ពីមានឈ្មោះថារៀបការ ក្លាយជាទាសករផ្លូវភេទនៅស្រុកចិន
បច្ចុប្បន្ននេះការជួញដូរមនុស្សតាមរយៈរៀបការទៅ ប្រទេសចិន គឺមានបញ្ហាជាច្រើនដែលកំពុងកើតឡើងក្តៅជាងគេមានឪពុកម្តាយខ្លះ មិនដែលបានទទួលដំណឹងកូនស្រីឈឹងរាប់ខែ ខ្លះទៀតដឹងថា កូននៅទីនោះលំបាកហើយមិនដឹងធ្វើម៉េចបានកូនស្រីវិលមកវិញ បានត្រឹមតែប្តឹងទៅប៉ូលិសប្រឆាំងនឹងការជួញដូរ ឬស្ថានទូត ចិន នៅ ភ្នំពេញ ឯកូនស្រីនៅទីនោះវិញ ត្រូវបានគេធ្វើបាបទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទទៀតផង។ ខ្ញុំសូមចែករំលែកពីរបៀបការជួញមនុស្សទៅ ស្រុកចិន បន្ទាប់ពីខ្ញុំបានស្តាប់រឿងរ៉ាវជាក់ស្តែងកើតឡើងនៅទីនោះ ជាមួយស្ត្រីរងគ្រោះនៃការជួញដូរស្ត្រីជាម្តាយជនរងគ្រោះអ្នកបក ប្រែភាសាចិនមន្ត្រីប្រឆាំងនឹងការជួញដូរថា តើរបៀបជួញដូរចេញពីណាទៅណាដល់ណា?
ការជួញដូរស្ត្រីលក់តៗគ្នា
ទៅ ស្រុកចិន ដែលកាលពីប៉ុន្មានឆ្នាំមុន កើតឡើងតែចំពោះស្ត្រី វៀតណាម ទេ ជាពិសេសស្ត្រីរកស៊ីផ្លូវភេទគឺត្រូវ ចិនដីគោកទិញពីផ្ទះយកទៅលក់នៅ ប្រទេសចិន ដែរ។ ឥឡូវនេះ និន្នាការជួញដូរមនុស្សនេះងាកមកស្ត្រីខ្មែរវិញបន្ទាប់ពីរបប នយោបាយ និងសេដ្ឋកិច្ច ចិន និង កម្ពុជា កាន់តែជិតស្និទ្ធគ្នាទៅធ្វើឲ្យជនឱកាសនិយម ចាប់ផ្តើមរកយុទ្ធសាស្ត្រជួញដូរស្ត្រីពីស្រុកខ្មែរទៅស្រុក ចិន។ របៀបជួញដូរនោះគឺ ចាប់ផ្តើមគេធ្វើដូចជា ធ្នាក់ដោយយកបុរសចិនណាម្នាក់រាងធូរធារមករៀបការជាមួយស្ត្រីខ្មែរ ធ្វើជានុយហើយយកទៅនៅស្រុកចិន គឺគេចាប់ផ្តើមបំប៉នទិញឡានឲ្យជិះ មានលុយផ្ញើមកក្រុមគ្រួសារនៅស្រុកខ្មែរ ហើយគេចេញលុយឲ្យមកលេងស្រុកខ្មែរពេលបុណ្យទានជួបជុំឪពុកម្តាយ។ បន្ទាប់មកទៀតគេចាប់ផ្តើមថតរូបស្ត្រីខ្មែរ ដែលបានរៀបការនោះជាមួយនឹងសម្ភារទំនើបៗ ហ៊ឺហា មើលទៅដូចជាទំនងរបស់គេ។ ក្រុមជួញដូរនៅ ស្រុកចិន ចាប់ផ្តើមយករូបថតស្ត្រីនោះមករកដៃគូនៅស្រុកខ្មែរដែលជា មេខ្យល់ ហើយចាប់ផ្តើមធ្វើសកម្មភាពផ្សព្វផ្សាយនៅស្រុកខ្មែររហូតដល់តាម ភូមិជនបទ ហើយមេខ្យល់ជាជនជាតិខ្មែរនោះយកឈ្មោះបុរសៗនៅ ស្រុកចិន មកបញ្ចុះបញ្ជូលឪពុកម្តាយ ដែលមានកូនស្រីក្រមុំ ដើម្បីរៀបការទៅរស់នៅ ស្រុកចិន ឲ្យជីវភាពធូរធារដូចស្ត្រីខ្មែរដែលបានរៀបការនៅ ស្រុកចិន នៅក្នុងរូបថតនេះ ហើយមេខ្យល់ថាគេធានាធ្វើក្រដាសស្នាមរត់ការឲ្យម៉ាចប់ តែកូនកំលោះអត់មកការនៅ ស្រុកខ្មែរ ទេ គឺគេចាំទទួលនៅឯព្រលានយន្តហោះនៅ ប្រទេសចិន ឯណោះ។
