យុវជន​ខ្មែរ​ជាង​២​សែន​នាក់ ​គ្មាន​ការងារ​ធ្វើ​​

11/28/2013 0 Comments A+ a-

05_04_2012_phal_P1080671របាយការណ៍​សិក្សា​មួយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ យុវជន​ខ្មែរ​ជាង ២​សែន​នាក់​ អាយុ​ចាប់​ពី១៥​ដល់ ២៤​ឆ្នាំ គ្មាន​ការងារធ្វើ​ ​ក្នុង​ឆ្នាំ​២០១២ ។ របាយការណ៍​ស្តី​ពី​កម្លាំង​ពលកម្ម​ឆ្នាំ​២០១២ ដែល​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​ស្ថិតិ​នៃ​ក្រសួង​ផែនការ​ នៅ​ថ្ងៃ​ពុធ​នេះ​ ក៏​បាន​បង្ហាញ​ដែរ​ថា ប្រទេស​កម្ពុជា​មាន​ប្រជាជន​សរុប ១៤​លាន​៩​សែន​នាក់​ ក្នុង​ឆ្នាំ ២០១២ ក្នុង​នោះ ៧,៦​លាននាក់​ជា​ស្ត្រី។
សេចក្តី​រាយការ​ណ៏របស់​ ប៉ែន បូណា
(02:25)
នៅ​កម្ពុជា យុវជន​ជាង​២​សែន​នាក់ ដែល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង​ទៅ​ ជាជន​គ្មាន​ការងារ​ធ្វើ​ ក្នុង​នោះ​បុរស​មាន​អត្រា​ខ្ពស់​ជាង​ស្ត្រី។ ក្នុង​ចំណោម​អ្នក​គ្មាន​ការងារ​ធ្វើ មាន​ជាង​៧ម៉ឺននាក់​ បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បឋមសិក្សា ជាង​៧​ម៉ឺន​នាក់​ផ្សេង​ទៀត ​បាន​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា និង​ជាង ២​ម៉ឺន​នាក់​បញ្ចប់​សាកលវិទ្យាល័យ។ ចំណែក​ឯ​មនុស្ស​ជាង ១៣០០នាក់​ទៀត​ បាន​បញ្ចប់​វគ្គ​សិក្សា​ផ្នែក​វិជ្ជាជីវៈ។
នេះ​បើ​យោង​តាម​របាយការណ៍​ស្តី​ពី​កម្លាំង​ពលកម្ម​ឆ្នាំ​២០១៣ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​ទី​២៧​វិច្ឆិកា​នេះ ដោយ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​របស់​ក្រសួង​ផែនការ។ របាយការណ៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជាង​៦៧​ភាគរយ​នៃ​ប្រជាជន ដែល​មាន​អាយុ​ចាប់​ពី១៥​ឆ្នាំ​ឡើងទៅ​មានការងារ​ធ្វើ ​ក្នុង​នោះ​អ្នក​ដែល​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម​មាន​ចំនួន​ច្រើន​ជាង​គេ ពោល​គឺ​រហូតដល់ ២៣,៥ ភាគរយ ខណៈ​ដែល​ជិត ២២​ភាគរយ​ធ្វើការ​ក្នុង​វិស័យ​សេវាកម្ម និង​លក់ដូរ។
ក្រៅពីនោះ ​គឺជា​អ្នកធ្វើការ​ក្នុង​វិស័យ​ងាយៗ ដូចជា​ការី​ម៉ាស៊ីន សិប្បកម្ម និង​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត។ យុវជន​ដែលមាន​អាយុ​ចាប់​ពី​១៥ ដល់​២៤​ឆ្នាំ​ ចំនួន​ជាង ២​លាន​នាក់ ​​បាន​ហក់​​ចូល​ក្នុង​ពលកម្ម។ ប្រាក់​ចំណូល​ដែល​ទទួល​បាន​ជា​មធ្យម​សម្រាប់​និយោជិត ​គឺ ១១៩​ដុល្លារ​​ក្នុង​មួយ​ខែ ក្នុង​នោះ​ បុរស​បាន​ទទួល​ចំណូល​ច្រើន​ជាង​ស្ត្រី​បន្តិច។
សូម​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​សិក្សា​នៃ​របាយការណ៍​នេះ បាន​ទទួល​ការ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ ​ដែល​ហៅ​កាត់​ថា ILO ។ តាមរយៈ​ការ​សិក្សា​នេះ គេ​បាន​រកឃើញ​ថា ប្រជាជន​កម្ពុជា​សរុប​ទាំងអស់​ក្នុង​ឆ្នាំ ២០១២ មាន​ចំនួន ១៤,៩ លាន​នាក់ ក្នុងនោះ ៧,៦លាននាក់​ជា​ស្ត្រី។  របាយការណ៍​នេះ​បានបង្ហាញ​ទៀត​ថា កម្លាំង​ពលកម្ម​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង ​មាន​ការ​ប្រែប្រួល​ខ្លាំង​ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ ហើយ​បាន​កើនឡើង ៣,៣ភាគរយ​ក្នុង​មួយ​ឆ្នាំ។ រីឯ​អត្រា​ចូលរួម​ក្នុង​ពលកម្ម​ ពី​វ័យក្មេង​បាន​ថយចុះ​បន្តិច។ នេះ​បាន​ឆ្លុះបញ្ចាំង​ពី​និន្នាការ​វិជ្ជមាន​របស់​យុវជន ពោលគឺ​ពួកគេ​ស្ថិតនៅ​បានយូរ​ក្នុង​ប្រព័ន្ធ​អប់រំ។
អ្នកសរសេរ​របាយការណ៍​នេះ​បាន​ព្រមាន​ថា ចំនួន​អ្នក​គ្រប់​អាយុ​បំរើ​ការងារ​នឹង​កើនឡើង ​ក្នុង​ពេល​ខាងមុខ។ នេះ​ជា​ចំណុច​ប្រឈម​មួយ​ដែល​ទាមទារ​ឲ្យ​ពួកគេ​ទទួលបាន​ការងារ​សម​រម្យ​និង​ប្រកបដោយ​គុណភាព។ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ គោល​នយោបាយ​សំខាន់ៗ​គួរ​ត្រូវ​បាន​បង្កើត​ឡើង៕
ប្រភពពី វិទ្យុ​បារាំង​អន្តរជាតិ