ខ្ចីម៉ូតូមិត្តភក្តិ ទៅទិញបង្អែម ជ្រុលចង្កូត ចូលរថយន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

5/29/2014 0 Comments A+ a-


crash car
ព្រះសីហនុ ៖ យុវជនពីរនាក់ ខ្ចីម៉ូតូមិត្តភក្តិថា ទៅទិញបង្អែមហូប ខណៈធ្វើដំណើរតាមផ្លូវ ក៏ជ្រុលចង្កូត ទៅបុករថយន្ត បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ។
ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះកើតឡើង កាលពីវេលាម៉ោង ២១និង៥០យប់ថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០១៤ នៅចំណុចស្តុបសុរិយាតូច តាមបណ្តោយផ្លូវឯករាជ្យ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ។ ប្រភពពីសមត្ថកិច្ចនគរបាល ចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា គ្រោះថ្នាក់នេះ បង្កឡើង រវាងរថយន្តកូរ៉េមួយតោនកន្លះ ពាក់ស្លាកលេខ ច ៧៨៤៥ ភព២ ពណ៌ខៀវ ដឹកគ្រឿងភ្លេង និងសណ្តោងម៉ាស៊ីនភ្លើង បើកបរដោយឈ្មោះ សុង វិន ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅក្រុមទី១៤ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AE-8383 បើកបរដោយឈ្មោះ អ៊ួន រិទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅ ម្តុំវត្តក្រោម មានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងឈ្មោះ ឈុំ បូរ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ ស្នាក់នៅជា មួយគ្នារងរបួសធ្ងន់ ។
ប្រភពពីសាក្សីបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តកូរ៉េខាងលើ បើកបរក្នុងទិសដៅ ពីលិច ទៅកើតរួចបត់ឆ្លងស្តុបទៅត្បូង ស្រាប់តែយុវជន២នាក់ខាងលើ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា យ៉ាងលឿន ក្នុងសភាពស្រវឹងផងនោះ ក៏ជ្រុលចង្កូតទៅបុករថយន្តកូរ៉េ កំពុងឆ្លងផ្លូវពេញទំហឹងបណ្តាល ឲ្យអ្នកបើកគៀបជាប់នឹងទ្រុងរថយន្ត បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ចំណែកម្នាក់ទៀត រង របួសធ្ងន់ ។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើតតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូត្រូវបាននគរបាលអូសយកទៅរក្សាទុក នៅការិយាល័យ នគរបាលចរាចរណ៍ ផ្លូវគោកដើម្បីដោះស្រាយតាមច្បាប់ ៕
____________
ផ្តល់សិទ្ទិដោយ៖dap-news.com