លោក ហ៊ុន សែន ព្រមាន​ប្រើ​ច្បាប់​ដើម្បី​បង្ក្រាប ​រាល់​សកម្មភាព​ដែល​ប្រើ​ហិង្សា

3/28/2014 0 Comments A+ a-


image (5)លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ប្រើ​ច្បាប់​របស់​ប្រទេស ដើម្បី​ចាត់​វិធាន​ការ ឬ​បង្ក្រាប​រាល់​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា។ ការ​ថ្លែង​បែប​នេះ ទំនង​ជា​សំដៅ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​មេ​ដឹក​នាំ​គណបក្ស​នេះ​ប្រកាស​ថា នឹង​ធ្វើ​សមាជ​ធំ​មួយ​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន​នា​រាជធានី​ភ្នំពេញ នៅ​ចុង​ខែ​មីនា នេះ។
00:00
ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​វារីអគ្គិសនី​ស្ទឹង​អាតៃ ក្នុង​ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា ទាំង​វិស័យ​សេដ្ឋកិច្ច និង​នយោបាយ មាន​ភាព​ប្រក្រតី។ ហើយ​លោក​អំពាវនាវ​ដល់​អ្នក​នយោបាយ និង​ប្រជាពលរដ្ឋ កុំ​ឲ្យ​មាន​ការ​រើសអើង ឬ​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា ដោយសារ​តែ​ប្រកាន់​គណបក្ស​នយោបាយ។
លោក ហ៊ុន សែន បញ្ជាក់​ថា លោក​នឹង​មិន​ខ្វល់​អ្វី​ទាំងអស់​ក្រៅ​តែ​ពី​ការ​ធ្វើ​ឲ្យ​ការ​រស់​នៅ​របស់​ ពលរដ្ឋ​មាន​ភាព​ប្រសើរ​ឡើង និង​រក្សា​នូវ​ដំណើរ​ការ​ធម្មតា ចំពោះ​កម្មករ​រោងចក្រ​កាត់​ដេរ មន្ត្រី​រាជការ និង​កូន​សិស្ស ជាដើម៖ «អា ​ហ្នឹង​គ្រាន់​តែ​បញ្ជាក់​ថា ខន្តី​ញោម ធ្វើ​ម៉េច​ឲ្យ​នៅ​ត្រឹម​កម្រិត​ថា បើ​ត្រឹម​ប៉ុណ្ណឹង​ហើយៗ​ដក​ឃ្លា​ទៅ។ គេ​ថា​ខ្ញុំ​ផ្លែផ្កា​អី​ចុង​ក្រោយ​ទៀត ព្រោះ​ឥឡូវ​ឮ​គេ​ថា​អី​មហា​អី​ទៀត​ហើយ»
ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី គឺ​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា បាន​ប្រកាស​ថា នឹង​ចាប់​ផ្ដើម​ធ្វើ​សមាជ​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ចុង​សប្ដាហ៍​នេះ នៅ​ក្រោយ​ការ​ផ្អាក​ការ​ចរចា​ដោះស្រាយ​ការ​ជាប់​គាំង​នយោបាយ​ជាមួយ​គណបក្ស​ ប្រជាជន​កម្ពុជា។
ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​កំពុង​ពិនិត្យ​មើល​លើ​លទ្ធភាព​នៃ​ការ​ធ្វើ​បាតុកម្ម ប៉ុន្តែ​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​នៅ​ឡើយ។ លោក​ចាត់​ទុក​ការ​ព្រមាន​ផ្លូវ​ច្បាប់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ​ថា គឺ​ជា​ច្បាប់​ព្រៃ៖ «ធម្មតា​ទេ! ច្បាប់​អី​ច្បាប់​ព្រៃ​ច្បាប់​ពួក​កុម្មុយនិស្ត ច្បាប់​ផ្ដាច់​ការ ប្រសិន​បើ​ច្បាប់​សិទ្ធិ​អន្តរជាតិ ច្បាប់​អន្តរជាតិ គឺ​អត់​មាន​អី​ត្រូវ​មក​បង្ក្រាប​យើង​ទេ»
ទាក់ទង​បញ្ហា​នេះ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា កន្លង​មក​ការ​ព្រមាន​បែប​នេះ គឺ​កើត​មាន​ចំពោះ​គណបក្ស​ប្រឆាំង​ដែរ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​ទម្លុះទម្លាយ​ទៅ​ទើប​បាន​ធ្វើ​ការ​ជួប​ជុំ​ជា​បន្តបន្ទាប់។ លោក​បន្ត​ថា ប្រទេស​កម្ពុជា ពុំ​មាន​ស្ថិរភាព​នយោបាយ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ដូច​ដែល​លោក​នាយក​រដ្ឋមន្ត្រី​លើក​ឡើង​នោះ​ទេ៖ «ដំណើរ ​ការ​ម៉េច​ថា​ប្រក្រតី​ម៉េច​កើត! ហាម​ឃាត់​គេ​មិន​ឲ្យ​ប្រើប្រាស់​សិទ្ធិ​របស់​គេ ដែល​មាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​សន្ធិសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស ហើយ​ដែល​ប្រទេស​កម្ពុជា ទទួល​ស្គាល់ ហើយ​ធានា​ការពារ​សិទ្ធិ​ទាំង​នោះ​ទៀត​ផង»
មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មាន​គម្រោង​ធ្វើ​សមាជ​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា នៅ​ទីលាន​ប្រជាធិបតេយ្យ ប៉ុន្តែ​លោក​បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​នេះ​មិន​មែន​ដើម្បី​ទម្លាក់​រដ្ឋាភិបាល ឬ​ធ្វើ​ឲ្យ​សង្គម​មាន​អស្ថិរភាព​នោះ​ទេ៕
ប្រភពពី វិទ្យុអាស៊ីសេរី