ចាប់ឆ្មាំពន្ធនាគារ ២នាក់ និងស្ត្រី ២ នាក់ ពីបទចែកចាយ គ្រឿងញៀននៅខេត្តពោធិ៍សាត់

6/03/2014 0 Comments A+ a-


ភ្នំពេញ: មន្ត្រី​អនុរក្ស ឬ​ឆ្មាំ​ពន្ធនាគារ ម​៤ មណ្ឌល​អប់រំ​កែប្រែ ទី​៤ ចំនួន ២​នាក់ និង​ស្ត្រី ២ នាក់ ត្រូវបាន​ចាប់ខ្លួន ពីបទ​ចែកចាយ​គ្រឿងញៀន ក្នុង​ពន្ធនាគារ ម​៤ នៅ​ខេត្តពោធិ៍សាត់​។ ពួកគេ​ទាំងនោះ មានការ​ទំនាក់ទំនង​គ្នា​ជាមួយ ក្នុងការ​ចែកចាយ​គ្រឿងញៀន នៅក្នុង​ពន្ធនាគារ​។ នេះ​បើតាម​ប៉ូលិស​។​
​វេ​ប​សាយ​របស់​ប៉ូលិស​ជាតិ បាន​បង្ហាញថា ករណីនេះ បានកើត​ឡើង កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៤ កន្លងទៅនេះ ក្នុង​ទីតាំង​មណ្ឌល​កែប្រែ​ទី​៤ ដែល​ហៅ​កាត់​ថា (​ម​៤) ស្ថិតក្នុង​ភូមិ​ប្រ​ហ​ស្ថ​ក្បាល ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។
​ជនសង្ស័យ ដែល​សមត្ថកិច្ច​នគរ​បាល ស្រុក​ភ្នំក្រវាញ សហការ​ជាមួយ​នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្តពោធិ៍សាត់ បានធ្វើការ​ឃាត់ខ្លួន​នោះ​៖ ១.​ឈ្មោះ វ៉ា ម៉ូ​រ៉ា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ​, ២. ឡាយ សារិទ្ធ ភេទ ប្រុស អាយុ ២៣​ឆ្នាំ អ្នក​ទាំងពីរ​ជាម​ន្ត្រី​អនុរក្ស (​ម​៤), ៣. ពុំ ម៉ា​នី ភេទ ស្រី អាយុ ៣១​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ និង​ទី​៤. លី គឹម​លីម ភេទ ស្រី អាយុ ៣៥​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកំពង់ឆ្នាំង​។ ស្ត្រី​ទាំង​២​នាក់​នេះ មានការ​ទំនាក់ទំនង​គ្នា​ជាមួយនឹង​មន្ត្រី​អនុរក្ស​ខាងលើ ក្នុងការ​ចែក ចាយ​គ្រឿងញៀន តាម​ចម្លើយសារភាព​។​
​វេ​ប​សាយ​ដដែល បង្ហាញថា ក្នុងការ​ចាប់ខ្លួន​ជនសង្ស័យ ទាំង ៤​នាក់​នេះ សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ រកឃើញ​គ្រឿងញៀន ១៤​កញ្ចប់ ធំ ប្រភេទ​ម៉ា​ទឹកកក មាន​ទម្ងន់ ៥៤,៤៣​ក្រាម​។​
​លោក​វរសេនីយ៍ទោ ស៊ី សា​វិ​ន នាយការិយាល័យ​នគរបាល ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា ជន​ទាំង ៤​នាក់​នេះ ត្រូវបាន​ជាប់ចោទ​ពីបទ​ចាត់ចែង​សារធាតុ ដោយ​ខុសច្បាប់​។ បច្ចុប្បន្ន​ត្រូវបាន​តុលាការ សម្រេច​ដាក់ពន្ធនាគារ​ខេត្តពោធិ៍សាត់ រង់ចាំ​ការបើក​សវនាការ​។​
​ក្នុង​មាត្រា​៥០ នៃ​ច្បាប់​ត្រួតពិនិត្យ​គ្រឿងញៀន គឺ​ជនសង្ស័យ​ទាំង​បួន​នាក់ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធ​ធនាគារ ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ នឹង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន ទៅ ២០​លាន​រៀល​។​
​សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​៤ ហើយ ដែល​សមត្ថកិច្ច នគរបាល​បង្ក្រាប​ករ​ណី​គ្រឿង ញៀន ក្នុង​មណ្ឌល​កែប្រែ​ទី​៤ ដែលមាន​មនុស្ស​ប្រុស​ស្រី ចំនួន ១១​នាក់ ត្រូវបាន​ចាប់ ខ្លួន​បញ្ជូន ទៅ​តុលាការ​ចោទប្រកាន់ មុននឹង​បញ្ជូនទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​៕
ប្រភពពី CEN