មកពី​ហូប​ការ​មិត្តភក្តិ​ ត្រូវ​ឡាន​បុក​ស្លាប់​ម្នាក់ ហើយ​អ្នករួមដំណើរ ធ្លាយ​ពោះវៀន​រងរបួស​ធ្ងន់​

3/15/2014 0 Comments A+ a-


Wat-130310​ រាជធានី​ភ្នំពេញ ៖ យុវ​ជន ២​​នាក់ បាន​​ជិះ​​ម៉ូ​តូ​​ម៉ា​ក​និច ឌុប​​គ្នា​​ចេញ​ពី​​ហូប​​ការ​​មិត្ត​ភក្តិ ធ្វើ​ដំ​ណើរ​​ចូល​មក​​ភ្នំ​ពេញ ក៏​ត្រូវ​​រថ​យន្ត​​ហ៊ី​យ៉ាន​ដាយ ១​​តោន​​កន្លះ បើក​​បុក​ពី​ក្រោយ យ៉ាង​​ពេញ​ទំ​ហឹង នៅ​តាម​​ប​ណ្តោ​យ​​ផ្លូវ​ជាតិ​​៣ មុខ​​រោង​ចក្រសួនវឌ្ឍន​: ភូមិ​​ទឹក​ថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​ម្នាក់ និង​ម្នាក់ទៀត​ធ្លាយ​ពោះ ។​
​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ យុវជន​រងគ្រោះ​ទាំង ២​នាក់ បាន​ជិះ​ម៉ូតូ​និ​ច ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1CA 8157 ជិះ​ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៣ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ទំនង​ស្រវឹងស្រា ចេញពី​ហូប​ការ​មិត្តភក្តិ នៅ​ខេត្តកណ្តាល ចូលមក​រាជធានី​ភ្នំពេញ​។ ពេល​ជិះ​ដល់​ចំណុចកើតហេតុ  ក៏ត្រូវ​រថយន្ត ហ៊ីយ៉ានដាយ ប្រភេទ​កូរ៉េ មួយ​តោន​កន្លះ​. ពណ៌​ខៀវ មិន​ចាំ​ស្លាក​លេខ បាន​បើក​បុក​ម៉ូតូ​និ​ច ពីក្រោយ យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ ខ្ទាត​ធ្លាក់​ពីលើ​ផ្លូវ ចូលទៅក្នុង​វាលស្រែ ខូចខាត​ទាំងស្រុង​។​
​ចំណែក​យុវជន ២​នាក់ ជា​ម្ចាស់​ម៉ូតូ គឺ​ម្នាក់​ត្រូវ​រថយន្ត អូស​ជាង ២០​ម៉ែត្រ ទើប​ខ្ទាត​ចេញ ត្រូវស្លាប់​បាត់បង់​ជីវិត យ៉ាង​អ​ណោ​ច​អ​ធ័​ម នៅក្នុង​គុម្ពោត​ព្រៃ ជាប់​ផ្លូវ​ជាតិ​​លេខ​៣ និង​ម្នាក់ទៀត ខ្ទាតចូល​ក្នុង​គុម្ព​ព្រៃ ជុង​នឹង​ដើរ​ឈើ​ធ្លាយ​ពោះ រងរបួស​ធ្ងន់ធ្ងរ ត្រូវបាន​រថយន្ត​សាមុយ មក​ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ហើយ​រថយន្ត​បង្ក ដោយ​ឃើញ​ហេតុការណ៍​មិន​ស្រួល ក៏​ព្យាយាម​បើក​រត់គេចខ្លួន បាត់ស្រមោល​ភ្លាមៗ​។ យុវជន​រងគ្រោះ​ទាំង ២​នាក់ ខាងលើនេះ មិនទាន់​មានអត្តសញ្ញាណ​ទេ ដោយសារ​នៅជាប់​ខ្លួន​របស់​ពួកគេ ពុំមាន​ប័ណ្ណសម្គាល់ខ្លួន​៕
ប្រភពពី វត្តភ្នំ