Man Utd បន្តបាក់មុខជាលើកទី២ ក្រោមថ្វីជើងក្រុម Man City

3/27/2014 0 Comments A+ a-

ក្រុងមែនឆេស្ទើៈ ទីបំផុតមហិច្ឆតាសងសឹក ពីសំណាក់ក្រុម បិសាចក្រហម Manchester United ពិតជាមិនអាច ទៅរួច ដោយត្រូវបាន Man City បន្តបំបាក់ទៀតដោយលទ្ធផល ៣-០ យប់មិញនេះបន្ទាប់ពីជើងទី១បានលុត ៤-១ ម្តងហើយ នោះក្នុងព្រឹត្តិការណ៍ពានរង្វាន់ Premier League ប្រចាំសប្តាហ៍ទី៣១ ។
ការប្រកួតដ៏ស្វិតស្វាញនៅកីឡដ្ឋានទឹកដីខ្លួនឯង Old Trafford បិសាចក្រហមមិនអាចធ្វើអ្វីបានសូម្បីតែបន្តិច បើទោះបី ជាទីនេះធ្លាប់ទម្លាក់ក្រុម Olympiakos របស់ក្រិក ៣-០ ក៏ដោយចេញពី Champions នៃវគ្គ១៦ក្រុម ចុងក្រោយនៅ ក្រោយពេលស្ពឹកមុខ ០-៣ ដែរក្រោមថ្វីជើងរបស់ក្រុមហង្សក្រហម Liverpool ក្នុងលីកដូចគ្នា បន្ទាប់ពីទៅស៊ីក្រុម West Ham United ២-០ ដល់ក្នុងផ្ទះទៀតនោះ ។ ការចូលកាន់តំណែងជាគ្រូបង្វឹកបង្គោល David Moyes ជំនួសលោក Sir- Alex Ferguson មិនបានជួយអ្វីដល់ក្រុមនេះបានបន្តិចនៅឡើយទេ ដោយ ទើបតែឈ្នះបានកូនពានបើករដូវកាលមួយ ប៉ុណ្ណោះគឺ FA Community Shield បន្ទាប់ពីឈ្នះក្រុម Wigan ។
ការបន្តរបូតដល់ទៅ៣គ្រាប់ទៀតនេះ សបញ្ជាក់ឲ្យឃើញថា ប្រព័ន្ធការពាររបស់ Man Utd មានការធ្លាក់ចុះជាខ្លាំង ខណៈដែលតំបន់ប្រយុទ្ធលែងមុតស្រួចដូចមុនទៀតហើយ ដោយចាប់ផ្តើមប្រកួតបាន១នាទីរបូតមួយគ្រាប់បាត់ទៅ ហើយពីការធ្វើបានសម្រេចដោយខ្សែប្រយុទ្ធ Edin Dzeko និង Dzeko បន្ថែមគ្រាប់ទី២ទៀតនៅនាទី៥៦ មុនពេល ដែលគ្រាប់ទី៣ធ្វើបានសម្រេចដោយកីឡាករខ្សែបម្រើ Yaya Toure នៅនាទី៩០ ។
យ៉ាងណាមិញសម្រាប់អតីត ខ្សែប្រយុទ្ធឆ្នើម ជនជាតិអង់គ្លេស Wayne Rooney ដែលរកបាន២ គ្រាប់ពេល បិសាចក្រហមលត់ West Ham ២-០ មិនអាចធ្វើអ្វី ក្រុមមេឃខៀវមួយនេះបានទេ ពោលគឺមិនអាចបំបែក ហ្វូងការពារដ៏រឹងមាំ ដើម្បីទម្លុះសំណាញ់ទីអ្នកចាំទី Joe Hart នោះឡើយ ។ ការបន្តបាត់បង់ ៣ពិន្ទុក្នុងទឹកដីទៀត បានធ្វើឲ្យ Man Utd បន្ត ឈរនៅលេខរៀងទី៧ ដដែលដោយមាន ៥១ពិន្ទុដាច់ឆ្ងាយពីតំបន់កំពូលតារាង ខណៈ ដែលគូប្រជែង Man City របស់ លោក Manuel Pellegrini បានរំដោះខ្លួនចេញពីចំណាត់ថ្នាក់ លេខ៣ឡើងទៅ ឈរនៅលេខ២ បណ្តោះអាសន្នជាមួយ នឹង៦៦ពិន្ទុតាមពីក្រោយក្រុមលេខ១ Chelsea តែ៣ពិន្ទុដោយនៅសល់ ២ប្រកួតក្នុងដៃពី ២៩ប្រកួតរបស់ក្លឹប ។
ដូចគ្នាយប់មិញនេះដែរក្រុមកាំភ្លើងធំ Arsenal មិនអាចធ្វើអ្វីក្រុមភ្ញៀវហ្វូងក្ងាន Swansea City បានទេនៅកីឡដ្ឋាន Emirates ដោយបានលទ្ធផលត្រឹម ២-២ ស្របពេលដែលក្រុមភ្ញៀវ Everton បានបំបាក់ក្រុមម្ចាស់ផ្ទះ Newcastle United មិនឲ្យងើបមុខរួច ៣-០ ក្នុង Premier League ដូចគ្នា ៕