ក្រសួងព័ត៌មាន៖ អាជ្ញាធរវាយបង្ក្រាបអ្នកសារព័ត៌កន្លងមក គឺជាការចៃដន្យ
ការអះអាងនេះ ធ្វើឡើងក្នុងកម្មវិធីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក២០១៤ស្តីពី សុវត្ថិភាពអ្នកសារព័ត៌មាននៅកម្ពុជា
នីតិរដ្ឋធានាសុវត្ថិភាពអ្នកសារព័ត៌មាន និងប្រយុទ្ធប្រឆាំងនិទណ្ឌភាព
ដែលប្រារព្ធធ្វើឡើងនៅថ្ងៃសៅរ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៤នេះ
ដែលរៀបចំឡើងដោយ បណ្តាអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ។
រដ្ឋលេខាធិការនៃក្រសួងព័ត៌មាន លោក ថាច់ ផែន
ទទួលស្គាល់ថា បច្ចុប្បន្នស្ថានភាពអ្នកសារព័ត៌មាននៅកម្ពុជា
ពិតជាទទួលរងនូវស្ថានភាពអាក្រក់មែន
ជាក់ស្តែងគឺអ្នកព័ត៌មានរងរបួសធ្ងន់ ស្រាល
ស្របពេលដែលកំពុងបំពេញបេសកកម្មរបស់ខ្លួនតាមវិជ្ជាជីវៈ។ លោកបន្តថា
តែទោះជាយ៉ាងណាបញ្ហាទាំងនេះគឺ កើតឡើងដោយការចៃដន្យតែប៉ុណ្ណោះ
ព្រោះការអនុវត្តច្បាប់របស់រដ្ឋាភិបាលមិនមានបំណង
បង្កឲ្យមានហិង្សាកើតឡើងទេ។
តំណាងក្រសួងព័ត៌មាន និងតំណាងអង្គការអន្តរជាតិ ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ០៣ ឧសភា ២០១៤ (រូបថត ជន ស្រីណុច)
ក្នុងពិធីនោះដែរតំណាងអង្គការ UNESCO
លោកស្រី Anne Lemaistre មានប្រសាសន៍ថា ក្នុងឆ្នាំ២០១៤នេះ
គឺឆ្នាំដែលមានស្ថានភាពអាក្រក់បំផុត
សម្រាប់សុវត្ថិភាពអ្នកសារព័ត៌មាន ដែលតែងតែរងនូវការវាយបង្ក្រាប
ពីសំណាក់អាជ្ញាធរ ដែលមានអ្នកស្លាប់រហូតដល់ទៅ៧៧នាក់ ទូទាំងពិភពលោក។
ជាមួយគ្នានោះ លោកស្រីក៏បានជំរុញ រដ្ឋាភិបាលកម្ពុជា
ពិនិត្យលើច្បាប់មួយចំនួន ដូចជាក្រមព្រហ្មទណ្ឌ ធ្វើយ៉ាងណាជួយ
សម្រួលដល់សុវត្ថិភាពអ្នកសារព័ត៌មានឡើងវិញ ។
លោកស្រី Anne Lemaistre
ក៏បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង នៅពេលដែលដឹងថា
អាជ្ញាធរកម្ពុជាបានវាយបង្ក្រាបអ្នកសារព័ត៌មានរបស់វិទ្យុ VOD
ម្នាក់បណ្តាលឲ្យរងរបួសកាលពីម្សិលមិញ
ខណៈកំពុងយកព័ត៌មានការឃោសនារបស់គណបក្សនយោបាយក្បែរទីលាន
ប្រជាធិបតេយ្យ ។
កាលពីថ្ងៃសុក្រម្សិលមិញ
អង្គការអ្នករាយការណ៍គ្មានព្រំដែន(Reporter Without Borders)
សហការជាមួយ មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
(CCIM) ថ្កោលទោសការប្រើហិង្សាលើអ្នកសារព័ត៌មានVOD
និងស្នើឲ្យមានការស៊ើបអង្កេតលើករណីនេះ
ដើម្បីរកយុត្តិធម៌ជូនអ្នកសារព័ត៌មាន៕
ប្រភពពី vodhotnews.com