ត្រីចម្លែកទម្ងន់ ៧,២០ គីឡូក្រាម ដែលចាប់បាននៅ ខេត្តកំពង់ឆ្នាំង
ទាក់ទិននឹងត្រីចម្លែកនេះ បុរសចំណាស់ម្នាក់ ជាមន្ត្រីបរិស្ថាន ក្នុងដែនជំរកសត្វព្រៃ ភ្នំឱរ៉ាល់ បានឱ្យដឹងថា មិនមែនជាត្រីចម្លែកនោះទេ ត្រីនេះឈ្មោះ ត្រីទក់ ដែលរស់នៅតែក្នុងទឹកជ្រោះ ព្រៃភ្នំប៉ុណ្ណោះ គាត់ធ្លាប់ឃើញមានទម្ងន់ រហូតដល់ទៅ ៣០គីឡូក្រាមឯណោះ។ តាមការពិនិត្យជាក់ស្តែង ត្រីនេះមានរូបរាង ដូចសត្វអន្ទង់ តែខុសគ្នាត្រង់ត្រីនេះមានព្រុយដូចត្រី ដុះសាច់នៅសងខាងមាត់ដូចចែ។
ត្រីនេះបានងាប់ហើយ បណ្តាលមកពីអ្នកមើល ចាប់យកមកថត ចុះឡើងច្រើនពេក ធ្វើឱ្យវាអស់រំអិល ម្យ៉ាងទៀតអ្នកចិញ្ចឹមត្រីនេះ ដាក់ក្នុងទឹកពាង គ្មានអុកស៊ីសែនត្រឹមត្រូវ។ ការបាត់បង់ត្រីដ៏កម្រនេះ គឺជាការសោកស្តាយមួយ ដែលអាជ្ញាធរ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានគួរតែយល់ដឹង និងមានបទពិសោធន៍ ក្រោយៗទៀត បើមានចាប់បានដូចខាងលើនេះ គួរតែឆាប់លែង ទៅក្នុងកន្លែងធម្មជាតិវិញ ដើម្បីរួមគ្នាអភិរក្ស កុំឱ្យបាត់បង់ពូជត្រីដ៏កម្រនេះ៕
ប្រភពពី វត្តភ្នំ