ត្រូវបង្កើតផ្លូវយ៉ាងហោច ណាស់ពីរសម្រាប់ខ្លួនឯង

5/29/2014 0 Comments A+ a-

មេរៀនជីវិតមួយ ដែលគេអាចរៀនសូត្រ ពីសត្វកណ្តុរបានគឺ នៅពេលធ្វើរន្ធកណ្តុរ តែងមានរន្ធចេញ យ៉ាង ហោចណាស់ ក៏ពីរដែរ ។ ប្រសិនបើមនុស្ស ចង់ចាប់កណ្តុរ ឲ្យបានគេត្រូវតែស្វែងរក រន្ធចេញទាំងអស់ របស់ វាឲ្យឃើញ ។ បើរកមិនឃើញអស់ទេ កុំស្មានថាចាប់កណ្តុរ បានឲ្យសោះ ។ ជីវិតរស់នៅរបស់មនុស្ស យើងក៏ ដូចគ្នា ប្រសិនបើមិនចង់ឲ្យ ជាប់អន្ទាក់ជីវិត ឬមិនចង់ឲ្យស្ថិត ក្រោមអំណាចគាប សង្កត់របស់បុគ្គលណា ម្នាក់ទេ គេត្រូវសាងផ្លូវ ក្រោយទុកសម្រាប់ ខ្លួនឯងជានិច្ច ។ ជារៀងរាល់ថ្ងៃ គេគួរខិតខំសាងផ្លូវ បម្រុងឲ្យ មានស្ថេរភាព ពោលគឺក្នុងករណី ផ្លូវធំដើរលែងបាន គេអាចដើរផ្លូវតូច ដែលគេសាងឡើង ដោយខ្លួនឯង បាន ។ នេះជាវិធីសាស្ត្រមួយ នាំឲ្យជីវិតឯករាជ្យ និងគេចផុតពីស្ថានភាព គ្មានជម្រើស ។
ឧទាហរណ៍មួយ នៃការសាងផ្លូវបម្រុង ៖ លោក សុខ ជាបុគ្គលិកឆ្នើមម្នាក់ របស់ក្រុមហ៊ុន នាំចេញនាំចូល ។ គាត់ទទួលបន្ទុកផ្នែកឃ្លាំង និងជាអ្នករកទីតាំង ជួលឃ្លាំងសម្រាប់ស្តុកទុក ទំនិញរបស់ក្រុមហ៊ុន ។ តាមរយៈ បទពិសោធន៍ ការងារយូរឆ្នាំ លោក សុខ អាចរកបានឃ្លាំងជួល បានត្រឹមតែរយៈពេល មួយប៉ប្រិចភ្លែក ពោល គឺគ្រាន់តែចុចទូរស័ព្ទ ទៅមិត្តពីរឬបីនាក់ គាត់អាចរកបានទីតាំង ជួលឃ្លាំងដ៏ល្អភ្លាម ។ ចៅហ្វាយ នាយ តែងទុកចិត្ត និងប្រគល់ការងារសំខាន់ៗ ឲ្យគាត់កាន់ជានិច្ច ។ ថ្ងៃមួយជាភព្វ សំណាងមិនល្អ លោក សុខ ស្ទើរតែត្រូវបានបញ្ឈប់ ពីការងារដោយសារ ទំនាស់ពាក្យសំដី អំពីរឿងកំប៉ិចកំប៉ុក ជាមួយចៅហ្វាយ នាយ ។ រឿងមួយនេះធ្វើឲ្យ គាត់ភ្នាក់ខ្លួនព្រឺត ហើយចោទសួរខ្លួនឯង ថាប្រសិនបើគ្មានការងារ សព្វថ្ងៃនេះ ទេ តើខ្ញុំបានប្រភពចំណូល មកពីណាចិញ្ចឹមជីវិត ។
គាត់ចាប់ផ្តើមមើលឃើញថា ជីវិតហាក់ស្ថិត នៅក្រោមអំណាចរបស់ការងារ ដែលជាប្រភពចំណូល តែមួយ គត់ ។ ស្រាប់តែភ្លាមនោះហាក់ដូច ជាមានអ្វីម្យ៉ាងមក បណ្តាចិត្តគាត់ថា ហេតុអ្វីត្រូវពឹងតែលើ ចំណូលមួយ ប្រភព ហេតុមិនព្រមបង្កើត ចំណូលពីប្រភពផ្សេងទៀត ។ អស់រយៈពេលពេញមួយសប្តាហ៍ គាត់ព្យាយាម ស្វែងរកវិធីថ្មី បង្កើតចំណូល ។ ទីបំផុតគាត់រកឃើញថា គាត់អាចរកចំណូល ពីវិស័យអចលនទ្រព្យ បាន ដោយឆ្លៀតពេលធ្វើ នៅចុងសប្តាហ៍ ព្រោះគាត់ស្គាល់គេឯង ច្រើនកាលពីពេលស្វែងរក ឃ្លាំងស្តុកទំនិញ ។
ចាប់ពីពេលនោះមក គាត់តែងពង្រឹង បណ្តាញទំនាក់ទំនង ផ្នែកអចលនទ្រព្យ និងចំណាយពេលរៀងរាល់ ចុងសប្តាហ៍ ធ្វើជាឈ្នួញកណ្តាល នាំអ្នកទិញទៅជួបអ្នកលក់ ។ ត្រឹមតែរយៈពេលពីរឆ្នាំប៉ុណ្ណោះ កម្រៃដែល បានមកពីសេវាកម្មចុង សប្តាហ៍មានបរិមាណច្រើនជាងប្រាក់ខែ នៅក្រុមហ៊ុន នាំចេញនាំចូលពីរដង ។ លោក សុខ នៅតែបន្តស្វែងរក ប្រភពចំណូលថ្មីៗ បន្ថែមទៀតពីលើការងារ និងសេវាកម្មបច្ចុប្បន្ន ។ គាត់ គ្មានភ័យព្រួយអ្វី បន្តិចសោះ ថាការងារនៅក្រុមហ៊ុន នាំចេញនាំចូល នឹងមានស្ថេរភាពឬអត់ ពីព្រោះគាត់ បានសាងផ្លូវថ្មីមួយ ទុកសម្រាប់ដើររួច ជាស្រេចទៅហើយ ។
គ្រប់កាលៈទេសៈ គេត្រូវបង្កើតផ្លូវយ៉ាងហោចណាស់ពីរសម្រាប់ខ្លួនឯង។
និពន្ធដោយ គេហទំព័រសាលារៀន salarean.com
www.lookingtoday.com
www.lookingtoday.com