​ដឹក​ប្រពន្ធ​កូន​ដើរលេង​ជ្រុល​ទៅបុក​ម៉ូតូ ក្រឡាប់​ផ្ងា​ជើង ​នាំគ្នា​លូន​ចេញ​ទាំង​លស់​ព្រលឹង​

1/20/2014 0 Comments A+ a-

ខេត្តកណ្តាល ៖ រថ​យន្ត​​កូ​រ៉ូ​ឡា​​មួយ​គ្រឿង ដែល​មាន​​អ្នក​រួម​ដំ​ណើរ ចំនួ​ន ៣​​នាក់ បាន​​ជួប​​គ្រោះ​ថ្នាក់ ក្រ​ឡាប់​​ផ្ងា​​ជើង​ទ្រ​​មេឃ ខណៈ​ដែល​​ម្ចាស់​​បើក​​ជែង រថ​យន្ត​មួយ​គ្រឿង​​ទៀត តែ​មិន​​ផុត​​​ក៏​​ជ្រុល​​ទៅ​បុក ម៉ូ​តូ​​មួយ​គ្រឿង បណ្តាល​​ឲ្យ​​អ្នក​​បើ​​ក​ម៉ូតូ​​ដួល​រងរបួស​ ស្រាល កាលពី​វេលា​ម៉ោង ៤​និង​៥ នាទី​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៥-៣៦ ស្ថិតក្នុង​ភូមិ​ធ្យូង ឃុំ​វិហារ​ហ្លូ​ង ស្រុក​ពញាឮ ខេត្តកណ្តាល ។
​អ្នកបើករថយន្ត​បង្ក មានឈ្មោះ ម៉េង ហេង ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​សង្កាត់ ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ រួម​ដំណើរ​ជាមួយ​ប្រពន្ធ និង​កូនតូច ២​នាក់​ទៀត បាន​បើករថយន្ត​ម៉ាក​កូរ៉ូឡា ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2U-8295 ។ ចំណែក​អ្នកជិះ​ម៉ូតូ ដែល​រងរបួស​ស្រាល មានឈ្មោះ ជុំ វិ​រៈ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អំពិល​ដាំទឹក ឃុំ​វិហារ​ហ្លួង ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ 1BL-2953​។​
​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក បាន​បើក​ពី​ជើង​ទៅ​ត្បូង សំដៅទៅ​ភ្នំពេញ បាន​បើក​ជែង​រថយន្ត មួយគ្រឿង​ទៀត​តែ​មិន​ផុត ក៏​ជ្រុល​ទៅបុក​ម៉ូតូ​សេ​១២៥ ដែល​ជិះ​ម្នាក់ឯង បើក ច្រាស់ទិស​គ្នា បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ ដួល​បោក​ទៅនឹង​ផ្លូវជាតិ ហើយ​រថយន្ត​បង្ក ក៏បាន​ក្រឡាប់​ផ្ងា​ជើង​ឡើងលើ​ខ្លួន​ឯង តែ​សំណាងល្អ​អ្នកបើករថយន្ត និង​ក្រុមគ្រួសារ​ទាំងអស់​មាន​គ្នា ៤​នាក់ គ្រាន់តែ​រងរបួស​ស្រាល បាន​បើកទ្វារ​រថយន្ត លូន​ចេញមកក្រៅ ទាំង​ព្រលឹងចុងសក់​៕
ប្រភពពី វត្តភ្នំ