CCHR​ បារម្ភ​ថាសេចក្តីព្រាង​ ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ ​អ៊ី​ន​ធឺ​ណេ​តនឹង​ប៉ះពាល់​ ដល់​សិទ្ធិ​បញ្ចេញមតិ​​

2/28/2014 0 Comments A+ a-


VOD-cchr-logo-2014-01-21មជ្ឈមណ្ឌល ​សិទ្ធិមនុស្ស​កម្ពុជា (CCHR) នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បានដាក់​ការព្រួយបារម្ភ​ជាមុន ខណៈ​រដ្ឋាភិបាល​កម្ពុជា កំពុងតែ​ធ្វើ​សេចក្តីព្រាងច្បាប់ គ្រប់គ្រង​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត នាពេលខាងមុខ ដែល​អាច​នាំឲ្យ​មាន​ផលប៉ះពាល់ ឬ​ឈានដល់​ការ​រឹតត្បិត សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ នៅ​លើ​ប្រព័ន្ធ​នេះ។​
កំណត់ត្រា​សង្ខេប របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា ចេញផ្សាយ​នៅ​ខែ​កុម្ភៈ មាន​២១​ទំព័រ ឲ្យដឹងថា វិធីសាស្ត្រ​នៃ​ការធ្វើ​សេចក្តីព្រាងច្បាប់នឹង​មាន​ផលប៉ះពាល់​យ៉ាង​ ទូលំទូលាយ​មកលើ​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា ក្នុង​រយៈពេល​យូរអង្វែង។
រដ្ឋាភិបាល គួរតែ​ធានាថា សេចក្តីព្រាងច្បាប់ អនុលោម​តាម​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ក្នុង​ច្បាប់​អន្តរជាតិ និង​បទដ្ឋាន​ក្រឹត្យក្រម​ច្បាប់​របស់​សហគមន៍​អឺរ៉ុប ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ធានា​ថា​សេរីភាព​បញ្ចេញមតិ ដែល​ត្រូវបាន​ការពារ​ដោយ​ច្បាប់​រដ្ឋធម្មនុញ្ញ និង​លិខិតុបករណ៍​សិទ្ធិមនុស្ស​ដទៃ​ទៀត ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី នឹង​ត្រូវបាន​ការពារ​ទាំង​នៅលើ​អ៊ី​ន​ធឺ​ណេត និង​នៅ​ក្រៅ​អ៊ី​ន​ធឺ​ណេត។​

​កំណត់ត្រា​សង្ខេប បន្តថា ការធ្វើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​អ៊ី​ន​ធឺ​ណេត​នេះ ត្រូវ​ធ្វើឡើង​ដោយ​ការផ្សព្វផ្សាយ​សេចក្ដីព្រាងច្បាប់ ជា​សាធារណៈ និង​ឲ្យបាន​ទូលាយ ដើម្បី​អនុញ្ញាតឲ្យ​មាន​ការពិ​គ្រោះ​យោបល់​ឲ្យ​ពេញលេញ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមមាន​អង្គការ​សង្គម​ស៊ីវិល​ជា​ដើម។​
មន្ត្រី​សម្របសម្រួល​គម្រោង​បញ្ចេញមតិ​នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​ កម្ពុជា កញ្ញា សន រ៉ា​មា​ណា មានប្រសាសន៍ថា ស្រប​ពេល​រដ្ឋាភិបាល​កម្ពុជា កំពុងតែ​ធ្វើ​សេចក្តីព្រាងច្បាប់ គ្រប់គ្រង​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​ព្រួយបារម្ភ​ថា សេចក្ដីព្រាងច្បាប់​នោះ​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​សិទ្ធិ​បញ្ចេញមតិ។ កញ្ញា​ស្នើ​ឲ្យ​រដ្ឋ​ភិ​បាល​ពិនិត្យមើល​ឲ្យបាន​ច្បាស់លាស់ មុននឹង​ធ្វើ​សេចក្តីព្រាងច្បាប់ សម្រាប់​គ្រប់គ្រង ដោយ​យក​គំរូ​តាម ប្រទេស​មួយចំនួន ដូចជា​ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​ថៃ​ជាដើម«កំណត់ត្រាសង្ខេបហ្នឹង មានគោលបំណងដាក់ចេញ ជាអនុសាសន៍ដល់រដ្ឋាភិបាល ដើម្បីឲ្យគាត់មើល ករណីសិក្សាផ្សេងៗ ហើយធ្វើយ៉ាងម៉េច ឲ្យសេចក្តីព្រាងច្បាប់ ដែលគាត់នឹងចេញហ្នឹង ឲ្យយកចិត្តទុកដាក់លើសេរីភាពបញ្ចេញមតិ ទោះបីច្បាប់ហ្នឹង ដើម្បីការពារសុវត្ថិភាពអ្នកប្រើប្រាស់ អ៊ីនធឺណែត ប៉ុន្តែកុំធ្វើយ៉ាងណាឲ្យច្បាប់ហ្នឹង ក្លាយជាឧបករណ៍ រឹតបន្តឹងសេរីភាពបញ្ចេញមតិ នៅលើអ៊ីនធឺណែត»។​
អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន មានប្រសាសន៍ថា រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​មាន​បំណង​ចង់​បំបិទ​សេរីភាព​បញ្ចេញមតិ​នោះ​ទេ ព្រោះ​ការ​ដែល​រដ្ឋាភិបាល​គ្រោង​នឹង​ធ្វើ​សេចក្តីព្រាងច្បាប់​នេះ គឺ​ដើម្បី​ការពារ​ចំពោះ​ភេរ​វករ ដែល​ចង់​ធ្វើ​ភេរវកម្ម​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត «ច្បាប់នេះ មានគោលបំណងទិសដៅ សម្រាប់ប្រឆាំង ទប់ស្កាត់អំពីការវាយប្រហារ តាមរយៈប្រព័ន្ធអ៊ីនធឺណែត ទៅលើធនាគារ គណនេយ្យដទៃទៀត ដែលជាផលប្រយោជន៍ឯកជន ឬផលប្រយោជន៍រដ្ឋ ឬផលប្រយោជន៍ដទៃទៀត»។
កន្លងមកនេះ​ប្រជាពលរដ្ឋ​ដែល​ចេះ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ច្រើន​បញ្ចេញមតិ រិះគន់​ទៅ​លើ​បុគ្គល​ណាមួយ​ចំៗ នៅពេលដែល​ពួកគេ​មិន​ពេញចិត្ត។ ថ្មីៗ​នេះ​តារា​សម្តែង និង​ជា​ពិ​ការិនី កញ្ញា ឌួង ហ្សូ​រីដា ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផាក​ពិន័យ​ប្រាក់​ចំនួន​២​លាន​រៀល និង​សងជំងឺចិត្ត​ដើមបណ្តឹង​ចំនួន​៥​លាន​រៀល ដោយ​ចោទ​ពីបទ សរសេរ​សារ​មិន​សមរម្យ និង​បរិហារកេរ្ដិ៍ នៅលើ​គេហទំព័រ​ហ្វេ​សប៊ុក​៕
ប្រភពពី vodhotnews.com