លោក​ហ៊ុន សែន​៖ កម្ពុជា បាន​តាមដាន​និង​ស៊ើបអង្កេត ករណី​បាត់​យន្តហោះ​ម៉ាឡេស៊ី តាំងពី​ថ្ងៃ​បាត់​ដំបូង​​

3/22/2014 0 Comments A+ a-


លោកនាយក ​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា កម្ពុជា មិន​បាន​ព្រងើយកន្តើយ​ចំពោះ​ការ​បាត់​យន្តហោះ​ម៉ាឡេស៊ី​នោះទេ គឺ​កម្ពុជា​បាន​ចាប់ផ្តើម​ស៊ើបអង្កេត និង​តាន​ដាន​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដោយ​ស្ងៀមស្ងាត់ តាំងពី​ថ្ងៃ​បាត់​យន្តហោះ​នោះ​ដំបូង​។​

​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃ​សុក្រ​នេះ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា តាំងពី​មាន​ហេតុការណ៍​បាត់​យន្តហោះ​ម៉ាឡេស៊ី MH370 កាលពី​ថ្ងៃ​ទី​០៨ ខែ​មីនា​មក ក្រសួង​ការពារជាតិ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ធ្វើ​ការស៊ើបអង្កេត និង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ សិក្សា​ទៅ​លើ​តំបន់​ដែល​សង្ស័យ​។ លោក​បន្តថា កម្ពុជា ក៏​ស្វាគមន៍​ចំពោះ​បណ្តា​ប្រទេស​នានា និង​ភាគី​ពាក់ព័ន្ធ ដែល​ចង់​មក​ស្រាវជ្រាវ និង​ស្វែងរក​យន្តហោះ​ម៉ាឡេស៊ី​នោះ ក្នុង​ទឹកដី​កម្ពុជា​ផង​ដែរ ប្រសិនបើ​មាន​ការសង្ស័យ​ណាមួយ​នោះ​។​

កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​ឲ្យចេញ​ឧទ្ធម្ភាគចក្រ ធុន​Z9 ចំនួន​៤​គ្រឿង និង​នាវា​P46 ចំនួន​២​គ្រឿង ព្រមទាំង​កងកម្លាំង​មួយចំនួន ចូលរួម​ប្រតិបត្តិ​ការជួយ​ស្វែងរក​យន្តហោះ​ម៉ាឡេស៊ី ដែល​បាត់​អស់​រយៈពេល​ជាង​១០​ថ្ងៃ​មក​ហើយ នៅតាម​កោះ និង​ដែនសមុទ្រ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​។

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ រាជរដ្ឋាភិបាល​កម្ពុជា ក៏​សម្តែង​ការសោកស្តាយ​ចំពោះ​ឧបទ្ទវហេតុ​បាត់​យន្តហោះ​ម៉ាឡេស៊ី​MH370​ផងដែរ ​។

យន្តហោះ​ម៉ាឡេស៊ី​ប្រភេទ ​Boeing 777 (​ជើងហោះហើរ​MH370) ដឹក​អ្នកដំណើរ​ចំនួន​២២៧​នាក់ និង​អ្នកបម្រើ​លើ​យន្តហោះ ១២​នាក់ (​សរុប ២៣៩​នាក់​)​។ យន្តហោះ​នោះ​បាន​បាត់​ចេញពី​ប្រព័ន្ធ​ទំនាក់ទំនង កាលពី​ម៉ោង​ជាង​១២​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​០៨ ខែ​មីនា នៅពេលដែល​បាន​ចេញដំណើរ​ពី​ទី​ក្រុងកូឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ទៅ​កាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន បាន​ពីរ​ម៉ោង​។ រហូតមកដល់​ថ្ងៃ​ទី​២១ ខែ​មីនា​នេះ គេ​នៅ​ពុំ​ទាន់​រកឃើញ​តម្រុយ​ណាមួយ ជុំវិញ​ការបាត់​យន្តហោះ​នេះ​នៅឡើយ​ទេ​៕

VOD