នៅពេលដែលឪពុកម្តាយ និងសាមីខ្លួនយល់ព្រមផ្តិតមេដៃរៀបការឲ្យគេភ្លាម គឺមេខ្យល់ឲ្យលុយ ៥០០ ដុល្លារភ្លែតថ្លៃទឹកដោះ។ នៅពេលដែលឯកសាររត់ការទាំងអស់បានចប់សព្វគ្រប់ គេទិញសំបុត្រយន្តហោះឲ្យភ្លាមអាចចេញពី ភ្នំពេញ ឬក៏ពី ខេត្តសៀមរាប ឆ្ពោះទៅ ប្រទេសចិន គឺសាមីខ្លួនជាស្ត្រីដែលបញ្ជាក់ថា រៀបការរួចហើយហ្នឹងជិះយន្តហោះទៅតែម្នាក់ឯងទេទាំងមេខ្យល់ ទាំងឈ្មួញជួញដូរមនុស្សនោះ មិនជិះជាមួយនឹងស្ត្រីខ្មែរនោះទេ ព្រោះពួកគេដឹងមុន អាចជាប់ពាក់ព័ន្ធការជួញដូរនោះ។ នៅពេលទៅដល់ខេត្តគោលដៅ នៅ ប្រទេសចិន គឺមានក្រុមគេម្នាក់ ឬក៏ ២នាក់ ណាត់គ្នាមកយកទៅកន្លែងប្រមូលផ្តុំមួយ ប្រៀបដូចជាទំនិញបោះដុំអ៊ីចឹង។ គេដាក់ស្ត្រីដែលទើបទិញបានថ្មីៗឲ្យអង្គុយតម្រៀបគ្នានៅក្នុង បន្ទប់កញ្ចក់មួយ ដូចដាក់ម៉ូតូលក់ក្នុងឃ្លាំងអ៊ីចឹង ហើយឲ្យភ្ញៀវបុរសៗណាដែលរកប្រពន្ធ ឬក៏ជាស្រីកំដរផ្លូវភេទ ទិញទៅតាមតម្លៃ និងសម្រស់ស្អាត ឬក៏មិនសូវស្អាតទៅតាមហ្នឹង មានចាប់ពី ១ ម៉ឺនជាងទៅជាង ២ ម៉ឺនដុល្លារគឺបីដូចជាជួញដូរមនុស្សជាប្រព័ន្ធ។ ស្ត្រីដែលទិញពីស្រុកខ្មែរ ពួកគេចំណាយអស់តែ ២ ទៅ ៣ ពាន់ដុល្លារដល់ពេលលក់ចេញវិញចំណេញ ១០ ដង ហើយអ្នកដែលមកទិញនោះ មិនមែនជាអ្នកមានទៀត ភាគច្រើនសុទ្ធតែអ្នកក្រ ខ្លះជាងផ្សាដែក ខ្លះកសិករ ឬខ្លះឡើងភ្នំរកអុស តែចង់បានកូន ព្រោះចិនខ្លាចដាច់សែស្រឡាយ អ៊ីចឹងខំសន្សំលុយ គ្រួសារខ្លះស្រាក់លុយគ្នា ទម្រាំតែបានគ្រប់ទៅទិញស្ត្រី នៅកន្លែងដាក់តាំងលក់នោះគឺលក់ទិញទំនិញអ៊ីចឹង។
នៅ ស្រុកចិន ករណី ទី១ ស្ត្រីខ្មែរដែលត្រូវបានគេលក់ទៅឲ្យ បុរស ចិន ម្នាក់ដែលមានជំងឺស្កន់ជាន់ (ឆ្កួតជ្រូក) ដែលមានមុខរបរជាអ្នករកអុសជាមួយម្តាយនៅជើងភ្នំ។ មា្តយនោះចង់ឲ្យកូនគាត់មានចៅដើម្បីតវង្សត្រកូល។ បុរស ចិន មានជំងឺស្កន់ជាន់ទេ តែចេះរួមភេទ ១ យប់ពី ៥-៦ ដង ស្ត្រីខ្មែរឯណេះមិនប្រកែកទេ ខ្លាចគេវ៉ៃ សម្ងំទាំងឈឺទាំងជាទៅហើយនៅពេលដែលស្ត្រីនោះមានរដូវសោះ ក៏ប្តីវ៉ៃដែរ ដោយចោទថា លួចផឹកថ្នាំទម្លាក់កូនចេញ។ ស្ត្រីខ្មែរនោះតែគេវ៉ៃហើយគឺគ្មាននរណាគេជួយទេ ម្តាយនោះ ក៏មិនជួយឃាត់ដែរ និយាយ ឲ្យចំទៅគឺស្ត្រីខ្មែរនោះ គ្រាន់ជាម៉ាស៊ីនបង្កើតកូនទេ។ រហូតមកដល់ពេលនេះ មិនទាន់មានកូនទេ តែស្ត្រីនោះរស់នៅយ៉ាងវេទនា ហើយពិបាកម៉ាចប់តាំងពីភាសា ការហូបចុកខុសគ្នាសិទ្ធិដើរហើរត្រូវបានបិទប៉ាស្ព័រត្រូវបានគេ ដកអស់នៅសល់តែទូរស័ព្ទមួយគត់ហើយត្រូវទៅធ្វើការជាមួយប្តីរក អុសនៅលើភ្នំនិងរែកទឹក។ នៅពេលលំបាកពេកទូរស័ព្ទប្រាប់ឪពុកម្តាយថា ពិបាកទ្រាំណាស់ជាងស្រុកខ្មែរទៀតមិនដឹងថាត្រូវធ្វើម៉េចទេ។ ណាភាសាចិនអត់ចេះចង់ទៅប្តឹងមិនដឹងជាប្តឹងនៅឯណា ស្រុកចិន ធំណាស់សុទ្ធតែគ្នាគេទាំងអស់ហើយស្ថានទូត ខ្មែរ មានតែនៅ ទីក្រុងប៉េកាំង ទេនិងកុងស៊ុលនៅខេត្តមួយចំនួន។ ឪពុកម្តាយបានត្រឹមតែអាណិតកូនយំសោកបោកខ្លួនមិនដឹងថា ត្រូវធ្វើម៉េចឲ្យកូនបានវិលត្រឡប់មកស្រុកខ្មែរវិញទេហើយ ស្ថានកុងស៊ុលខ្មែរគ្រប់គ្រងតំបន់មួយមិនអាចជួយទទួលខ្មែររស់នៅ ក្រោមការគ្រប់គ្រងកុងស៊ុលខ្មែរខេត្តផ្សេងទៀតបានទេ។
នៅ ស្រុកចិន ករណី ទី២៖ មានករណីប្តីធ្វើបាបដូចករណី ទី១ ដែរ មានស្ត្រីខ្មែរ ២នាក់នាំគ្នាលួចរត់ចេញពីផ្ទះទាំងយប់តែមានម្នាក់មានប៉ាស្ព័រ ហើយម្នាក់ទៀតគ្មានប៉ាស្ព័រទេគឺត្រូវគេដកទុកនាំគ្នារត់មកដល់ កុងស៊ុលខ្មែរនៅខេត្តមួយនៅពេលស្ត្រីដែលមានប៉ាស្ព័រគឺអាចទិញ សំបុត្រយន្តហោះត្រឡប់មកស្រុកខ្មែរវិញ តាមរយៈឲ្យឪពុកម្តាយផ្ញើលុយពីស្រុកខ្មែរទៅ។ តែស្ត្រីដែលគ្មានប៉ាស្ព័រ គឺមន្ត្រីកុងស៊ុលខ្មែរនៅទីនោះមិនចេញលិខិតបញ្ជូនចេញដែលមានតម្លៃ ដូចប៉ាស្ព័រចំពោះករណីចាំបាច់ទេគឺមានតែបញ្ជូនស្ត្រីនោះត្រឡប់ ទៅផ្ទះវិញ ហើយធានាថា មិនឲ្យបាត់ស្ត្រីនោះទេ ព្រោះច្បាប់នៅ ចិន គឺទាល់តែដោះស្រាយលែងលះតាមផ្លូវច្បាប់នៅស្រុកនេះសិនបានបញ្ជូន ចេញទៅស្រុកកំណើតវិញបាន។ នៅពេលដែលបញ្ជូនដល់ផ្ទះវិញនោះ គឺគេធ្វើបាបហើយចាក់សោ ៣ ជាន់ហើយដកទូរស័ព្ទអស់គឺចប់តែម្តង បើមិនស្លាប់ទេក៏ឆ្កួតដែរ។
នៅ ស្រុកចិន ករណី ទី៣៖ មានករណីស្រដៀងគ្នា មានតាំងពីការធ្វើបាបបបួលគ្នាបាន ៥នាក់ លួចរត់ចេញពីផ្ទះ ពីខេត្តផ្សេងៗមកស្ថានកុងស៊ុលខ្មែរនៅ ទីក្រុងសៀងហៃ។ មានស្ត្រីម្នាក់នោះ គ្រាន់តែឃើញរូបថត សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ប៊ុន រ៉ានី នៅមុខស្ថានកុងស៊ុលខ្មែរនៅ សៀងហៃ គាត់ថា ហាក់បីដូចជា គាត់រស់ឡើងវិញអ៊ីចឹង គាត់លុតជង្គង់សំពះរូបសម្តេចតេជោ និងលោកជំទាវតែមានដូចក្តីស្រមៃឯណា គឺមានតែមន្ត្រីទូតចាប់បញ្ជូនស្ត្រីនោះត្រឡប់ទៅផ្ទះវិញហើយ ៤ នាក់ទៀតក៏ដូចគ្នាដែរ ហេតុផលគឺអត់ ប៉ាស្ព័រ ទាំង ៥នាក់។ បើមានប៉ាស្ព័រគឺគេអាចទិញសំបុត្រយន្តហោះដោយខ្លួនឯងបានមិន ចាំបាច់ឲ្យស្ថានទូតឬកុងស៊ុលជួយទេ។
