ប៉ូលិស​ខេត្ត​កំពង់ចាម​រង​ការ​ ចោទ​ថា​គំរាមកំហែង​អ្នក​កាសែត

4/16/2014 0 Comments A+ a-

image (11)អ្នក​យក​ព័ត៌មាន​ឱ្យ​សារព័ត៌មាន “ឆន្ទៈ​ខ្មែរ” ប្រចាំ​ខេត្ត​កំពង់ចាម បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​ខ្លួន​ ក្រោយ​ពេល​ដែល​លោក​ទៅ​យក​ព័ត៌មាន​អំពី​សកម្មភាព​អាជីវកម្ម​ឈើ​ខុស​ច្បាប់​នៅ​ស្រុក​តំបែរ។
ការ​បារម្ភ​របស់​លោក សែម ប៊ុណ្ណា នោះ នៅ​ពេល​មាន​សកម្មភាព​ជិះ​ឡាន​ដេញ​បុក​ពី​សំណាក់​អ្នក​កាង​ឈើ​នៅ​ទី​នោះ ដែល​លោក​អះអាង​ថា​ ជា​មេ​ប៉ុស្តិ៍​ប៉ូលិស​ប្រចាំ​ឃុំ​ចុងជៀច ស្រុក​តំបែរ រហូត​ដល់​មាន​ការ​វ៉ៃ និង​ដក​ហូត​កាមេរ៉ា​ពី​រូប​លោក​ទៀត​ផង។ ប៉ុន្តែ​មេ​ប៉ុស្តិ៍​ប៉ូលិស​ចុងជៀច បាន​បដិសេធ​ចំពោះ​បញ្ហា​នេះ ហើយ​បញ្ជាក់​ថា លោក​គ្រោង​នឹង​ប្ដឹង​ទៅ​កាន់​អ្នក​សារព័ត៌មាន​រូប​នោះ​ពី​បទ​បរិហារកេរ្តិ៍​រូប​លោក​ទៀត​ផង។
បន្ទាប់​ពី​មាន​សកម្មភាព​ជិះ​រថយន្ត​ដេញ​បុក និង​មាន​សកម្មភាព​ដេញ​វ៉ៃ ហើយ​ដក​យក​កាមេរ៉ា​ពី​សំណាក់​កូន​ចៅ​របស់​អ្នក​រក​ស៊ី​ឈើ​នៅ​ឃុំ​ចុងជៀច ស្រុក​តំបែរ ខេត្ត​កំពង់ចាម​ ធ្វើ​ឱ្យ​អ្នក​កាសែត​ម្នាក់​ដែល​បម្រើ​ឱ្យ​សារព័ត៌មាន “ឆន្ទៈ​ខ្មែរ” មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​ខ្លួន​នៅ​ពេល​យក​ព័ត៌មាន​លើក​ក្រោយៗ។
អ្នក​កាសែត​ឱ្យ​សារព័ត៌មាន “ឆន្ទៈ​ខ្មែរ” លោក សែម ប៊ុណ្ណា បាន​ឱ្យ​ដឹង​ថា លោក​បាន​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចុងជៀច ស្រុក​តំបែរ កាល​ពី​ថ្ងៃ​១២ មេសា ថា​មាន​សកម្មភាព​អាជីវកម្ម​ឈើ​យ៉ាង​គគ្រឹកគគ្រេង។ លោក​បន្ត​ថា ដោយសារ​តែ​ទទួល​ដំណឹង​នេះ​ហើយ លោក​ក៏​បាន​ទៅ​ថត​រូប​​ពី​សកម្មភាព​លើក​ដាក់​ឈើ​ជា​ច្រើន​កន្លែង​​នៅ​ឃុំ​ចុងជៀច ស្រុក​តំបែរ ខេត្ត​កំពង់ចាម។
ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​លោក​ថត​រូប​បាន​ហើយ ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ដេញ​តាម​ពី​ក្រោយ ដែល​រថយន្ត​នោះ​លោក​អះអាង​ថា ជា​រថយន្ត​​របស់​មេ​ប៉ុស្តិ៍​ប៉ូលិស​ឃុំ​ចុងជៀច ​ដែល​គេ​ដឹង​ថា ជា​អ្នក​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ទិញ​ឈើ​នៅ​ក្នុង​ឃុំ​នោះ​ ជិះ​បម្រុង​បុក​លោក។ ក្រោយ​ពេល​លោក​ជិះ​ម៉ូតូ​រត់​គេច​ទៅ ស្រាប់​តែ​ឃើញ​កម្មករ​ដឹក​ឈើ​ពីរ​នាក់​ជិះម៉ូតូ​មក​តាម​វ៉ៃ និង​បាន​ដក​ហូត​កាមេរ៉ា​ពី​រូប​លោក​ទៀត​ផង។
