ហ៊ុន សែន ចំអក​បក្ស​ប្រឆាំង​ពី​ អង្គរក្ស​និង​តៃកុង​ឡាន​ ថាប្រាក់​ឈ្នួល​តិច

3/12/2014 0 Comments A+ a-

ជាថ្មីម្ដងទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងរិះគន់ចំអក ទៅនឹងការសុំដំឡើងប្រាក់ឈ្នួលរបស់កម្មករ ទាមទារ១៦០ដុល្លារ ក្នុងមួយខែ ដោយផ្តោតទៅលើ មេដឹកនាំគណបក្សប្រឆាំងថា អង្គរក្សនិងតៃកុងឡានរបស់ខ្លួន បានប្រាក់ខែត្រឹមតែ៨០ដុល្លារប៉ុណ្ណោះ ក្នុងមួយខែ។

លោកហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ ក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ពលរដ្ឋ នៅក្នុងខេត្តស្ទឹងត្រែង កាលពី ទី២១ មករា ឆ្នាំ២០១២។ (រូបថតផ្ដិតពីវីដេអូទូរទស្សន៍ជាតិ)
វិបត្តិការងារ - ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ដល់គរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលមិនមានលទ្ធភាព ក្នុងការបើកប្រាក់ឈ្នួលឲ្យកម្មករ ដល់ទៅ១៦០ដុល្លារនោះទេ។ លោក​នាយករដ្ឋមន្ត្រី ព្រមទាំងរិះគន់និងចំអកអ្នកទាមទារប្រាក់ឈ្នួល ឲ្យកម្មករដល់ទៅ១៦០ដុល្លារថា អ្នកនិយាយម៉េច​ក៏បានដែរ ចង់ឡើងម្នាក់២លាន ៣លាន ៥លាន ស្រេចតែចិត្តចង់ ប៉ុន្តែអង្គរក្សនិងតៃកុងឡានរបស់ខ្លួនឯង បានតែ​៨០ដុល្លារទេ។ លោកបានថ្លែងចំអកទៀតថា៖ «៨០ដុល្លារគាត់ទើបសុំឡើងផង ទៅតាមទារ១៦០ បើអ្នកនៅជា​មួយ​ខ្លួនបានត្រឹមតែ៨០ ហើយបើអ្នកដាំបាយឲ្យខ្លួនកាន់តែយាប់ទៀត ឲ្យគ្នាតែ២៥ម៉ឺនទេក្នុងមួយខែ ហើយគេមិនព្រម​នៅជាមួយ គេរត់ទៅផ្ទះវិញ ឲ្យរកថែមទៀតពីកំពតមកអាហ្នឹងខ្ញុំដឹង»។
លោកបាននិយាយដូច្នេះថា៖ «មុននឹងឲ្យគេ១៦០ដុល្លារ ម៉េចក៏មិនឲ្យអ្នកក្បែរខាងទៅ។ អាហ្នឹងមានតែរឿងអ្នក​លក់​គុយទាវ ទៅស្ម័គ្រស្មោះនឺងបាតុកម្ម ទារ១៦០។ ពេលត្រឡប់មកវិញ អ្នកនៅហាងខ្លួនទារ១៦០ដែរ។»។
ឆ្លើយតបទៅនឹងការចំអក របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នោះ លោកយឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិបានថ្លែងថា បុគ្គលិកទាំងអស់របស់គណបក្សសង្គ្រោះជាតិ គឺធ្វើការស្ម័គ្រចិត្តដើម្បីជួយបក្ស និងជួយ​ជាតិ គឺពួកគាត់លះបង់ពេលវេលារបស់ពួកគាត់ដើម្បីជួយ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «បុគ្គលិករបស់យើង ពុំ​មែនជាបុគ្គលិករដ្ឋាភិបាល ដែលប្រព្រឹត្តិអំពើពុករលួយនោះទេ គឹពួកគាត់ស្ម័គ្រចិត្តធ្វើការដើម្បីជាតិ គាត់មាន​អាជីព​ផ្សេងក្រៅពីការងារស្ម័គ្រចិត្តនេះ»។
ចំនែកឯលោក ចៅ តុល មេបញ្ជាការរងកងអង្គភាពអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តី បានថ្លែងថា លោកមិនអាច​និយាយបានទេថា តើមន្ត្រីម្នាក់ទទួលបានប្រាក់ខែប៉ុន្មាន ពីព្រោះការទទួលបានប្រាក់ខែ​គឺយោងទៅតាមឋាន្តរស័ក្តិ​របស់ពួកគេ។ លោកបានថ្លែងថា ៖ «យើងមិនអាចនិយាយ ចំនួនប្រាកដ បានទេ»។
លោក មឿន តុលា ប្រធានកម្មវិធីការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានថ្លែងឲ្យដឹងថា ប្រសិន​បើ​អង្គរក្សរឺក៏អ្នកបើករថយន្ត ឲ្យគណបក្សប្រឆាំងទទួលបានប្រាក់បៀវត្ស ត្រឹមតែ៨០ដុល្លារក្នុងមួយខែ ដូចអ្វីដែល​លោកនាយករដ្ឋមន្ត្រីបានលើកឡើងនោះ គឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ដោយសារតែរដ្ឋាភិបាល​គ្រប់គ្រង​ប្រទេសមិនបានល្អ ដោយសារតែពុំបានគិតអំពីថវិការចំពោះគណបក្សប្រឆាំង ដើម្បីឲ្យធ្វើការកែទម្រងរដ្ឋាភិបាល។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «អ្វីដែលប្រាក់ខែអង្គរក្សរបស់គណបក្សប្រឆាំងទទួលបាននោះ គឺពុំមែនជាប្រាក់​ខែ​ទេ គឺជាប្រាក់លើកទឹកចិត្តដោយសារពួកគាត់សង្ឃឹមថា នៅថ្ងៃមួយនឹងមានការផ្លាស់ប្តូរសង្គមនេះ»៕
------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង info@monoroom.info) - ភ្នំពេញ ថ្ងៃទី១១ មីនា ២០១៤