បើដឹងថាច្បាប់ ស្រុកចិន វាដូច្នេះមែនចុះហេតុអ្វីបានជានៅពេលដែលស្ត្រីរងគ្រោះត្រូវបាន គេជួញដូរសោះ និងគេធ្វើបាបស្ត្រីខ្មែរយ៉ាងវេទនា គ្នាខំរត់ពីណាពីណីឲ្យជួយបែរជាមន្ត្រីកុងស៊ុលខ្មែរនៅទីនោះ ទុកគាត់នៅទីនោះ ផ្តល់អាហារ និងផ្តល់ជម្រកសិនទៅចាំគិតគ្នាក្រោយ? ឬមួយបើខ្លួនធ្វើមិនកើតទេ ហេតុអ្វីមិនធ្វើការទំនាក់ទំនងជាមួយអង្គការ IOM នៅ ប្រទេសចិន ដើម្បីធ្វើសំណុំបែបបទបញ្ជូនស្ត្រីដែលរងគ្រោះដោយសារការជួញដូរមក ស្រុកខ្មែរវិញ? ហេតុអ្វីបានជាឯកឧត្តម លោកជំទាវនៅទីនោះ សុខចិត្តឱបដៃ មើលស្ត្រីខ្មែររងទុក្ខវេទនាក្នុងសមុទ្រទឹកភ្នែកដូច្នេះ? ម្នាក់ៗឲ្យតែបានទៅធ្វើមន្ត្រីទូត គឺឡើងកូតសម្បើមណាស់ ដឹងតែពីរឿងប្រាក់ចំណូល ហ៊ឺហាដើរលេងនៅស្រុកគេហ្នឹងទេ ភ្លេចខ្មែរគ្នាឯងវេទនាទៅនោះអស់រលីងហើយ។
នៅមានសំណួរថា ហេតុអ្វីបានជាស្ត្រីរងគ្រោះខ្លះមិនទាន់មានអត្តសញ្ញាណប័ណ្ណ ឬក៏ប្រើអត្តសញ្ញណប័ណ្ណមីងផងទៅធ្វើប៉ាស្ព័រ ហើយខាងប៉ាស្ព័រចេញឲ្យបានយ៉ាងធូរស្រួលម៉្លេះ? យ៉ាងណាមិញ ឪពុកម្តាយខ្លះ មិនមែនក្រទេគឺមកពីចង់មានចង់បានហួសហេតុពេកចង់អួតអ្នកភូមិ ថា គាត់គ្រាន់បើជាងគេ ជាងឯងនោះ តាមពិតគេយកទៅលក់នៅស្រុកគេសោះ អ៊ីចឹងហើយអ្នកដែលមានកូន ត្រូវប្រយ័ត្នចំពោះមេខ្យល់មកប៉្រូតាមភូមិនោះ។ សូមកុំភ្លេចថា ក្រឡាចិន គឺខ្ពស់ណាស់ គេហ៊ានទិញយើងតម្លៃប៉ុណ្ណឹងគេប្រើយើងទាល់តែអស់ថ្លៃ ហើយបើបានកូនមួយគឺអាចយកស្ត្រីរងគ្រោះទៅលក់បន្តទៅទៀតបានខាត បន្តិចបន្តួច គឺគេយកហើយ ឲ្យតែបានកូន។ រីឯមន្ត្រីប៉ូលិសប្រឆាំងនឹងការជួញដូរមនុស្សគួរណាស់តែមានអ្នក ចេះភាសា ចិន ផងដែរដើម្បីធ្វើអន្តរាគមន៍បានទាន់ពេលវេលា។ ជាសរុបមកវិញរាជរដ្ឋាភិបាល គួរគិតឡើងវិញ រឿងមន្ត្រីទូត និងមន្ត្រីកុងស៊ុលនៅ ប្រទេសចិន មិនមានការអាណិតអាសូរស្រ្តីខ្មែរ ដែលត្រូវគេជួញដូរ និងជាទាសករផ្លូវភេទនៅ ស្រុកចិន នោះផង៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com
ប្រភពពី ភ្នំពេញប៉ុស្តិ៍