លោក សែម ប៊ុណ្ណា៖ «ហ្នឹង​ហើយ ពីព្រោះ​ខ្ញុំ​បាន​និយាយ​ថា ឡាន​មេ​ប៉ុស្តិ៍ ពីព្រោះ​ខ្ញុំ​បាន​ជិះ​កាត់​មុខ​ផ្ទះ​គាត់ ឃើញ​គាត់​នៅ​ជូត​ឡាន ដល់​ខ្ញុំ​មក​ថត​នៅ​ត្រពាំង​ជ្រៃ​ហ្នឹង កូន​ចៅ​ដែល​កំពុង​លើក​ឈើ​ហ្នឹង​ចុះ​ពី​លើ​ឡាន លើក​ឈើ​ហ្នឹង​តេ​ហៅ​មេ​គេ​មក​ហ្នឹង។ ដល់​តេ​ហៅ​មេ​គេ​មក ខ្ញុំ​ឃើញ​ឡាន​ដែល​បង គង់ គាត់​កំពុង​ជូត​ហ្នឹង ខ្ញុំ​ឃើញ​ឡាន​ហ្នឹង​មក ខ្ញុំ​ដឹង​ថា ឡាន​ហ្នឹង​មាន​គោល​បំណង​ចង់​កៀរ​ខ្ញុំ ក៏​ខ្ញុំ​ជិះ​រត់​គេច​ទៅ»
លោក​បន្ថែម​ទៀត​ថា កន្លង​មក​លោក​ក៏​ធ្លាប់​ទទួល​រង​ការ​គំរាម​កំហែង​ពី​សំណាក់​ប៉ូលិស​មេ​ប៉ុស្តិ៍​ឃុំ​ចុងជៀច ចំពោះ​ការ​បំពេញ​បេសកកម្ម​របស់​លោក​ដែរ ហើយ​ក្រោយ​ពេល​ដែល​លោក​ត្រូវ​បាន​គេ​វ៉ៃ និង​យក​កាមេរ៉ា រូប​លោក​ក៏​រត់​ចូល​ផ្ទះ​អ្នក​ភូមិ​ដើម្បី​ឱ្យ​គេ​ជួយ។ លោក​បញ្ជាក់​ថា នៅ​ពេល​សម្ងំ​ពួន​នៅ​ផ្ទះ​អ្នក​ស្រុក លោក​ក៏​បាន​​ហៅ​ទូរស័ព្ទ​ទៅ​កាន់​ស្នងការ​ខេត្ត ប៉ុន្តែ​មិន​មាន​អ្នក​លើក​ទូរស័ព្ទ​ លោក​ក៏​ទូរស័ព្ទ​ទៅ​វិទ្យុ អេប៊ីស៊ី (ABC) ដើម្បី​អន្តរាគមន៍ ក្រោយ​មក​សមត្ថកិច្ច​មក​ដល់ កម្មករ​ឈើ​នោះ​បែក​ផ្លូវ ហើយ​អធិការ​ស្រុក​តំបែរ ក៏​បាន​ហៅ​មក​លោក​ដើម្បី​ទៅ​យក​កាមេរ៉ា​វិញ​ ប៉ុន្តែ​ដោយ​ខ្លាច​សុវត្ថិភាព​លោក​មិន​ហ៊ាន​ទៅ​យក​នោះ​ទេ។
នាយ​ប៉ុស្តិ៍​ឃុំ​ចុងជៀច លោក ស៊ឹម គង់ បាន​បដិសេធ​ទាំង​ស្រុង​ចំពោះ​រឿង​ថា រូប​លោក​បាន​បើក​ឡាន​ដេញ​បុក​អ្នក​កាសែត និង​បញ្ជា​ឱ្យ​កូន​ចៅ​ទៅ​វ៉ៃ និង​ដក​យក​កាមេរ៉ា​នោះ ដោយ​លោក​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​នោះ លោក​នៅ​ឯ​ចម្ការ​ឯ​ណោះ​ទេ មិន​បាន​ដឹង​ឮ​រឿង​នេះ​ទេ ហើយ​កន្លង​មក​លោក​ក៏​មិន​ធ្លាប់​បាន​គំរាម​អ្នក​កាសែត​រូប​នោះ​ម្តង​ណា​ឡើយ។
លោក ស៊ឹម គង់៖ «បាទ! ហ្នឹង​ហើយ​ខ្ញុំ​ឱ្យ​អង្កេត​មើល​កន្លែង​កម្មករ​នៅ​ដាំ​ដំឡូង​នៅ​តាប្រើស។ ពេល​កើត​ហេតុ​ម៉ោង​ណាៗ បង​ឯង​ត្រូវ​សួរ​ឱ្យ​ច្បាស់​សិន ហើយ​ពាក្យ​បណ្ដឹង​ហ្នឹង អធិការ​តេ​មក​ខ្ញុំ​ថា មាន​ស្អី មាន​ករណី​វ៉ៃ​អ្នក​សារព័ត៌មាន​ស្អី? ហូ! ដេញ​ឆក់​យក​កាមេរ៉ា ដេញ​បុក​​​អី​ណា​អី​ណី។ ខ្ញុំ​ថា