ជំនាញវិជ្ជាជីវៈ ច្បាប់ និងក្រមសីលធម៌ គឺជាអាវុធរបស់សមត្ថកិច្ចសម័យទំនើប!
នៅកម្ពុជា ការអាងអំណាច អាងអាវុធក្នុងដៃរបស់កម្លាំងសមត្ថកិច្ចត្រូវបានកាត់បន្ថយគួរឲ្យកត់សម្គាល់រយៈពេលចុងក្រោយនេះ។ នេះអាចចាត់ទុកជាផ្លែផ្កានៃប្រជាធិបតេយ្យដែលបានចាប់កំណើតលើទឹកដីកម្ពុជា ប៉ុន្តែ ជារឿយៗ សមត្ថកិច្ចនៅតែប្រើអាវុធក្នុងកាលៈទេសៈដែលមិនគួរប្រើ។ គ្រាប់កាំភ្លើងរបស់សមត្ថកិច្ចបានបង្កជនស្លូតត្រង់ស្លាប់ និងរងរបួសជាបន្តបន្ទាប់នៅពេលមានការប្រឈមមុខគ្នាតឹងតែង។
នេះបានបង្ហាញឲ្យឃើញពីតម្រូវការចាំបាច់ក្នុងការពង្រឹងជំនាញវិជ្ជាជីវៈ ច្បាប់ និងក្រមសីលធម៌ដល់កម្លាំងសមត្ថកិច្ចដើម្បីកុំឲ្យពួកគេពឹងលើអាវុធជាធំតទៅទៀត។
ការផ្ទុះអាវុធរបស់សមត្ថកិច្ចរហូតដល់បណ្តាលឲ្យស្លាប់មនុស្ស និងរងរបួសជាច្រើន នៅក្នុងព្រឹត្តិការណ៍បង្ក្រាបបាតុកម្មកាលពីថ្ងៃអង្គារគឺជារូបភាពដ៏អាក្រក់ថ្មីមួយទៀតដែលបណ្តាញផ្សាយព័ត៌មានអន្តរជាតិជាច្រើននិយាយពីកម្ពុជា។ រូបភាពនេះវាសមល្មមដែលរដ្ឋាភិបាលគួរពិនិត្យឡើងវិញជាបន្ទាន់អំពីកម្លាំងសមត្ថកិច្ចរបស់ខ្លួន។
តាមពិត អាវុធដែលជាគ្រឿងប្រល័យជីវិតមនុស្សត្រូវគេប្រើប្រាស់តែក្នុងសង្គ្រាមឬប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋជនធំៗប្រកបដោយគ្រោះថ្នាក់តែប៉ុណ្ណោះ។ ចំណែកកងកម្លាំងសមត្ថកិច្ចដែលមានតួនាទីត្រឹមរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពួកគេពិតជាមិនចាំបាច់ពឹងពាក់លើអាវុធនោះឡើយ។ ជាទូទៅ ក្រុមសមត្ថកិច្ចបង្ក្រាបបាតុកម្មតត្រូវប្រើប្រាស់សមត្ថភាពជំនាញនិងឧបករណ៍មួយចំនួនទៀតដែលមិនគ្រោះថ្នាក់ដល់ជីវិតមនុស្ស ដូចជាគ្រាប់បែកផ្សែង ដំបងឆក់ ឬរថយន្តបាញ់ទឹកជាដើម។ ឧបករណ៍ទាំងនោះទៀតសោត គេប្រើតែក្នុងកាលៈទេសៈចាំបាច់បំផុតតែប៉ុណ្ណោះ។
តាមពិត អាវុធដែលជាគ្រឿងប្រល័យជីវិតមនុស្សត្រូវគេប្រើប្រាស់តែក្នុងសង្គ្រាមឬប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋជនធំៗប្រកបដោយគ្រោះថ្នាក់តែប៉ុណ្ណោះ។ ចំណែកកងកម្លាំងសមត្ថកិច្ចដែលមានតួនាទីត្រឹមរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពួកគេពិតជាមិនចាំបាច់ពឹងពាក់លើអាវុធនោះឡើយ។ ជាទូទៅ ក្រុមសមត្ថកិច្ចបង្ក្រាបបាតុកម្មតត្រូវប្រើប្រាស់សមត្ថភាពជំនាញនិងឧបករណ៍មួយចំនួនទៀតដែលមិនគ្រោះថ្នាក់ដល់ជីវិតមនុស្ស ដូចជាគ្រាប់បែកផ្សែង ដំបងឆក់ ឬរថយន្តបាញ់ទឹកជាដើម។ ឧបករណ៍ទាំងនោះទៀតសោត គេប្រើតែក្នុងកាលៈទេសៈចាំបាច់បំផុតតែប៉ុណ្ណោះ។
ប៉ុន្តែ ជារឿយៗ កងកម្លាំងសមត្ថកិច្ចខ្មែរនៅតែពឹងលើអាវុធដែលជាគ្រឿងសម្លាប់មនុស្សទៅវិញ។ ពេលខ្លះ ពួកគេបានប្រើកម្លាំងបង្ក្រាបលើសលប់ដែលមិនគួរនឹងប្រើ។ ជាក់ស្តែង គ្រាន់តែក្រុមអ្នកភូមិបឹងកក់តែប៉ុន្មានរយនាក់ដែលភាគច្រើនជាស្ត្រីសោះក៏សមត្ថកិច្ចចាំបាច់ត្រូវប្រើដល់ឡានទឹកនិងដំបងឆក់ដើម្បីបង្ក្រាបដែរ។
