អ្នក​ភូមិ​៥០​នាក់​ដែល​បាន​ផ្ដិត​មេដៃ​រួច​នាំ​គ្នា​ទៅ​វាយ​លោកតា ​អាយុ​៥៧​ឆ្នាំ​ចោទ​ថា​ចេះ​អាប​ធ្មប់​ បាន​ភៀសខ្លួនចេញពីភូមិបាត់អស់​

1/22/2014 0 Comments A+ a-

ខេត្ដតាកែវ​ ៖​ អ្នក​ភូមិ​៥០​នាក់​ភាគ​ច្រើន​ជា​ក្មេង​ស្ទាវៗ​បាន​គេចខ្លួន​ចេញពី​ ភូមិ​ដោយ​ស្ងៀមស្ងាត់​បន្ទាប់​ពី​បាន​ផ្ដិត​ មេដៃ​ដោយ​ស្ម័គ្រចិត្ដ​នាំ​គ្នា​ទៅ​វាយ​លោកតា​អាយុ​៥៧​ឆ្នាំ​ដោយ​ចោទ​ថា​ ចេះ​អំពើ​អាប​ធ្មប់​ឱ្យ​រង​របួសធ្ងន់​និង​ខណៈ​សមត្ថ​ កិច្ច​ចុះ​ទៅ​ស៊ើបអង្កេត​ករណី​នេះ​ ។​
​ការ​គេចខ្លួន​របស់​អ្នក​ភូមិ​ទាំងនេះ​ គ្រា​ដែល​គេ​ដឹង​ថា​ លោកតា​រង​គ្រោះ​ មិន​មាន​សង្ឃឹម​រស់​ ហើយ​ត្រូវ​បាន​ក្រុម​ គ្រួសារ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​ ។​
​ប្រភព​បានឱ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៤​ ប្រធាន​និង​អនុ​ ប្រធាន​ភូមិ​អង្កាញ់​ត្រូវ​បាន​នគរបាល​ ប៉ុស្ដិ៍​អង្កាញ់​កោះហៅ​ព្រមព្រៀង​គ្នា​ទៅ​ បំភ្លឺ​ជុំវិញ​ករណី​នេះ​ព្រោះ​គេ​ដឹង​ថា​ប្រធាន​និង​អនុប្រធាន​ភូមិ​ទាំង​២​ នាក់​នេះ​បានដឹង​រឿង​ដែល​អ្នក​ភូមិ​ផ្ដិត​មេដៃ​ទៅ​វាយ​ជន​ រង​គ្រោះ​ តែ​មិន​បាន​រាយការណ៍​ឱ្យ​សមត្ថ​ កិច្ច​បានដឹង​ ។​
​ទាក់ទិន​នឹង​ការ​កោះហៅ​ប្រធាន​និង​ អនុប្រធាន​ភូមិ​ទៅ​បំភ្លឺ​រឿង​នេះ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​រួច​មក​នគរបាល​ បាន​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​មក​ផ្ទះ​ ។​ បើ​តាម​ ប្រភព​បាន​បង្ហើប​ថា​ ប្រធាន​និង​អនុ​ ប្រធាន​ភូមិ​បាន​ឆ្លើយ​ដោះសា​រថា​ មិន​ បានដឹង​បញ្ហា​នេះ​ទេ​ ដោយនៅ​ថ្ងៃ​កើ​តេ​ ហ​តុ​ពួក​គាត់​រវល់​ទៅ​ធ្វើការ​នៅ​ឆ្ងាយ​ ។​
​តាម​ប្រភព​ពី​នគរបាល​បាន​បង្ហើប​ ឱ្យ​ដឹង​ទៀត​ថា​ ទោះជា​ប្រធាន​និង​អនុ​ ប្រធាន​ភូមិ​បដិសេធ​យ៉ាងនេះ​ក៏​ដោយ​ តែ​សមត្ថកិច្ច​បាន​ដាក់​កំហិត​ឱ្យ​ប្រធាន​ និង​អនុប្រធាន​ភូមិ​ទាំង​២​នាក់​នេះ​ត្រូវ​ តែ​កោះហៅ​អ្នក​ភូមិ​ដែល​ជាប់​ពាក់ព័ន្ធ​ វាយ​ជន​រង​គ្រោះ​ឱ្យ​ចូល​មក​បំភ្លឺ​ជុំវិញ​ការ​វាយ​ជន​រង​គ្រោះ​ក្នុង​អំពើ​ ខុសច្បាប់​ ។​
​គួរ​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០១៤​ វេលា​ម៉ោង​២១​និង​៣០​នាទី​ យប់​មាន​មនុស្ស​ប្រមាណ​ជា​៥០​នាក់​ បាន​លើកគ្នា​ទៅ​កាប់​វាយ​លោកតា​ម្នាក់​ ឈ្មោះ​ម៉ៅ​ ផា​ន់​ និង​ប្រើ​ដុំ​ថ្ម​គប់​បំផ្លាញ​ ផ្ទះ​បណ្ដាល​ឱ្យ​លោកតា​រង​របួស​ជា​ទំងន់​ ។​ ក្នុង​ខណៈ​មាន​អំពើ​ហិង្សា​នេះ​លោកតា​ ម៉ៅ​ ផា​ន់​ ក៏​បាន​តស៊ូ​ជាមួយនឹង​បុរស​ម្នាក់​ ឈ្មោះ​វង់​ សំ​អុល​ឱ្យ​របួស​វិញ​ដែរ​ ខណៈ​ អ្នក​ភូមិ​ឯទៀត​បាន​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​ បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ​វង់​ សំ​អុល​ក៏​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ ពេទ្យ​បង្អែក​ខេត្ដតាកែវ​ផង​ដែរ​ ។​
