ស៊ូប៊ែរឌី៖ រដ្ឋាភិបាលត្រូវតែចាប់ខ្លួនអ្នកបាញ់ប្រហារ មកកាត់ទោស
«ប្រសិនបើគ្មានការដាក់បញ្ជាទេ ខ្ញុំគិតថា ជនដែលបានបាញ់កាំភ្លើងនោះ ត្រូវតែនាំយកមកកាត់ទោស និងស្វែង រកយុត្តិធម៌» នេះជាការលើកឡើងរបស់ លោក សុរិយា ប្រាសាទ ស៊ូប៊ែរឌី អ្នករាយការណ៍ ពិសេសអង្គការសហប្រជាជាតិ ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លោក សុរិយា ប្រាសាទ ស៊ូប៊ែរឌី សន្និសីទសារព័ត៌មាន ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣ នាការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ប្រចាំទីក្រុងភ្នំពេញ។ (រូបថត MONOROOM.info/ O.Vary)
នយោបាយកម្ពុជា - ក្នុងសន្និសីទសារព័ត៌មាន ថ្ងៃទី១៦
ខែមករា ឆ្នាំ២០១៣ លោក សុរិយា ប្រាសាទ ស៊ូប៊ែរឌី បានសម្ដែងការសោកស្តាយ
និងធ្វើការថ្កោលទោសចំពោះ អ្នកបង្ករឲ្យមានអំពើហិង្សា ជាមួយនឹង
ការប្រើកម្លាំងហួសប្រមាណដែលបានធ្វើឡើងក្នុងអំឡុងង្ងៃទី១៥ ដល់ថ្ងៃទី២២
ខែកញ្ញា និងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣។ ជាពិសេសអំពើហិង្ស
ដែលបានកើតឡើងកាលពីពេលថ្មីៗនេះ នៅថ្ងៃទី២-៣-៤ ខែមករា ឆ្នាំ២០១៤
បែរជាបានបង្កឲ្យមានមតិសង្ស័យ ចំពោះ«ប្រជាធិបតេយ្យ»នៅប្រទេសកម្ពុជាទៅវិញ។
ការថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន របស់អ្នករាយការណ៍ពិសេសរូបនេះ
បានធ្វើឡើងនាការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ
ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ប្រចាំទីក្រុងភ្នំពេញ
នៅមុនបិទបញ្ចប់ដំណើរទស្សនកិច្ចលើកទីដប់របស់លោក
ក្នុងការអង្កេតស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងក្រោយពីបានជួបជាមួយ
ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដោយឡែកៗពីគ្នា។
លោក សុរិយា ប្រាសាទ ស៊ូប៊ែរឌី បានបន្តរថា ការប្រើប្រាស់នូវហិង្សា
និងការប្រើប្រាស់នូវកម្លាំងហួសប្រមាណ
ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចទាំងនោះ វាជាហេតុផលមួយ
ដែលធ្វើឲ្យមានការបារម្ភខ្លាំងឡើង។
លោកបានស្នើសុំឲ្យមានការដោះលែងឲ្យនៅក្រៅឃុំ
ជនទាំង២៣រូបដែលត្រូវបានចាប់ខ្លួន
ពិសេសអ្នកដែលត្រូវការ ការព្យាបាលជាបន្ទាន់។ បន្ទាប់មកទៀត
មន្ត្រីអ្នករាយការណ៍អង្គការ សហប្រជាជាតិរូបនេះ
បានស្នើឲ្យចាត់វិធានការជាបន្ទាន់ ប្រសិនជាចាំបាច់ត្រូវឃុំខ្លួនពួកគេ
អាជ្ញាធរត្រូវតែធ្វើនៅក្នុងរាជធានី ឬជុំវិញក្រុងភ្នំពេញ
ដើម្បីងាយស្រួលដល់ក្រុមគ្រួសារ ឬមេធាវីរបស់គាត់បានចូលសួរសុខទុក្ខ។
ដោយឡែកសម្រាប់អនីតិជន ក៏ត្រូវតែផ្ទេរភ្លាមទៅមណ្ឌលសម្រាប់អានីតិជននោះដែរ។
លោកសុរិយា ប្រាសាទ ស៊ូប៊ែរឌី បានប្រឆាំងចំពោះការប្រើកម្លាំង
បង្ក្រាបទៅលើការធ្វើបាតុកម្ម របស់ជនស៊ីវិល ដែលបានកើតកន្លងមក
ធ្វើឲ្យយ៉ាងហោចណាស់មានមនុស្សបួននាក់បានស្លាប់ និងរបួសជាច្រើន។
សម្រាប់ជនមួយចំនួនទៀត ដែលនៅបាត់ខ្លួននៅឡើយ
មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិរូបនេះ បានជំរុញឲ្យរដ្ឋាភិបាល
ត្រូវតែរកជនទាំងនោះឲ្យឃើញមកវិញ។ លោកបានថ្លែងសង្កត់ធ្ងន់
ទាក់នឹងនឹងការបាញ់ប្រហារនោះថា «ប្រសិនបើគ្មានការដាក់បញ្ជាទេ
ខ្ញុំគិតថា ជនដែលបានបាញ់កាំភ្លើងនោះ ត្រូវតែនាំយកមកកាត់ទោស
និងស្វែងរកយុត្តិធម៌។ ត្រូវតែធ្វើការអង្កេតឲ្យបានម៉ត់ចត់
ថាតើអ្នកណាជាអ្នកបញ្ជា និងអ្នកណាជាអ្នកអនុវត្តឲ្យមានការបាញ់ប្រហារនេះ។»
នៅពេលភ្លាមៗនេះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ
នៅមិនទាន់ទទួលប្រតិកម្មពីរដ្ឋាភិបាលនៅឡើយ។ តែការថ្លែងបញ្ជាក់កន្លងមក
របស់មន្ត្រីរដ្ឋាភិបាល លោក ផៃ ស៊ីផាន បាននិយាយការពារភាពស្របច្បាប់
នៃប្រតិបត្តិការបង្ក្រាបរបស់អាជ្ញាធរថា នោះគឺ«ដើម្បីការពារខ្លួន និងធានាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈ»៕ resource: monorom