GMAC គ្រោងប្តឹងមេញុះញង់ ឲ្យមានកូដកម្មហិង្សាកម្មករ នៅតំបន់សេដ្ឋកិច្ច ក្រុងបាវិត
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង ជីម៉ាក់
បានប្រកាសបែបនេះ នៅក្នុងសន្និសីទកាសែត កាលពីល្ងាចថ្ងៃទី៣០ មេសា
ខណៈដែលអាជ្ញាធរក្រុងបាវិត បានបញ្ជាឲ្យកម្មករទាំងអស់
នៅតំបន់សេដ្ឋកិច្ចពិសេស ទាំង២ខាងលើ ផ្អាកការងារអស់រយ:ពេល ២ថ្ងៃ
(២៩-៣០មេសា) ដែលធ្វើឲ្យអ្នកវិនិយោគ នៅទីនោះ ខាតបង់យ៉ាងច្រើន។
លោក កាំង ម៉ូនីកា បានបន្តថា
ខណ:ដែលនិយោជក បានអនុវត្តច្បាប់ទាំងអស់ របស់ប្រទេស លោកប៉ាវ ស៊ីណា
បែរជាមិនគោរពច្បាប់ ហើយឆ្លៀតឱកាសស្វែងរកផលប្រយោជន៍
ពីការដែលរាជរដ្ឋាភិបាល មានការស្ទាក់ស្ទើរ ក្នុងការចាត់វិធាន ការ
តាមច្បាប់ទៅដល់ពួកគេ។ ការពន្យាពេល និងការគ្មានចំណាត់ការ
តាមផ្លូវច្បាប់ដ៏ត្រឹមត្រូវ និងសមស្របណាមួយ
ក្នុងគោលដៅធានាការអនុវត្តច្បាប់ និងមិនត្រឹមតែបណ្តាល
ឲ្យអ្នកវិនិយោគ បាត់បង់ជំនឿលើរាជរដ្ឋាភិបាលប៉ុណ្ណោះទេ
វាក៏អយុត្តិធម៌បំផុត សម្រាប់កម្មករភាគច្រើន ដែលមានបំណងចូលធ្វើការ
ដោយសារសិទ្ធិធ្វើការរបស់ពួកគេ ត្រូវបានបំពានដោយបាតុករទាំងនោះ។
ពួកគេត្រូវខាតបង់ប្រាក់ឈ្នួល ជិត២សប្តាហ៍ កន្លងមក។
លោក កាំង ម៉ូនីកា បានបន្តថា
ដោយសារការខាតបង់ដ៏ធំធេង នាពេលកន្លងមក GMAC សូម ប្រកាសដាច់អហង្ការថា
ក្រុមក្រុមនិយោជក នឹងអនុវត្តយ៉ាងតឹងរ៉ឹងតាមមាត្រា៣៣២
នៃច្បាប់ស្តីពីការងារ ដែលចែងថា “ប្រាក់ឈ្នួល និងអត្ថ ប្រយោជន៍
នឹងមិនត្រូវផ្តល់ជូននោះទេ ក្នុងអំឡុងពេលធ្វើកូដកម្ម”។និយោជកក៏
មិនទទួលខុសត្រូវផងដែរសម្រាប់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍របស់កម្ម
ករក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលបានបញ្ជាឲ្យពួកគេផ្អាកដំណើរការ
សង្វាក់ផលិតកម្មនេះ។
មន្ត្រីមួយរូបដែលប្រចាំការ នៅក្រុងបាវិត
ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ដើមចមបណ្តាលឲ្យ
កើតមានកូដកម្មផ្ទុះឡើង ក្រោយពីបុណ្យចូលឆ្នាំមក ដោយសាររោងចក្រដំឡើង
កង់ស្មាតធិច (smart tech) មានកម្មករ ១.១៥០ នាក់
និងរោងចក្រអេអិនជេខេមបូឌា (A&J) មានកម្មករ ១.៨០៧ នាក់
ត្រូវបានលោកថៅកែ ផ្តល់រង្វាន់លើកទឹកចិត្តបន្ថែម (Bonus) ដល់កម្មករ