​គួរ​បញ្ជាក់​ថា​ ជន​រង​គ្រោះ​អាយុ​ ៥៧​ឆ្នាំ​ នៅ​ភូមិ​-​ឃុំ​ អង្កាញ់​ ស្រុក​កប្បាស​ ខេត្ដតាកែវ​ រស់នៅ​ជាមួយ​កូនស្រី​ម្នាក់​ ដែល​មាន​សតិ​មិន​គ្រប់​ ។​
​នៅ​ថ្ងៃ​កើតហេតុ​បើ​យោង​តាម​អ្នក​ ភូមិ​ដែល​មិន​បាន​ផ្ដិត​មេដៃ​ចូលរួម​ប្រើ​ អំពើ​ហិង្សា​ទៅ​លើ​ជន​រង​គ្រោះ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ មុន​ពេល​មាន​អំពើ​ហិង្សា​កើត​ ឡើង​មាន​ជន​អគតិ​ដែល​គេ​ដឹង​ថា​ រស់​  នៅ​ជាប់​ជាមួយ​ផ្ទះ​ជន​រង​គ្រោះ​បាន​ដើរ​ ប្រមូល​ស្នាម​មេដៃ​បំណង​ដើម្បី​បណ្ដេញ​ជន​រង​គ្រោះ​ចេញពី​ភូមិ​ ក្រោម​លេស​ថា​ ជន​រង​គ្រោះ​ចេះ​អំពើ​អាប​ធ្មប់​និង​ជា​មនុស្ស​ចង្រៃ​ក្នុងភូមិ​ ។​
​ប្រភព​ពី​អ្នក​ភូមិ​ដដែល​នេះ​បាន​បន្ដ​ថា​ ក្រោយ​ពី​មាន​ស្នាម​មេដៃ​រួច​មក​ នៅ​យប់​ថ្ងៃ​កើតហេតុ​ខាងលើ​មាន​អ្នក​ ភូមិ​ប្រមាណ​៥០​នាក់​ភាគី​ច្រើន​សុទ្ធតែ​ ក្មេង​ប្រុស​បាន​មក​ជួបជុំ​គ្នា​ផឹកស៊ី​នៅផ្ទះ​ ឈ្មោះ​ វង់​ សំ​អុល​  ហើយ​ក្រោយមក​ក៏​បាន​ចេញ​មក​ធ្វើ​សកម្មភាព​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្ដង​ ។​
​កាល​ណោះ​ប្រភព​ពី​សមត្ថកិច្ច​ដែល​ ចុះ​ទៅ​ស្រាវជ្រាវ​ករណី​នេះ​បានឱ្យ​ដឹង​ថា​ បុរស​ឈ្មោះ​វង់​ សំ​អុល​ ដែល​ចូល​ទៅ​ កាប់​លោកតា​ម៉ៅ​ ផា​ន់​ ខណៈ​អ្នក​ភូមិ​ ជា​ជន​ដៃដល់​ឯទៀត​បាន​ភៀសខ្លួន​អស់​ នោះ​លោកតា​ម៉ៅ​ ផា​ន់​ ក៏​បាន​កាប់​ឱ្យ​ឈ្មោះ ​វង់​ សំ​អុល​ រង​របួស​វិញ​ដែរ​ ។​
​ជុំវិញ​ករណី​ខាងលើ​នេះ​ ប្រជា​ពល​ រដ្ឋ​ដែល​មិន​ចូលរួម​បាន​និយាយ​ថា​ ប្រធាន​ និង​អនុប្រធាន​ភូមិ​អង្កាញ់​មិន​គួរ​មិន​ទទួលខុសត្រូវ​ថា​ ខ្លួន​មិន​បានដឹង​រឿង​នេះ​ទេ​ ធាតុ​ពិត​ប្រធាន​ភូមិ​និង​អនុប្រធាន​ភូមិ​ បានដឹង​រឿង​នេះ​តាំងពី​ដើម​រហូត​ដល់​ ចប់​តែ​មិន​ព្រម​រាយការណ៍​ឱ្យ​សមត្ថកិច្ច​ ប៉ុស្ដិ៍​ ។​ អ្វី​ដែល​គួរ​ឱ្យ​អនិចា​លោកតា​ម៉ៅ​ ផា​ន់​ រង​របួស​តាំងពី​ម៉ោង​២១​ថ្ងៃ​ទី​១៧​ រហូត​ដល់​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៤​ មិន​មាន​ អាជ្ញាធរ​ណា​អើពើ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​នោះ​ទេ​ ។​
​ជុំវិញ​កាល​លើក​ឡើង​ប្រជាពលរដ្ឋ​ ខាងលើ​នេះ​អ្នក​យក​ព័ត៌មាន​នគរវត្ដ​ មិន​អាច​រក​ការ​បំភ្លឺ​ពី​ប្រធាន​និង​អនុ​ ប្រធាន​ភូមិ​អង្កាញ់​បាន​ទេ​នៅ​រសៀល​ ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៤​ ថា​តើ​អ្វី​ ដែល​ប្រជាពលរដ្ឋ​លើក​ឡើងជា​ការ​ពិត​ ឬ​យ៉ាងណា​?​ ៕
_________________
ប្រភពពីនគរវត្ត