អត់​ដឹង​ផង… ហើយ​ខ្ញុំ​បាន​តេ​សួរ​ឈ្មោះ​ម្នាក់​ហ្នឹង​ទៀត ថា ប៊ុណ្ណា មក​នេះ​មើល៍ ខ្ញុំ​សួរ​មាន​ការ​ចាំបាច់​បន្តិច មាន​ស្អី​ខ្លះ? ករណី​កើត​ហេតុ​នៅ​កន្លែង​ណា? នៅ​ឃុំ​នាងតើត បាន​គេ​ដេញ​ពី​ឃុំ​ចុងជៀច ទៅ​ដល់​ឃុំ​នាងតើត ឥឡូវ​មើល​មកៗ ប្រាប់​ខ្ញុំ​តិច​មើល ខ្ញុំ​សួរ​រ៉ាយរ៉ាប់​ដំណើរ​រឿង​ហ្នឹង​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច។ អត់​មក​ជួប​ខ្ញុំ​ផង»
លោក​បន្ថែម​ទៀត​ថា លោក​មិន​បាន​ពាក់ព័ន្ធ​នឹង​រឿង​រក​ស៊ី​ឈើ​នៅ​ទី​នោះ​ទេ ចំណែក​សកម្មភាព​ឈើ​នៅ​ទី​នោះ​មាន​ខ្លះ​ដែរ ប៉ុន្តែ​លោក​អះអាង​ថា ភាគ​ច្រើន​ប្រជាពលរដ្ឋ​ទិញ​មក​ដើម្បី​ធ្វើ​ផ្ទះ​តែប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា ចំពោះ​ការ​ចោទ​ប្រកាន់​នេះ លោក​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្នងការ​ខេត្ត និង​ទៅ​តុលាការ​ពី​បទ​បរិហារកេរ្តិ៍​រូប​លោក​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះ។
ការ​គ្រោង​ដាក់​ពាក្យ​បណ្ដឹង​នេះ ចាងហ្វាង​សារព័ត៌មាន “ឆន្ទៈ​ខ្មែរ” លោក រុន សារ៉េត ក៏​បាន​អះអាង​ថា នឹង​ត្រៀម​ទទួល​ទៅ​តាម​ផ្លូវ​ច្បាប់ ហើយ​លោក សែម ប៊ុណ្ណា អ្នក​យក​ព័ត៌មាន​នោះ ក៏​បាន​ត្រៀម​ប្តឹង និង​ត្រៀម​ទទួល​ការ​ប្ដឹង​ពី​ខាង​មេ​ប៉ុស្តិ៍​រួច​ហើយ​ដែរ ពីព្រោះ​ខាង​លោក​ក៏​មាន​ភស្តុតាង​គ្រប់គ្រាន់​​ទាក់ទង​នឹង​បញ្ហា​កើត​មាន​មក​លើ​រូប​លោក​នោះ។
ស្នងការ​ខេត្ត​កំពង់ចាម​ លោក ប៉ែន រ័ត្ន មាន​ប្រសាសន៍​កាល​រសៀល​​ពី​ថ្ងៃ​១២ មេសា ថា ​គ្រាន់តែ​ទទួល​បាន​ព័ត៌មាន​នេះ លោក​បញ្ជា​ឱ្យ​ខាង​អធិការ​ចេញ​អន្តរាគមន៍​ និង​បាន​យក​កាមេរ៉ា​ពី​កម្មករ​ឈើ​នោះ​មក​វិញ​ ហើយ​រក្សា​ទុក​នៅ​អធិការ​ស្រុក​ដើម្បី​រង់ចាំ​ម្ចាស់​ទៅ​យក។ លោក​បន្ថែម​ថា នៅ​កន្លែង​នោះ​ពិត​ជា​មាន​សកម្មភាព​ឈើ​ខុស​ច្បាប់​មែន ហើយ​ថ្មីៗ​នេះ អាជ្ញាធរ​ក៏​បាន​ចេញ​បង្ក្រាប​ជា​ញឹកញាប់​ហើយ​ដែរ។ លោក​បញ្ជាក់​ទៀត​ថា មិន​មាន​សមត្ថកិច្ច​ណា​ម្នាក់​មាន​បំណង​អាក្រក់​មក​លើ​អ្នក​កាសែត​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​អ្នក​កាសែត​រូប​នោះ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​អាច​ដាក់​ពាក្យ​បណ្ដឹង​មក​ស្នងការ​ខេត្ត​​កំពង់ចាម បាន៕
ប្រភពពី វិទ្យុអាស៊ីសេរី