ផ្ទុយទៅវិញ ពេលខ្លះទៀត សមត្ថកិច្ចបែរជារត់ចោលឡាន ម៉ូតូ ទុកឲ្យបាតុករដុតបំផ្លាញចោល។ ហើយបើបែរជាប្រើអាវុធវិញ គឺពួកគេបាញ់គ្មានគោលដៅធ្វើឲ្យជនស្លូតត្រង់ដែលមិនស្ថិតក្នុងហេតុការណ៍ទទួលរងគ្រោះ។ ទាំងនេះគ្រាន់តែជាឧទាហរណ៍ខ្លះៗដែលបញ្ជាក់អំពីកំហុសឆ្គងរបស់សមត្ថកិច្ច ហើយក៏រំលេចឲ្យឃើញពីភាពចាំបាច់នៃការបំប៉នបន្ថែមទាំងជំនាញវិជ្ជាជីវៈ ទាំងផ្នែកច្បាប់ និងក្រមសីលធម៌ដល់ពួកគេ។
ជាការពិតណាស់ ប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍គ្រប់វិស័យនិងបានបោះជំហានទៅមុខគួរឲ្យកត់សម្គាល់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់។ ដោយសារប្រទេសជាតិបានឆ្លងកាត់របត់នយោបាយស្មុគស្មាញជាច្រើន ដូច្នេះ ការកសាងប្រទេសទៅរកសង្គមមួយជឿនលឿនទាន់សម័យ ត្រូវការពេលវេលានិងការកែលម្អជាបណ្តើរ។ ការស្តាហេដ្ឋារចនាសម្ព័ន្ធសង្គមឡើងវិញពីភាពខ្ទេចខ្ទាំជារឿងមួយ តែការកែប្រែផ្នត់គំនិតមនុស្ស ជាពិសេសផ្នត់គំនិតមន្ត្រីអ្នកមានអំណាច និងអាជ្ញាធរមានសមត្ថកិច្ចគឺជាបញ្ហាដ៏សំខាន់មួយទៀត។
តាមពិត ប្រសិនបើសមត្ថកិច្ចមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ពួកគេអាចគ្រប់គ្រងបានយ៉ាងស្រួលត្រឹមតែចលនាបាតុកម្មរបស់កម្មករដោយមិនចាំបាច់ប្រើអាវុធឡើយ។ ក្រៅពីសមត្ថភាពជំនាញវិជ្ជាជីវៈ សមត្ថកិច្ចក៏ជាអ្នកឈានមុខគេក្នុងការយល់ដឹងនិងគោរពច្បាប់ផងដែរពីព្រោះ ពួកគេគឺជាអ្នកអនុវត្តន៍ច្បាប់។ និយាយពីច្បាប់ ពិតណាស់ថា ការប្រើអាវុធមិនចំទិសដៅដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតអ្នកដទៃគឺជាការទទួលខុសត្រូវធំណាស់របស់កងកម្លាំងប្រដាប់អាវុធ។ ហេតុដូច្នេះហើយបានជាពួកគេត្រូវមានក្រមសីលធម៌ខ្ពស់ជាងអ្នកធ្វើបាតុកម្ម។
ផ្ទុយទៅវិញ ប្រសិនបើសមត្ថកិច្ចខ្វះជំនាញ ខ្វះការគោរពច្បាប់ និងខ្វះក្រមសីលធម៌ អាវុធច្បាស់ជានឹងងាយផ្ទុះឡើងខ្លាំងណាស់។ ការផ្ទុះអាវុធទៅលើជនស៊ីវិលដែលគ្មានអាវុធក្នុងដៃ ជាពិសេសទៅលើជនដែលមិនស្ថិតក្នុងហេតុការណ៍សោះនោះគឺជាកំហុសឆ្គងដែលមិនគួរនឹងកើតមានទាល់តែសោះ។ ដូច្នេះ អំណឹះតទៅ អ្នកដឹកនាំនិងបញ្ជាកងកម្លាំងសមត្ថកិច្ចត្រូវតែពិនិត្យបញ្ហានេះឡើងវិញជាចាំបាច់។
កិច្ចការជាបឋមចំពោះមុខនេះគឺ គេត្រូវធ្វើយ៉ាងណាឲ្យសមត្ថកិច្ចលែងពឹងលើអាវុធ ហើយបែរមកពឹងលើជំនាញវិជ្ជាជីវៈ លើច្បាប់ និងលើក្រមសីលធម៌ ជាជំនួសវិញ។ រីឯការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង ក៏ជាចំណែកសំខាន់មួយទៀតក្នុងការបញ្ចៀសអំពើហិង្សារបស់កម្លាំងសមត្ថកិច្ចដែរពោលគឺអ្នកណាប្រព្រឹត្តខុសត្រូវតែចាប់បញ្ជូនខ្លួនទៅតុលាការ។
ផ្ទុយទៅវិញ ការបណ្តោយឲ្យបញ្ហាដដែលៗកើតឡើងបែបនេះ វាមិនគ្រាន់តែបង្កកំហឹងដល់មហាជនកាន់តឺខ្លាំងប៉ុណ្ណោះទេ តែវាក៏ប៉ះពាល់ខ្លាំណាស់ដល់មុខមាត់រដ្ឋាភិបាល និងជាពិសេសប៉ះពាល់មុខមាត់ប្រទេសជាតិទាំងមូលតែម្តង៕
ប្រភពពី វិទ្យុបារាំងអន្តរជាតិ