ហេង ស្រីខួច បាន​ត្រឹម​តំណែង​ជា​ស្រី​ស្នេហ៍​គេ

6/03/2014 0 Comments A+ a-

ភ្នំពេញៈ តារាសម្តែងពន្លកថ្មី ដែលធ្លាប់មានឱកាស បានសម្តែងរឿងជាបន្តបន្ទាប់ កញ្ញា ហេង ស្រីខួច បានបង្ហើបឲ្យដឹងថា ក្នុងរយៈពេលដែលនាងសម្តែងរឿង នាពេលកន្លងមក នាងមិនធ្លាប់ ទទួលបានតំណែងជាតួឯកទេ គឺនាងបានត្រឹមតែតំណែង ជាស្រីស្នេហ៍គេតែ ប៉ុណ្ណោះ ។
ថ្លែងប្រាប់ Looking TODAY កាលពីពេលថ្មីៗនេះ តារាស្រីវ័យក្មេងរូបស្រស់សម្បុរស្រអែម កញ្ញា ហេង ស្រីខួច បានប្រាប់ឲ្យដឹងថា ចាប់តាំងពីនាងបានប្រឡូក ក្នុងវិថីសិល្បៈ រហូតដល់ ពេលនេះនាងមានឱកាសបានថតរឿង៣ ដោយរឿងទី១ គឺរឿង “ម៉ឺនុយធ្នាក់អន្ទាក់ស្នេហ៍” រឿង២ “គំនុំស្នេហ៍អតីតជាតិ” និងរឿងទី៣គឺជារឿងថ្មី “ទឹកចិត្តប្រពន្ធ" ទើបតែក្រុងពាលី ត្រៀមថត ក្នុងពេលឆាប់ៗនេះ ដោយរឿងទាំងបីនេះ គឺនាងមិនទាន់មានឱកាស បានសម្តែង ជាតួឯកនៅឡើយទេ ពោលការសម្តែងគឺត្រូវបានអ្នកដឹកនាំរឿងតម្រូវ ឲ្យនាងសម្តែងតែតួស្រី ស្នេហ៍គេតែប៉ុណ្ណោះ ។
បើទោះជាពេលនេះ តារាស្រីពន្លកថ្មីរូបនេះ មិនទាន់មានឱកាសបានគ្រងតំណែង លេចធ្លោ ក្នុងការសម្តែងក៏ដោយក៏ ស្រីខួច បានប្រាប់ឲ្យដឹងថា “ខ្ញុំទើបតែមានវ័យ២០ឆ្នាំ ដូច្នេះឱកាស គឺនៅសល់ច្រើន សម្រាប់ខ្ញុំ ហើយខ្ញុំក៏មិនខ្វល់ ព្រោះថ្ងៃណាមួយឱកាស និងមានសម្រាប់ខ្ញុំ តែទោះជាការសម្តែងមិនទាន់មានភាពលេចធ្លោក៏ដោយ ប៉ុន្តែសន្ទុះការងារមាន ភាពរីកចម្រើន មិនអន់ទេ ” ។
កញ្ញា ស្រីខួច បានប្រាប់ឲ្យដឹងទៀតថា សម្រាប់នាងពេលនេះ មិនទាន់ចង់គិតពី រឿងអ្វីផ្សេង ទេ គឺនាងចង់យកពេលទំនេរពីការសិក្សា ទៅផ្តោតលើការងារសិល្បៈ ឲ្យបានកាន់តែច្រើន ព្រោះពេលនេះនាង កំពុងត្រេកត្រអាលការងារសិល្បៈ ព្រោះក្រៅពីការសម្តែងរឿងនាង ក៏មាន ទទួលថតឈុតខារ៉ាអូខេ ថតស្ពតផងដែរ ។
តារាសម្តែងកញ្ញា ហេង ស្រីខួចមានឪពុកឈ្មោះ ឈុន វ៉ាន់ហេង មានមុខរបរជាជាងតុទូ ម្តាយឈ្មោះ រ៉ន ពៅ ជាមេផ្ទះ មានបងប្អូន៦នាក់ស្រី៣ប្រុស៣ នាងជាកូនទី២ ហើយ បច្ចុប្បន្ននាង កំពុងតែមានក្តីស្រមៃ ចង់ក្លាយជាតារាសម្តែងមួយដួង ដែលមានភាពលេចធ្លោ និងមានកេរ្តិ៍ឈ្មោះល្បី ដូចជាតារាសម្តែង ជើងចាស់ផងដែរ ៕