ក្នុងម្នាក់ៗ ចំនួន៥០ដុល្លារ
ដោយសារតែពួកគេធ្វើការលើសផែនការប្រចាំឆ្នាំ។
ការផ្តល់ប្រាក់រង្វាន់នេះ
បានលេចឮដល់កម្មកររោងចក្រកាត់ដេរដទៃទៀត
ច្រណែនរួមផ្សំនឹងការញុះញង់ពី លោកប៉ាវ ស៊ីណា ដោយបំផ្លើសករណីនេះថា
“រោងចក្រសន្យាឲ្យប្រាក់ ៥០ ដុល្លា ជាថ្នូរមិនឲ្យកម្មករ
ធ្វើកូដកម្ម ទាមទារដំឡើងប្រាក់ខែ ១៥០ ដុល្លារ
និងទាមទារដោះលែងក្រុមលោក វន់ ពៅ ទៅវិញ”។ កូដកម្មបានផ្ទុះឡើង
ចាប់ពីថ្ងៃទី២១ មេសា បន្តបន្ទាប់ លុះដល់រសៀលថ្ងៃទី២៨ មេសា
ក៏ផ្ទុះហិង្សា បង្កឲ្យមានរបួស និងខូចខាតទ្រព្យសម្បត្តិ
រោងចក្រមួយចំនួន។
ក្រោយពីមានកិច្ចប្រជុំគណ:បញ្ជាការឯកភាព
ខេត្តស្វាយរៀង នាថ្ងៃទី២៨ មេសាមក រោងចក្រទាំងអស់
បានសម្រេចឲ្យផ្អាកដំណើរការ បណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៩ មេសា ដល់ ២
ឧសភា ឆ្នាំ២០១៤ ទើបកម្មករចូលធ្វើការវិញ។ ដោយឡែក
រោងចក្រដំឡើងកង់ស្មាតធិច (smarttech) មានកម្មករជាង ១០០ នាក់
លើកម្មករ ១.១៥០ នាក់ និងរោងចក្រអេអិនជេខេមបូឌា (A&J)
មានកម្មករជាង ៣០០ នាក់ លើកម្មករ ១.៨០៧ នាក់ បន្តចូលធ្វើការជាធម្មតា
ដោយខាងរោងចក្រជួយប្រាក់ ២ ដុល្លារបន្ថែមទៀត ជំនួសថ្លៃរថយន្ត
ដែលផ្អាកមិនបានដឹកជញ្ជូន។
លោក ខេន លូ អគ្គលេខាធិការ GMAC បានបញ្ជាក់ថា
លោកថៅកែរោងចក្រ smart tech និងរោងចក្រ A&J
ដែលបានផ្តល់ប្រាក់រង្វាន់បន្ថែម (Bonus) ជូនកម្មករ
ពុំមានកំហុសនោះទេ។ ការផ្តល់ជូននេះ គឺជាសន្តានចិត្តរបស់លោកថៅកែ
ដើម្បីលើកទឹកចិត្តកម្មករ ដែលខិតខំធ្វើការ ។ ចំណែករោងចក្រ ប្រមាណជាង
៤០ ទៀត នៅក្រុងបាវិត ពួកគេពុំទាន់មានលទ្ធភាពផ្តល់ជូន
ក៏មិនខុសទៅនឹងច្បាប់ការងារនោះទេ។
លោក ខេន លូ បានអំពាវនាវចុងក្រោយ
ដល់រាជរដ្ឋាភិបាល មុនពេលដែលស្ថានភាព មិនអាចស្តារឡើងវិញបាន
មេត្តាចាត់វិធានការពង្រឹងការអនុវត្តច្បាប់ ដើម្បីឲ្យរោងចក្រទាំងអស់
នៅតំបន់សេដ្ឋកិច្ចពិសេសសទាំង២
អាចបន្តដំណើរការរបស់ខ្លួនសារជាថ្មី សម្រាប់ជាប្រយោជន៍
ដល់ប្រទេសជាតិ និងកម្មករ និយោជិតទាំងអស់ ។
លោកក៏បានអំពាវនាវ ដល់កម្មករទាំងអស់
ត្រូវចេះគិតពិចារណា ដោយខ្លួនឯង មិនត្រូវជឿលោក ប៉ាវ ស៊ីណា
ដែលនាំឲ្យខាតបង់ប្រយោជន៍ដ៏ធំ ប្រសិនរោងចក្រ ត្រូវបិទទ្វារនោះ៕
ប្រភពពី Free Press Magazine