
បញ្ហាប្រឈមចម្បងនៃដាំបន្លែប្រភេទនេះគឺ
ចាញ់នឹងកម្ដៅ និងអាចឆ្លងរោគដែលធ្វើឱ្យស្លឹកបន្លែរួញប្រសិនបើ
ថែទាំមិនបានដិតដល់ ប៉ុន្តែអាចព្យាបាលបានដោយប្រើសារជាតិម្យ៉ាង
ឈ្មោះខ្លរ៉ូរ៉ូម៉ា។
ហើយដើម្បីកម្ចាត់សត្វល្អិតពីបន្លែ គេត្រូវយកថ្នាំជក់១
គីឡូក្រាម លាយជាមួយទឹក២០លីត្រ រួចយកទៅស្ងោរឱ្យពុះរួចទុកឱ្យ
ត្រជាក់ មុននឹងយកទៅស្រោចនិងបាញ់លើបន្លែ។ ការកម្ចាត់សត្វដោយ
វិធីសាមញ្ញនេះមិនមានសារជាតិគីមីនោះឡើយ។
មួយខែៗ លោកសុផល អាចប្រមូលផលបានប្រហែល
១០០គីឡូក្រាម
ដោយដាំលើថ្នាលចំនួនបីរង ដែលមានប្រវែង៦ម៉ែត្រគុណ១០ម៉ែត្រ
១២ម៉ែត្រគុណនឹង១៣ម៉ែត្រ និង១,៥គុណ១០ម៉ែត្រ។ ហើយក្នុងមួយរងលោក
ត្រូវចំណាយថ្លៃដំឡើងចន្លោះពីមួយពាន់ទៅបីពាន់ដុល្លារ។
លោកអាចលក់បានក្នុងតម្លៃ១២.០០០រៀលក្នុង
មួយគីឡូក្រាម
ហើយបន្ទាប់ពីទូទាត់ទៅលើថ្លៃទឹក ភ្លើង ជី និងអេប៉ុងហើយ លោក
ចំណេញបានប្រាក់មួយម៉ឺនរៀលក្នុងមួយគីឡូក្រាមឬប្រហែលមួយលានរៀល
ក្នុងមួយខែ។
បន្លែទាំងនោះត្រូវបានយកទៅផ្គត់ផ្គង់នៅ
តាមហាងអាហារនិងលក់រាយទៅឱ្យអតិថិជនដែលភាគច្រើនជាជនជាតិបរទេស
ហើយតម្រូវការបន្លែប្រភេទនេះកំពុងកើនឡើង ដូច្នេះលោកសុផលគ្រោងនឹង
ជួលឬទិញដីបន្ថែមដើម្បីពង្រីកការដាំដុះនេះ។
អ្នកស្រី ពេញ ច័ន្ទម៉ារីណា ជាអតិថិជនម្នាក់ដែលបានទិញបន្លែសាឡាត់របស់លោក សុផល
ប្រមាណ៥០គីឡូក្រាមក្នុងមួយខែ ដើម្បីយក
ទៅធ្វើម្ហូបកុម្ម៉ង់តាមក្រុមហ៊ុន ថ្លែងថាទោះបីជាតម្លៃខ្ពស់ជាង
បន្លែនៅតាមទីផ្សារបន្ដិចក៏ដោយ ប៉ុន្តែការដាំដុះប្រភេទនេះមិន
ប្រើគីមីដែលប៉ះពាល់ដល់សុខភាព។
«ទីផ្សាររាងថ្លៃជាងគេមែន ប៉ុន្តែកន្លែងហ្នឹង យើងអាចទុកចិត្តបាន។ អត់ប្រើគីមី យើងអាចទុកចិត្តបាន»។
លោក សុផល អះអាងថាការដាំបន្លែដោយប្រើទុយោ
ទឹកនេះសាកសមចំពោះអ្នកដែលមានទីធ្លាដាំដំណាំតូចនិងអ្នកដែលរវល់
ធ្វើកិច្ចផ្សេងទៀត ព្រោះការដាំរបៀបនេះមិនត្រូវការចំណាយពេលថែ
ទាំច្រើននោះទេ។ ហើយមកទល់ពេលនេះមានកសិដ្ឋានលក្ខណៈគ្រួសារប្រភេទ
នេះប្រមាណ១០កន្លែងហើយនៅទូទាំងប្រទេសកម្ពុជា បន្ទាប់ពីប្រជាពលរដ្ឋ
ទាំងនេះបានទាក់ទងឱ្យលោកជួយបណ្ដុះបណ្ដាលនិងដំឡើងរោងឱ្យ។
សូមបញ្ជាក់ថាបច្ចេកទេសដាំបន្លែដោយប្រើ
ទឹកនេះ ត្រូវបានរកឃើញដំបូងដោយអ្នកវិទ្យាសាស្ត្រជនជាតិអង់គ្លេស
ម្នាក់ឈ្មោះ Francis Bacon
នៅសតវត្សរ៍ទី១៧ និងអនុវត្តបានជោគជ័យនៅសហរដ្ឋអាមេរិកនៅដើម
សតវត្សទី២០ ហើយមកទល់ពេលនេះមានប្រទេសជាច្រើនបាន
អនុវត្តបច្ចេកទេសដាំបន្លែប្រភេទថ្មីនេះ៕
___________________________
ប្រភពព័ត៌មានពី៖ វីអូអេ VOA
ប្រភពព័ត៌មានពី៖ វីអូអេ VOA