កាន់ដាវសាំម៉ូរ៉ៃចូលទៅអុកឡុក ក្នុងពិធីកាត់ចំណងដៃ រងរបួសដាច់កំភួនជើង គួរឲ្យរន្ធត់
ជនរងគ្រោះមានឈ្មោះ ណន សុភារិន ភេទប្រុស អាយុ ២៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានស្រុកកំណើត នៅស្រុកដួនកែវ ខេត្តតាកែវ បានរងរបួសជើងខាងឆ្វេងជាទម្ងន់ ដោយសារដាវសាំម៉ូរ៉ៃខ្លួនឯង ខណៈដែលរត់គេច ពីសាច់ញាតិម្ចាស់ដើមការ។ សាក្សីបានឲ្យដឹងថា ពេលកម្មករកម្មការិនី និងភ្ញៀវជាច្រើន កំពុងរាំសប្បាយក្នុងពីធី កាត់ចំណងដៃនោះ ស្រាប់តែសាច់ញាតិ របស់ម្ចាស់ដើមការ បានឃើញយុវជនម្នាក់ គៀបដាវសាំម៉ូរ៉ៃ នៅនឹងឃ្លៀក ដើរចូលមកមើលគេរាំ ភ្លាមនោះបងប្អូនម្ចាស់ដើមការ បានហៅយុវជនរងគ្រោះដើម្បីសាកសួរ ស្រាប់តែជនសង្ស័យ រត់ចេញពីវង់រាំ ធ្វើអោយដាវនោះ ធ្លាក់ត្រូវជើងខ្លួនឯង រងរបួសតែម្តង។
យ៉ាងណាក៏ដោយ យុវជនឈ្មោះ ណន សុភារិន ដែលរងរបួស បាននិយាយថា របួសជើងរបស់គេ គឺត្រូវបានអ្នកការពារ ពីធីកាត់ចំណងដៃ គប់មួយកាំបិត ខណៈដែលខ្លួនរត់គេច ពីក្រុមទាំងនោះ។ ចំពោះដាវសាំម៉ូរ៉ៃនោះ ពិតជាដាវរបស់ខ្លួនមែន តែដាវនេះខ្លួនទើបតែរើសបាន កំឡុង ២ថ្ងៃមុននេះ។ ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវរថយន្តសង្គ្រោះ របស់មន្ទីពេទ្យបង្អែក ចំការចេក ដឹកយកមកសង្គ្រោះភ្លាមៗ ឯវត្ថុតាងដាវសាំម៉ូរ៉ៃ ត្រូវបានសមត្ថកិច្ចដកហូត យកទៅរក្សានៅប៉ុស្តិ៍ រដ្ឋបាលសង្កាត់លេខ១ រងចាំការដោះស្រាយគ្នា នៅពេលក្រោយ៕
________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