គ្រូបង្រៀន បាញ់ស៊ីប នៅសាលា អាវុធហត្ថកំបូល បាញ់កូនជាងខ្លួនឯង ពេលកំពុងផឹកស៊ី
ជនបង្កពេលកំពុងចេញថ្លៃព្យាបាលដល់ជនរងគ្រោះ នៅមន្ទីរពេទ្យ ព្រះកេតុមាលា
ភ្នំពេញ ៖ មន្រ្តីអាវុធហត្ថ
ជាគ្រូបង្រៀន បាញ់ស៊ីប នៅសាលាហ្វឹកហ្វឺន កំបូល ត្រូវបានសមត្ថកិច្ច
រាយការណ៍ថា បានផ្ទុះអាវុធ ត្រូវចំកូនជាង ជួសជុល រថយន្តខ្លួនឯង
បណ្តាលឲ្យរងរបួសធ្ងន់ត្រង់ជើងស្តាំ នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤
ស្ថិតនៅតាមផ្លូវទំនប់លេខ៧០ ក្នុងខណ្ឌទួលគោក ពោលនៅក្នុងកន្លែង
ជួសជុលរថយន្តរបស់ខ្លួន ។ សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាន
បានឲ្យដឹងថា មន្រ្តីអាវុធហត្ថរូបនេះមាន ឈ្មោះ ឡុង នាំស័រ អាយុ៥៣ឆ្នាំ
ពាក់ស័ក្តិ៤កន្លះ ជាគ្រូបង្រៀនបាញ់ស៊ីប នៅសាលាហ្វឹកហ្វាត់កំបូល ។
ដោយឡែក ជនរងគ្រោះ ដែលជាកូនជាង
ខាងបោកគក់ពូករថយន្តនោះ មិនទាន់ស្គាល់ អត្តសញ្ញាណ នៅឡើយទេ។ សមត្ថកិច្ច
បានបន្តទៀតថា មុនពេលកើតហេតុ ជនបង្កជាម្ចាស់យានដ្ឋាន បានជួបជុំផឹកស៊ី
ជាមួយកូនជាង ជួសជុលរថយន្ត របស់ខ្លួន នៅក្នុងហ្គារ៉ាស់ខាងលើនេះ
ស្រាប់តែមិនដឹង មកពីមូលហេតុអ្វី ក៏មានការផ្ទុះអាវុធ ពីសំណាក់
ជនសង្ស័យបណ្តាលឲ្យ ត្រូវចំកូនជាងខ្លួន ឯងរងរបួសធ្ងន់ ។
បើតាមសេចក្តីរាយការណ៍ ជនបង្ករូបនេះ
បានបាញ់ចំជើង ជនរងគ្រោះជា កម្មករផ្នែក បោកគក់កំរាលរថយន្ត បណ្តាលឲ្យ
ចំកាំភួនជើង ខាងស្តាំ។ យ៉ាងណាក៏ដោយ គេមិនទាន់ពីមូលហេតុ ដែលនាំឲ្យមាន
ការបាញ់ប្រហារ ខាងលើនេះ កើតឡើងនោះឡើយ។ ក្រោយកើតហេតុ ជនរងគ្រោះ
ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ព្រះកេតុមាលា (ពេទ្យធំជិតវត្តភ្នំ)
ហើយមួយសន្ទុះក្រោយមក គេបានឃើញជនសង្ស័យ ធ្វើដំណើរទៅកាន់មន្ទីរពេទ្យ
ដើម្បីបង់លុយ ថ្លៃព្យាបាល ជូនជនរងគ្រោះ។
សេចក្តីរាយការណ៍ បានបន្តទៀតថា នៅពេលនេះ
កម្លាំងអាវុធហត្ថ ខណ្ឌទួលគោក ដោយមានបញ្ជាពីលោក រ័ត្ន ស្រ៊ាង
មេបញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជាឲ្យចាប់ខ្លួន
និងនាំខ្លួនទៅកាន់ទី បញ្ជាការដ្ឋាន អាវុធហត្ថ រាជធានីភ្នំពេញ
ដើម្បីចាត់ការបន្តទៀត ដោយឡែក កាំភ្លើងត្រូវបានសមត្ថកិច្ច នាំទៅយក
ដែលជននេះលាក់ទុក នៅកន្លែង ជួសជុលរថយន្តខ្លួនឯង៕
ជនបង្កពេលកំពុងថ្លៃព្យាបាលដល់ជនរងគ្រោះ នៅមន្ទីរពេទ្យ ព្រះកេតុមាលា
ជនរងគ្រោះរងរបួសធ្ងន់ត្រង់ជើងស្តាំ
_____________
ផ្តល់សិទ្ទិដោយ៖dap-news.com