ប្ដីជាប់គុក ប្រពន្ធអត់លុយចិញ្ចឹមកូន ក៏បែកគំនិតលក់ថ្នាំញៀន តែត្រូវប៉ូលិសចាប់ខ្លួន
ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានសមត្តកិច្ចនគបាលប៉ុស្តិ៍ទួលសង្កែ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១ រំលងអធ្រាតឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៤ នៅចំណុចបណ្ដោយផ្លូវលេខ ២៧៣ ជិតអង់ទែនទួលគោក ស្ថិតក្នុងក្រុមទី៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីស្ត្រីរូបនោះកំពុងឈរចែកចាយ។
ស្រ្តីដែលជាជនសង្ស័យដែលត្រូវសមត្តកិច្ចប៉ុស្តិ៍ឃាត់ខ្លួនពីបទ ចែកចាយគ្រឿងញៀននោះ មានឈ្មោះ សុខ វណ្ណនី ហៅ អានី អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវលំ ក្រុមទី៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិថ្នល់បត់ ឃុំមាន់កាម ស្រុកព្រែកកប្បាស់ ខេត្តកែប។
បើតាមការរៀបរាប់ទាំងទឹកភ្នែក ព្រមទាំងការយំស្រែកដ៍គួរឲ្យស្រណោះ និងដោយរន្ធត់ចិត្តពី ស្រ្តីដែលជាជនសង្ស័យរូបនោះបានឲ្យដឹងថា មូលហេតុដែលនាងសម្រេចចិត្តលក់គ្រឿងញៀននោះដោយសារនាងគ្មានជម្រើស អ្វីទៀតទេ ណាមួយនាងត្រូវការលុយដើម្បីយកមកចិញ្ចឹមកូនតូចរបស់នាងដែលទើបមាន អាយុកន្លះខែប៉ុណ្ណោះ ហើយនាងគ្មាននរណាទីពឹងទេ ប្ដីរបស់នាងក៍ត្រូវសមត្តកិច្ចចាប់ដាក់គុកទៀត។ ពេលនេះកូនស្រីតូចរបស់នាងដែលទើបតែកើតបានកន្លះខែ និងជាកូនរបស់នាងកើតមិនគ្រប់ខែទៀតនោះ (កូនកើត៧ខែ) ត្រូវកំព្រាទាំងឪពុកទាំងម្ដាយ ត្រូវបានអ្នកជិតខាងយកទៅចិញ្ចឹម។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលធ្វើការឃាត់ខ្លួនស្ត្រីរូបនោះ កម្លាំងសមត្ថកិច្ចបានធ្វើការល្បាតក្នុងមូលដ្ឋាន លុះមកដល់ចំណុចកើតហេតុស្រាប់តែឃើញស្ត្រីដែលជាជនសង្ស័យរូបនោះ កំពុងឈរចែកចាយគ្រឿងញៀន ដោយមានការសង្ស័យទើបសមត្តកិច្ចធ្វើការឆែកឆេរហើយក៍បានរកឃើញថ្នាំ ញៀនប្រភេទម៉ាទឹកកកចំនួន ៥កញ្ចប់ដែលស្ត្រីរូបនោះលាក់នៅក្នុងកាបូបដៃ រួចក៍ធ្វើការឃាត់ខ្លួនតែម្ដង។
ជនសង្ស័យ និងថ្នាំញៀនចំនួន ៥កញ្ចប់ត្រូវបានសមត្ថកិច្ចនគបាលប៉ុស្តិ៍ទួលសង្កែបញ្ជូនទៅ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីកសាងសុំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់៕