សោភ័ណ្ឌ ឡារី៖ សមត្ថកិច្ចកុំប្រើហិង្សាសម្លាប់ខ្មែរគ្នាឯង
តារាសម្តែង សោភ័ណ្ឌ ឡារី
នៅព្រឹកថ្ងៃអាទិត្យនេះ
អំពាវនាវឲ្យសមត្ថកិច្ចកុំប្រើហិង្សាលើកម្មករ និងប្រជាពលរដ្ឋ
ដែលគ្រាន់តែពួកគេប្រមូលផ្តុំទាមទារដំឡើងប្រាក់ខែសមរម្យ
នៅទីលានប្រជាធិបតេយ្យ។
លោក សោភ័ណ្ឌ ឡារី តារាសម្តែងខារ៉ាអូខេ
និងគេតែងសង្កេតឃើញលោកចូលរួមយ៉ាងសកម្ម ក្នុងកម្មវិធីមនុស្សធម៌
និងបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នាពេលកន្លងមកនោះ
បានថ្លែងនៅមុខស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យថា កម្មករ
និងប្រជាពលរដ្ឋ ដែលទៅប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យនៅថ្ងៃនេះ
គឺគ្រាន់តែចង់ទាមទារឲ្យរាជរដ្ឋាភិបាល ដំឡើងប្រាក់ខែ
និងប្រាក់បៀវត្សដល់គ្រូបង្រៀន
ដើម្បីឲ្យពួកគាត់មានជីវភាពរស់នៅសមរម្យតែប៉ុណ្ណោះ។ លោក ឡារី
បានសំណូមពរដល់កងកម្លាំងសមត្ថកិច្ចទាំងអស់
កុំប្រើហិង្សាបង្ក្រាបទៅកម្មករ និងប្រជាពលរដ្ឋ
ដែលមានសាច់ឈាមជាជាតិខ្មែរដូចគ្នា។
ការអំពាវនាវរបស់តារាសម្តែងរូបនេះ
បានធ្វើឡើងស្របពេលដែលមានការប៉ះទង្គិចគ្នារវាងក្រុមសន្តិសុខ
សាលាខណ្ឌដូនពេញ និងក្រុមប្រជាពលរដ្ឋនៅព្រឹកថ្ងៃអាទិត្យនេះ
នៅស្ពាននាគសង្កាត់វត្តភ្នំ
បណ្តាលឲ្យភាគីទាំងសងខាងរងរបួសជាច្រើននាក់៕