៥ រូបទំនងអាចអង្គុយតំណែង CEO ថ្មី របស់ Microsoft មុនChristmas នេះ
តំណែងជានាយកប្រតិបត្តិរបស់ Microsoft ដែលលោក Steve Ballmer គ្រោងលាលែងនៅឆ្នាំក្រោយ នៅតែពុំទាន់រកឃើញនៅឡើយទេ ព្រោះដល់វ័យចូលនិវត្តន៍។ ដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី នៅមិនយូរប៉ុន្មាន បេក្ខភាពចំនួន ៥រូបក៏បានត្រៀមខ្លួនជាស្រេចជំនួសតំណែងBallmer មុនបុណ្យ Chrimstmasទេ។
ក្រុមហ៊ុនពុំទាន់រកបានអ្នកដែលមានសមត្ថភាពមកអង្គុយកន្លែងរបស់ Steve Ballmer នៅឡើយ តែបើតាមរបាយការណ៍កន្លងទៅឱ្យដឹងថា លោក Alan Mulally ជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Ford របស់អាមេរិកអាចនឹងមានវាសនា។ ក្រៅពីនេះនៅមានថ្នាក់ដឹកនាំមួយចំនួនដូចជា អតីតមេដឹកនាំក្រុមហ៊ុន Nokia លោកStephen Elop និងអ្នកធ្វើការក្នុង Microsoft មានដូចជាលោក Tony Bates កាន់ផ្នែកអភិវឌ្ឍវិស័យជំនួញ និងរៀបចំយុទ្ធសាស្ត្រ លោក Satya Nadella កាន់ផ្នែកសេវាកម្ម Cloud និងលោក Kevin Turner អ្នកកាន់ក្បួនច្បាប់ផ្នែកប្រតិបត្តិក្រុមហ៊ុន Microsoft។
លោក Bill Gates ដែលជាស្ថាបនិករបស់ Microsoft ថ្មីៗនេះបានអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍អំពីការស្វែងរកនាយកប្រតិបត្តិថ្មី ដោយសម្ដែងចេញនូវទឹកចិត្តក្ដុកក្ដួល ពោរពេញដោយការអាឡោះអាល័យលាយឡំជាមួយទឹកភ្នែករលីងរលោងចំពោះ Steve Ballmer ប៉ុន្តែពុំបានបញ្ជាក់អ្នកថ្មីដែលមានអាទិភាពអង្គុយតំណែងរបស់លោក Ballmer បាននៅឡើយ។
លោកបានគូសបញ្ជាក់ទៀតថា CEO របស់ Microsoft ជាការងារមួយមិនងាយស្រួលរ៉ាប់រងនោះទេ ពីព្រោះក្រុមហ៊ុនទាមទាររកមនុស្សដែលមានសមត្ថភាពខ្ពស់ល្អឥតខ្ចោះក្នុងការងារ និងស្រឡាញ់ចាត់ទុកក្រុមហ៊ុនដូចជាគ្រួសាររបស់ខ្លួន ដែលកន្លងទៅលោក Steve Ballmer និងខ្លួនបានថែរក្សារហូតមក។
លោក Bill Gates បន្ថែមថា “តំណែងជា CEO របស់ Microsoft គឺមានក្បួនច្បាប់ពិបាក និងស្មុគស្មាញដើម្បីទៅបំពេញ”។ “យើងមានក្ដីអំណរគុណយ៉ាងខ្លាំងចំពោះ Steve Ballmer ដែលបានខិតខំដឹកនាំក្រុមហ៊ុនមានការអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃអស់រយៈពេល ១៣ឆ្នាំរបស់លោក”។
របាយការណ៍ថ្មីចុងក្រោយ បានឱ្យដឹងថា លោក Kevin Turner នឹងជាប់ឈ្មោះជា CEO បណ្ដោះអាសន្នរយៈពេល ២ឆ្នាំ ដូចលោក Stephen Elop ដែរ៕
តើនរណាគួរទទួលតំណែងBallmer ជាងគេ?