មនុស្ស១៣នាក់ស្លាប់ដោយ សារគ្រោះថ្នាក់ចរាចរណ៍២ថ្ងៃ
គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវមួយ ក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១០
ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៣ និង ១៤ មេសា មានមនុស្សជាង ១០នាក់ស្លាប់ និងប្រមាណ ៨០នាក់រងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍។
មន្ត្រីរដ្ឋាភិបាលអះអាងថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ពេលបុណ្យចូលឆ្នាំថយចុះបន្តិច បើប្រើធៀបពេលបុណ្យចូលឆ្នាំកាលពីឆ្នាំទៅ។ ចំណែកមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលសន្និដ្ឋានថា គ្រោះថ្នាក់ចរាចរណ៍នៅតែមានកម្រិតខ្ពស់ដដែល បើប្រៀបធៀបចំនួនគ្រោះថ្នាក់ចរាចរណ៍ពេលចូលឆ្នាំកន្លងទៅ។
យ៉ាងហោចណាស់មនុស្ស ១៣នាក់ស្លាប់ និងប្រហែល ៨០នាក់ របួសធ្ងន់និងស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍មុន និងពេលបុណ្យចូលឆ្នាំខ្មែរ គឺថ្ងៃទី១៣ និងទី១៤ មេសា។
ប្រធាននាយកដ្ឋានសណ្ដាប់ធ្នាប់ក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន បញ្ជាក់នៅថ្ងៃទី១៥ មេសា អំពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីអ្នកបើកបរភាគច្រើនស្រវឹង និងបើកលឿនហួសកំណត់ ដែលភាគច្រើនគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងលើម៉ូតូ។
លោក ហ៊ឹម យ៉ាន៖ «ប្រៀបឆ្នាំទៅ គឺចំនួនអ្នកស្លាប់នេះគឺថយម្នាក់ ហើយរបួសប្រហាក់ប្រហែលគ្នា។ ភាគច្រើន (នៃគ្រោះថ្នាក់ចរាចរណ៍) គឺពាក់ព័ន្ធនឹងអ្នកម៉ូតូប្រហែលជា ៧៥ភាគរយ ហើយម៉ូតូក្នុងមូលហេតុគឺល្បឿននិងស្រវឹងជាធំ»។
លោកថា គ្រោះថ្នាក់ចរាចរណ៍នេះភាគច្រើនកើតឡើងនៅតាមផ្លូវជាតិលេខ៣ និងលេខ៦។
ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍នេះ ប្រធានកម្មវិធីសុវត្ថិភាពចរាចរណ៍នៃអង្គការជនពិការអន្តរជាតិ លោក អ៊ា ចរិយា បានព្យាករថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ពេលបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ នឹងមានកម្រិតខ្ពស់ដូចរាល់ឆ្នាំដដែល ព្រោះថា ពេលបុណ្យចូលឆ្នាំម្ដងៗ ប្រជាពលរដ្ឋខ្មែរចូលចិត្តទិញស្រា និងស្រាបៀទទួលភ្ញៀវ ចំណែកអ្នកបើកបរភាគច្រើនចូលចិត្តបើកបរពេលស្រវឹង ឬក៏មិនខ្វល់រកអ្នកដែលមិនស្រវឹងឲ្យបើកបរជំនួស។
លោកថា ក្រៅពីនេះការពង្រឹងច្បាប់ត្រួតពិនិត្យចរាចរណ៍ពេលបុណ្យចូលឆ្នាំ ក៏មិនបានអនុវត្តដោយសារមន្ត្រីនិងប៉ូលិសចរាចរណ៍ភាគច្រើនឈប់បុណ្យចូលឆ្នាំដែរ៖ «ខ្ញុំគិតថា គ្រោះថ្នាក់នៅតែមានកើតឡើងខ្លាំងដូចកាលពីឆ្នាំមុនៗដែរ ហើយការរឹតបន្តឹងច្បាប់ទៅលើផ្នែកលើការបើកបរហួសល្បឿនកំណត់ក្រោមឥទ្ធិពលជាតិស្រវឹងនៅមានកម្រិតនៅឡើយ ដូចពីឆ្នាំមុនៗដែរ។ ដូច្នេះយើងអាចសន្និដ្ឋានមុនថា មិនខុសប្លែកពីឆ្នាំមុនប៉ុន្មានទេ ហើយមូលហេតុដែលធ្វើឲ្យមានគ្រោះថ្នាក់ពេលបុណ្យចូលឆ្នាំខ្មែរនេះ ភាគច្រើនបណ្ដាលមកពីបើកបរហួសល្បឿនកំណត់ និងការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង»។
គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាដ៏ធំមួយក្នុងចំណោមបញ្ហាផ្សេងៗទៀត កំពុងប្រឈមនៅក្នុងសង្គមកម្ពុជា។ ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអង្គការសង្គមស៊ីវិលមួយចំនួន បានបង្កើតផែនការសកម្មភាពជាតិ សុវត្ថិភាពចរាចរណ៍រយៈពេល ១០ឆ្នាំ គិតចាប់ពីឆ្នាំ២០១១-២០២០ ដើម្បីកាត់បន្ថយអត្រាស្លាប់ និងគ្រោះថ្នាក់ចរាចរណ៍ឲ្យធ្លាក់មកត្រឹម ៥០ភាគរយ នៃចំនួនគ្រោះថ្នាក់ចរាចរណ៍ និងអត្រាស្លាប់កន្លងមក៕