កាត់សោរផ្ទះលួចម៉ូតូពេលម្ចាស់ដេកលក់ ហើយរត់ទៅលាក់ខ្លួននៅផ្ទះសង្សារ ត្រូវប៉ូលីសឃាត់ខ្លួន
បុរសសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១-មានឈ្មោះ វង្ស សុខា អាយុ ៣៤ឆ្នាំមុខរបរកម្មករ មានទីលំនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង និងទី២-ឈ្មោះ ឃឹម សុភាដែន អាយុ ៣០ឆ្នាំ ជាអ្នកបញ្ចូលបទភ្លេងទូរស័ព្ទដៃ មានទីលំនៅភូមិ១៣មករា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ វត្ថុតាងដែលដកហូតបានមានម៉ូតូ ម៉ាកហុងដាឌ្រីម មួយគ្រឿងសេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1M5336 និងកន្ត្រៃកាត់ដែកចំនួន មួយផងដែរ។
ជនរងគ្រោះមានឈ្មោះ ទឹម រដ្ឋា ភេទស្រី អាយុ ២៣ ឆ្នាំរបរជាសិស្ស រស់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ បុរសសង្ស័យទាំង ២នាក់បានសារភាពថា មុនដំបូងឃើញផ្ទះជនរងគ្រោះ មានសភាពស្ងាត់ ពួកគេក៏ចូលទៅកាត់ស៊ីយ៉ូវទ្វារ អូសយកម៉ូតូបានដោយសុវត្ថភាព តែមិនបានឭសំឡេងឆ្កែព្រូស ឬសំឡេងមនុស្សឡើយ។ ក្រោយពីលួចបានម៉ូតូភ្លាម ក៏កាច់ស្លាកលេខម៉ូតូ បោះចូលក្នុងទឹក រួចដើរដឹកម៉ូតូកាត់មុខ អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ទៅលាក់ទុកវាលស្រែ នៅក្រវាត់ក្រុង ក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង។
ក្រោយមកពួកគេ បាននាំគ្នាមកផ្ទះសង្សារ នៅភូមិរំចេក៣ សង្កាត់រតនៈ ក៏ត្រូវនគរបាលឃាត់ខ្លួនតែម្តង ហើយម៉ូតូដែលក្រុមចោរលួច ត្រូវបានយកមកប្រគល់ ជូនម្ចាស់ដើមវិញហើយ ចំណែកជនសង្ស័យទាំង ២នាក់និងកន្ត្រៃកាត់ដែកចំនួនមួយ បានរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាកា នារសៀលថ្ងៃដដែលដើម្បីចាត់ការតាមនីតិវិធី៕