សេរី កុសល ពី​អ្នក​ប្រឆាំង​ទៅ​ជា​អ្នក ​លើក​តម្កើង​គូ​សត្រូវ

4/29/2014 0 Comments A+ a-


20140429_08បើ ​ទោះ​បី​ធ្លាប់​ជា​មនុស្ស ដែល​ស៊ី​សាច់​ហុត​ឈាម​គ្នា នៅ​ក្នុង​សង្រ្គាម​ប្រដាប់​អាវុធ និង​សង្គ្រាម​ពាក្ស​សម្ដី ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​ដោយ ក៏​នៅ​ទី​បំផុត​លោក សេរី កុសល បាន​ចុះ​ញ៉ម​ជាមួយ​នឹង​គូ​សត្រូវ​របស់​លោក ដោយ​ពោល​សរសើរ​មិន​ដាច់​ពី​មាត់ អំពី​លក្ខណ​សម្បត្តិ របស់​លោក ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន ថា ជា «មនុស្ស​ល្អ និង​ត្រង់»។
នៅ​ក្នុង​កិច្ច​សម្ភាស​ទាក់ទង​ទៅ​នឹង​ដំណើរ​ ជីវិត​ផ្ទាល់​ខ្លួន ជាមួយ​នឹង ភ្នំពេញ ប៉ុស្តិ៍ នៅ​ក្នុង​ហាង​កាហ្វេ​មួយ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ កាល​ពី​ពេល​ថ្មីៗ​នេះ លោក កុសល បាន​លាត​ត្រដាង​អំពី​ដំណើរ​ជីវិត​ផ្ទាល់​ខ្លួន​របស់​លោក​កាល​ពី​នៅ​វ័យ​ កុមារ គឺ​បាន​ចំណាយ​ពេល​វេលា​ស្ទើរ​តែ​ទាំង​ អស់​ក្នុង​បន្ទាយ​ទាហាន​មួយ​កន្លែង នៅ ឃុំ​ផ្សារ​លើ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ដើម្បី​រៀន​សូត្រ​នៅ​ថ្នាក់​បឋមសិក្សា។ លោក កុសល កើត​ថ្ងៃ ១២ ខែ​តុលា ឆ្នាំ​១៩៥៣ នៅ ឃុំ​ផ្សារ​លើ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ មាន​ចម្ងាយ​ប្រមាណ ៣០០ ម៉ែត្រ​ពី​រូប​សំណាក អ្នក​តា ឃ្លាំង​មឿង។
លោក​បាន​និយាយ​ថា៖ «ខ្ញុំ​រៀន​នៅ​ក្នុង​បន្ទាយ​ទាហាន កាល​ពី​តូច ឪពុក​ខ្ញុំ ឈ្មោះ សេរី ប្រម ជា​ទាហាន​ជំនាន់ បារាំង សម័យ​នោះ​នៅ​បន្ទាយ​វរ​សេនា​តូច​លេខ ១៦ នៅ ពោធិ៍សាត់ ជីវិត​ជា​កូន​របស់​ទាហាន​ពិបាក​ណាស់ ខ្ញុំ​រៀន​នៅ​ក្នុង​បន្ទាយ ដោយ​សារ​ពី​សង្គម​ចាស់ គេ​បង្កើត​ឲ្យ​មាន​សាលា​សម្រាប់​កូន​ទាហាន​រៀន​នៅ​ក្នុង​បន្ទាយ»។
ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់ ទី១២ លោក កុសល បាន​ចេញ​ពី​បន្ទាយ ដើម្បី​បន្ត​ការ​សិក្សា នៅ​ខាង​ក្រៅ​លុះ​ដល់ ឆ្នាំ​១៩៧០ ទើប​បាន​ប្រឡង​ជាប់ បាក់ឌុប នៅ​ក្នុង ខេត្ត​បាត់ដំបង ផ្នែក គណិតវិទ្យា ហើយ​បាន​រៀន​បន្ត​ផ្នែក​វិស្វករ​ស្ពាន​ថ្នល់។ លោក​ឲ្យ​ដឹង​ទៀត​ថា៖ «ជីវិត​ការ​សិក្សា​របស់​ខ្ញុំ រៀន​ផង បើក​បង្រៀន​គួរ​ផង ដើម្បី​រក​លុយ​បន្ថែម សម្រាប់​រៀន​នៅ​សាកល​វិទ្យាល័យ ភ្នំពេញ»។ លោក កុសល ទទួល​បាន​សញ្ញាបត្រ​ផ្នែក រូបវិទ្យា គីមីសាស្ត្រ និង ផ្នែក​គ្រឿង​ម៉ាស៊ីន​ទូទៅ។ លោក​បាន​រៀបការ​នៅ​ក្នុង ឆ្នាំ​១៩៧៥ ក្នុង ខេត្ត​បាត់ដំបង ប្រមាណ​ពីរ​ខែ​មុន​ខ្មែរ​ក្រហម​ចូល​កាន់​កាប់​ប្រទេស។ សព្វ​ថ្ងៃ​ភរិយា​របស់​លោក​ជា​មេ​ផ្ទះ ដែល​មាន​អាយុ ៥០​ឆ្នាំ ហើយ។ លោក​មាន​កូន​ស្រី ប្រុស​ទាំង​អស់ ៦ នាក់​គឺ​កូន​ស្រី​ប្រុស ៣ នាក់ បាន​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក ប៉ុន្មាន​ខែ​មុន​ព្រឹតិ្តការណ៍​ផ្ទុះ​អាវុធ​ដ៏​បង្ហូរ​ឈាម​នៅ​កណ្តាល​ រាជធានី​ភ្នំពេញ​ក្នុង ឆ្នាំ​១៩៩៧ ឯ ៣ នាក់​ទៀត នៅ​ស្រុក​ខ្មែរ ដែល​ខ្លះ​នៅ​រៀន និង​ខ្លះ​ទៀត​ជា​គ្រូ​បង្រៀន។
ដោយ​សារ​សម័យ​សាធារណរដ្ឋ​របស់​លោក​សេនា​ប្រមុខ លន់ នល់ មាន​ការ​ខ្វះ​ខាត​គ្រូ ទើប​គេ​តែង​យក​និសិ្សត ឆ្នាំ​ទី៣ ទៅ​បង្រៀន​នៅ​តាម​វិទ្យាល័យ​នានា ពិសេស​លើ​មុខវិជ្ជា គណិតវិទ្យា និង រូបវិទ្យា ហើយ​លោក សេរី កុសល បាន​បង្រៀន​នៅ​វិទ្យាល័យ បឹងកក់ និង ឥន្ទ្រទេវី។
លោក​បាន​បន្ត​ថា៖ «នៅ ឆ្នាំ​១៩៧៥ ខ្ញុំ​បាន​ទទួល​អាហារូបករណ៍​ទៅ​រៀន​នៅ ប្រទេស​បារាំង តែ​ខក​ខាន​ទៅ​វិញ ដោយ​សារ​តែ​របប​ខ្មែរ​ក្រហម​ចូល​មក​ដល់»។ លោក​ត្រូវ​បាន​ខ្មែរ​ក្រហម ជម្លៀស​ទៅ​រស់​នៅ​ក្នុង ឃុំ​បាក់​ចិញ្ចៀន ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ក៏​ប៉ុន្តែ​ប្រមាណ​ជា​ប្រាំ​ខែ​ក្រោយ​មក​ក៏​ចាប់​ផ្ដើម​រត់​គេច​ពី​របប​នេះ ដោយ​សារ​ខ្មែរ​ក្រហម បាន​ចាប់​យក​ទៅ​រៀន​សូត្រ ដែល​នៅ​ក្នុង​សម័យ​នោះ ការ​យក​ទៅ​រៀន​សូត្រ មាន​ន័យ​ថា យក​ទៅ​សម្លាប់​ចោល។ «ខ្ញុំ​គេច​ខ្លួន​ទៅ ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយ​មាន​ជ័យ សព្វ​ថ្ងៃ​ទី​នោះ​ជា​ព្រំដែន ខ្មែរ ថៃ។ ពេល​នោះ​ខ្ញុំ​រក​ផ្លូវ​រត់​ទៅ ថៃ អត់​រួច ហើយ​ទន្ទឹម​នឹង​មាន​ការ​ជម្លៀស​អ្នក ភ្នំពេញ ទៅ​ច្រើន ទើប​ខ្ញុំ​បន្លំ​ខ្លួន​នៅ​ជាមួយ​អ្នក​ជម្លៀស​ពី ភ្នំពេញ មក​នៅ​ក្នុង ភូមិ​ត្រពាំងថ្ម​កណ្ដាល ឃុំ​ប៉ោចារ ស្រុក​ភ្នំ​ស្រុក»។ យ៉ាង​ហោច​ណាស់​សមាជិក​គ្រួសារ​របស់​លោក កុសល ១៤ នាក់​ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​របប កម្ពុជា ប្រជាធិបតេយ្យ។
លោក សេរី កុសល បាន​បង្កើត​ចលនា​តស៊ូ​មួយ មាន​ឈ្មោះ​ថា ចលនា នាគ​ស នៅ ស្រុក​ភ្នំ​ស្រុក ដែល​ចលនា នាគ​ស នេះ​គឺជា​ការ​បង្កើត​ឡើង​ជា​លើក​ទីពីរ ក្រោយ​ពេល​ដែល​ខ្មែរ​ក្រហម បាន​បំផ្លាញ​ចោល​នៅ​ចុង ឆ្នាំ​១៩៧៩។ លើក​ទីមួយ​លោក កុសល បាន​បង្កើត​ចលនា​នេះ​ប្រឆាំង​នឹង​ខ្មែរ​ក្រហម ដល់​ពេល​បែក​ការ ទើប​ពួក ប៉ុល ពត តាម​ចាប់​លោក ប៉ុន្តែ​លោក​បាន​គេច​ខ្លួន​រួច ហើយ​ទើប​បង្កើត​ជា​លើក​ទីពីរ។
នៅ​ពេល​រំឭក​ដល់​រឿង​អតីតកាល លោក សេរី កុសល បាន​គូស​បញ្ជាក់​ថា៖ «ខ្ញុំ​សឹង​តែ​មិន​ជឿ​ថា អាច​រស់​បាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ទេ ព្រោះ ប៉ុល ពត តាម​ដាន​ខ្ញុំ​រាល់​គ្រប់​ជំហាន​ទាំង​អស់។ ខ្ញុំ​សម្រេច​ចិត្ត​ចូល​បម្រើ​ចលនា​តស៊ូ​លើក​ដំបូង​ខ្ញុំ​បង្កើត​ចលនា​តស៊ូ នាគ​ស នៅ ស្រុក​ភ្នំ​ស្រុក ខ្ញុំ​បាន​ដើរ​ប្រមូល​គ្នី​គ្នា​ខ្ញុំ។ ខ្ញុំ​បង្កើត​ចលនា​នេះ ដើម្បី​ប្រឆាំង​នឹង​ខ្មែរ​ក្រហម​តែ​ម្ដង»។
លោក​បាន​បន្ត​ថា៖ «ពេល​នោះ​ខ្ញុំ​មើល​ឃើញ​វត្តមាន​កងទ័ព វៀតណាម ដែល​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា ប្រទេស​នឹង​គ្រប់​គ្រង​ដោយ វៀតណាម ដែល​ជា​របប​កុម្មុយនីស្ត​ទៀត​ហើយ ទើប​ខ្ញុំ​សម្រេច​ចិត្ត​ចូល​ព្រៃ​តស៊ូ»។
ក្នុង​ភាព​ជា​អ្នក​ដឹក​នាំ​ចលនា​តស៊ូ​នៅ​តាម​ ព្រំដែន លោក កុសល បាន​រៀបចំ​នយោបាយ​ផ្ទៃ​ក្នុង​និង​កម្លាំង​ទ័ព​ដោយ​ផ្ទាល់​ដែល​មាន​ការ​ ប្រមូល​ផ្ដុំ​នៅ ឃុំ​គោក​តាធិន ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​ក្នុង វត្ត​គ្រាស។ «ខ្ញុំ​ដើរ​តួ​សំខាន់​ណាស់​សម្រាប់​រៀបចំ​កលយុទ្ធ​យោធា និង​នយោបាយ និង​ចិត្តសាស្រ្ត​ក្នុង​ចលនា​តស៊ូ ខ្ញុំ​នាំ​ទាហាន​ប៉ារ៉ា​បង្កប់​ចូល​មក​ធ្វើ​សកម្មភាព​តស៊ូ​ខាង​ក្នុង​រហូត​ ដល់ ភ្នំពេញ»។
