សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យក្រុមយុវជន ជួបជុំលើកបដា នៅមុខក្រសួងបរិស្ថាន នាថ្ងៃ៥មិថុនាទេ
រាជធានី
ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានសម្រេចថា
មិនអនុញ្ញាតឲ្យក្រុមយុវជន ជួបជុំ លើកបដា នៅមុខក្រសួងបរិស្ថាន
នាថ្ងៃទី៥មិថុនា ឆ្នាំ២០១៤ ដើម្បីប្រារព្ធទិវាបរិស្ថាន
ថ្ងៃ៥មិថុនា ឡើយ។ សាលារាជធានី តម្រូវឲ្យក្រុមយុវជន
ដែលចង់ជួបជុំនោះ គួរតែទៅចូលរួមប្រារព្ធទិវាបរិស្ថាន ថ្ងៃ៥មិថុនា
ជាមួយនឹងក្រសួងបរិស្ថាន នៅខេត្តកែប។ នេះជាលទ្ធផល នៃកិច្ចប្រជុំ
រវាងអាជ្ញាធររាជធានីភ្នំពេញ និងក្រុមយុវជន
កាលពីរសៀលថ្ងៃទី៣មិថុនានេះ។
កិច្ចប្រជុំពិភាក្សានេះ
បានធ្វើឡើងក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ
និងមានការចូលរួមពីតំណាងបណ្ដាញយុវជនកម្ពុជាគឺលោក ទឹម
ម៉ាឡៃ ប្រធានបណ្ថាញយុវជនកម្ពុជា។
លោក ទឹម ម៉ាឡៃ ប្រធានបណ្តាញយុវជនកម្ពុជា
បានលើកឡើងថា ការប្រារព្ធទិវានេះ គឺដើម្បី
ជំរុញឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍លើផលប៉ះពាល់
និងការបំផ្លាញបរិស្ថានដែលកំពុងធ្វើឲ្យមានការប្រែប្រួលប៉ះពាល់ដល់
ការរស់នៅប្រចាំថ្ងៃ
ក្នុងនោះនិងមានអ្នកចូលរួមប្រមាណ៥រយនាក់ជួបជុំគ្នាដង្ហែក្បួន
ពីមុខក្រសួងបរិស្ថាន ទៅមុខក្រសួងកសិកម្ម។
លោកឃួង ស្រេង មានប្រសាសន៍ថា
សាលារាជធានីភ្នំពេញក្នុងដំណាក់កាលនេះ គឺមិន
អនុញ្ញាតឲ្យមានការដង្ហែក្បួនឡើយ
ហើយការមិនអនុញ្ញាតនេះគឺមិនមែនជាការបំបិទសិទ្ធិសេរីភាព
ឬជារឿងនយោបាយ នោះទេ ហេតុផលគឺដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់
ការពារការកកស្ទះចរាចរ ក្នុងរាជធានីភ្នំពេញទាំងមូល។
លោក ទឹម ម៉ាល័យ ប្រធានបណ្ថាញយុវជនកម្ពុជា
បានឲ្យដឹងទៀតថា ក្រុមយុវជនរបស់លោក មិនទាន់សម្រេចបែបណានៅឡើយទេ
ជុំវិញសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ។ ក្រុមយុវជន
នឹងជួបប្រជុំគ្នា មុននឹងសម្រេចថា នៅតែបន្តជួបជុំ
មុខក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៥មិថុនា
ឬក៏ទៅចូលរួមទិវាបរិស្ថាន ជាមួយនឹងក្រសួងបរិស្ថាន នៅខេត្តកែប
នាថ្ងៃទី៥មិថុនា។
យោងតាមលិខិតជូនដំណឹងដែលបណ្ដាញយុវជន
កម្ពុជា ផ្ញើជូនអភិបាលរាជធានីភ្នំពេញបានឲ្យ ដឹងថា នៅថ្ងៃទី៥
មិថុនា ឆ្នាំ២០១៤ បណ្ដាញយុវជនកម្ពុជា សហការជាមួយអង្គការដៃគូមួយចំនួន
និងរៀបចំ ប្រារព្ធទិវាបរិស្ថានពិភពលោកខួបលើកទី៤២
ដោយមានការជួបជុំគ្នានៅមុខក្រសួងបរិស្ថាន
ហើយហែក្បួនចេញទៅក្រសួងកសិកម្ម ដោយលើកបដា
និងលើកឡើងពីផលប៉ះពាល់បរិស្ថាន រួមទាំងកិច្ចការពារព្រៃឈើ ជាដើម៕
ប្រភពពី Free Press Magazine