គ្រាន់តែ​រឿង​មើលមុខ​គ្នា ភ្ញៀវ​ខាង​ប្រុស​វាយ​ភ្ញៀវ​ខាង​ស្រី ហើយ​បាញ់​មួយ​គ្រាប់​ផ្អើល​រោងការ​

1/22/2014 0 Comments A+ a-

ខេត្តសៀមរាប ៖ កម្ម​វិធី​​ជប់​លៀង អា​ពាហ៍​ពិ​ពាហ៍ កូន​កំ​លោះ​​កូន​ក្រ​មុំ បាន​​ដំ​ណើរ​​ការ​ផឹក​ស៊ី រាំ​​ស​ប្បាយ ស្រាប់​តែ​​ភ្ញៀវ​​ខាង​​កូន​កំ​លោះ មក​ពី​​ភ្នំ​ពេញ​​ បាន​​ឌឺ​​ដង​ដាក់​គ្នា រួច​​ស្ទុះ​​ទៅ​​វាយ​​ជា​មួយ ភ្ញៀវ​​ខាង​កូន​ស្រី ធ្វើ​​ឲ្យ​មាន​​​របួស​​ស្នាម ហើយ​​ដើរ​​ចេញមក ក្រៅ ឡើងលើ​ឡាន ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់ បើក​ចេញ​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង ២១​និង​៣០ នាទី​យប់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៤ ស្ថិតនៅ​ចំណុច​ក្នុង​ហាង សមភាព​ចាស់ ជាប់មាត់​ស្ទឹង ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។​
​ភ្ញៀវ​កូនក្រមុំ​ដែល​ត្រូវ ភ្ញៀវ​កូនកំលោះ វាយ​បែកក្បាល បាន​និយាយ​តៗ​គ្នា​ថា ពួកគាត់​កំពុង​អង្គុយ​ផឹកស៊ី​ធម្មតា តែ​មិនដឹង​យ៉ាងម៉េច ឃើញ​ភ្ញៀវ​ដែល​អង្គុយ រំលង​តុ​មួយ​មើលទៅ​តុ​នោះ ស្រាប់តែ​ឃើញ​ទាញ​កែវ​គប់​មកលើ ពួកគាត់​ប្រាវ និង​គប់​មកលើ​តុ ដែល​នៅ​ជិត​នោះ តែ​ពួកគាត់​មិនបាន តប​ទៅវិញ​ទេ ។ បន្ទាប់មក​ឃើញ​ភ្ញៀវ ដើរទៅ​បន្ទប់ទឹក ស្រាប់តែ​ភ្ញៀវ​នោះ ដើរ​សំដៅទៅ​បន្ទប់ទឹក​ដែរ មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឮ​សំឡេង​វាយតប់ ហើយ​ស្រែក​ជួយ​ផងៗ​។​
​ពេលនោះ​ភ្ញៀវ​ខាង​ស្រី ដែល​អង្គុយ​ជិត​បន្ទប់ទឹក​នោះ ក៏​នាំគ្នា​ដើរទៅ​មើល ស្រាប់តែ​ក្រុម​ជនបង្ក ទាញ​ខ្សែក្រវាត់​វាយ​ទៅលើ​ពួកគាត់ ហើយ​ដើរ​ចេញមកក្រៅ ឡើង​លើ​ឡាន និង​បាន​បាញ់​មួយ​គ្រាប់​។ ក្រុម​ជនបង្ក មាន​ឡាន ២​គ្រឿង សុទ្ធតែ​ទំនើបៗ ដូចជា​រថយន្ត​ឡង់​រឺ​វែ​រ និង ឡង់​គ្រី​ស័​រ ៥៧០​ពណ៌​ខ្មៅ មិន​ស្គាល់​ស្លាក​លេខ បើក​ចេញពី​កន្លែងកើតហេតុ ដោយ​សុវត្ថិភាព​។ មួយសន្ទុះ​ក្រោយមក ក៏​ឃើញ​សមត្ថកិច្ច នគរបាល​ព្រហ្មទណ្ឌ កំរិត​ស្រាល​៤ ទៅ​៥ នាក់ ចុះមក​អនាគម​ន៍​ដល់​ក្នុង​ហាង​តែម្តង​។​
​យ៉ាងណាក៏ដោយ ម្តាយ​ខាង​កូនក្រមុំ និង​កូនកំលោះ បាន​និយាយថា កូនកំលោះ​មានឈ្មោះ សែម សុខ​វាសនា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ធ្វើការ​ផ្នែក​លក់​នៅ​ភ្នំពេញ មក​រៀបការ​នៅ​ខេត្តសៀមរាប ជា​គូ​និង​កូនក្រមុំ​ឈ្មោះ សោម ស្រី​ពី អាយុ ១៨​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ហើយ​ហេតុការណ៍​នេះ បង្កឡើង​ដោយ​ភ្ញៀវ​ខាង​ប្រុស ។ ភ្ញៀវ​មួយចំនួន បាន​ភ័យ​លស់​ព្រលឹង នាំគ្នា​ត្រលប់​ទៅផ្ទះ​ភ្លេច​ចងដៃ តែ​មួយចំនួនទៀត បាន​វិល​មក​ចងដៃ និង​ផឹកស៊ី​បន្ត​ផងដែរ​៕


ប្រភពពី វត្តភ្នំ