លោក កុសល បាន​ពង្រីក​កម្លាំង​ចលនា​តស៊ូ​បង្កប់​នៅ​ក្នុង​ប្រទេស ដែល​មាន​មូលដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន ដូចជា ពោធិ៍សាត់ បាត់ដំបង បន្ទាយ​មាន​ជ័យ សៀមរាប កំពង់ធំ និង ស្វាយរៀង។ នៅ​ពេល​នោះ​ហើយ ទើប​ចលនា​តស៊ូ​ប៉ារ៉ា ត្រូវ​បាន​គេ​ដឹង​ទូទាំង​ប្រទេស។ «ខ្ញុំ​បាន​ប្រឹង​ប្រែង​ប្រើ​គ្រប់​កលល្បិច និង​យុទ្ធសាស្រ្ត ដើម្បី​ឲ្យ​មាន​ការ​ឈ្នះ​សង្គ្រាម ដែល​មាន​ស្ថានភាព​តឹង​តែង​បំផុត»។
លោក កុសល បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា ជន​បង្កប់​របស់​លោក​ប្រមាណ ៤០ នាក់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទូទាំង​ប្រទេស​ដើម្បី​យក​ទៅ​ដាក់​គុក និង​បាន​ស្លាប់​ស្ទើរ​ទាំង​អស់ ហើយ​សព្វ​ថ្ងៃ នៅ​រស់​ប្រហែល​ពីរ ឬ​បី​នាក់​ប៉ុណ្ណោះ ដែល​ក្នុង​ចំណោម​នោះ មាន​រូប​លោក​ផង​ដែរ។ ក្រោយ​ពី​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស លោក កុសល ត្រូវ​បាន​ដោះលែង​ចេញ​ពី​គុក​ងងឹត ដែល​លោក​មិន​ដឹង​ថា នៅ​ទីណា​នោះ​ទេ ក្នុង​ដំណាក់កាល វៀតណាម ត្រួត​ត្រា ប្រទេស​កម្ពុជា។
លោក​បន្ត​ទៀត​ថា៖ «នៅ​ក្នុង​ករណី​នេះ​សម្ដេច ហ៊ុន សែន បាន​ស្គាល់​ខ្ញុំ​ច្បាស់​ណាស់​ថា ជា​មេ​ចលនា នាគ​ស។ គាត់​ធ្លាប់​បាន​មាន​ប្រសាសន៍ ប្រាប់​ខ្ញុំ កាល​ពី​ខ្ញុំ​នៅ​កាន់​អភិបាល​រង​ទីមួយ ខេត្ត​បាត់ដំបង ដោយ​គាត់​បញ្ជាក់​ថា ចលនា នាគ​ស ល្បី​ខ្លាំង​ណាស់​ជំនាន់​នោះ ដែល​គាត់​មិន​អាច​តាម​ចាប់​បាន»។
លោក កុសល បាន​គូស​បញ្ជាក់​ទៀត​ថា កាល​នោះ «ខ្ញុំ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​គណបក្ស​ប្រជាជន​ស្អប់​បំផុត»៕
(នៅ​សប្តាហ៍​ក្រោយ លោក សេរី កុសល នឹង​លាត​ត្រដាង​ពី​បញ្ហា​នយោបាយ​នៅ​ក្រោយ​ការ​បោះឆ្នោត ឆ្នាំ​១៩៩៣)
___________________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