តុលាការសម្រេចចោទប្រកាន់មនុស្ស២នាក់ពីបទហិង្សាដោយចេតនានៅស្ទឹងមានជ័យ
មេធាវីរបស់អង្គការលីកាដូ (Licadho) ការពារក្ដីឲ្យជនជាប់ចោទ និយាយថា បើទោះជាតុលាការបានសម្រេចចោទប្រកាន់ជាផ្លូវការប្រឆាំងអ្នកទាំងពីរ ដោយរកឃើញថា បានប្រព្រឹត្តដោយហិង្សាប្រឆាំងសមត្ថកិច្ចក្នុងព្រឹត្តិការណ៍កាលពីថ្ងៃទី១២ វិច្ឆិកា ហើយក្ដី ក៏នៅមិនទាន់ប្រាកដនៅឡើយទេថា ពួកគេអាចប្រឈមមុខនឹងការឃុំខ្លួនដែរ។
លោក ជិន លីដា មេធាវីដែលការពារឲ្យជនត្រូវចោទទាំងពីរនាក់ ឲ្យដឹងនៅថ្ងៃទី១៤ វិច្ឆិកា ថា នៅពេលនេះពួកគេទាំងពីរនាក់ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅស្នងការរាជធានីភ្នំពេញវិញហើយ ក្រោយពីសាកសួរ។ បើទោះជាបែបណា លោកនៅមិនទាន់ប្រាកដនៅឡើយទេថា តើតុលាការអាចនឹងសម្រេចឃុំខ្លួនអ្នកទាំងពីរបន្ទាប់ពីចោទប្រកាន់រួច ឬយ៉ាងណា? លោក ជិន លីដា បញ្ជាក់ថា បើដូចអ្វីដែលកូនក្ដីរបស់លោកអះអាង គឺពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើសនេះឡើយ៖ «ការសម្រេចក្នុងការចោទប្រកាន់ក្នុងការឃុំខ្លួន អាហ្នឹងតុលាការគាត់នឹងសម្រេចទៀត។ ហើយយើងបន្ទាប់ពីគាត់សម្រេចយ៉ាងម៉េចៗ ទើបយើងអាចមានយោបល់យ៉ាងម៉េចហើយទៅលើសម្រេចរបស់គាត់»។
ព្រឹត្តិការណ៍កាលពីថ្ងៃទី១២ វិច្ឆិកា បានបណ្ដាលឲ្យស្ត្រីលក់បាយម្នាក់វ័យជាង ៤០ឆ្នាំ នៅតាមចិញ្ចឹមផ្លូវស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅពេលមានការបាញ់បង្ក្រាបរបស់សមត្ថកិច្ចប្រឆាំងក្រុមបាតុករ។ ហេតុការណ៍នៅគ្រានោះ ក៏បានបណ្ដាលឲ្យមានរបួសទាំងសង្ខាង គឺក្រុមសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាល និងពលរដ្ឋទៀតផង។
ចំណែកមនុស្សស្ថិតក្នុងហេតុការណ៍ចំនួន ៣១នាក់ និងព្រះសង្ឃវត្តស្ទឹងមានជ័យ ចំនួន ៧អង្គផ្សេងទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនដោយចោទប្រកាន់ថា ជាក្រុមបាតុកររបស់រោងចក្រ អែស.អិល។ ក្នុងនោះ ព្រះសង្ឃចំនួន ៧អង្គ ដែលបានចាប់ខ្លួន បានដោះលែងវិញក្នុងថ្ងៃតែមួយ។ ដោយឡែក ពលរដ្ឋ ២៩នាក់ទៀត ដោះលែងក្រោយពីឃុំបានមួយយប់នៅស្នងការរាជធានីភ្នំពេញ។
ទន្ទឹមនឹងនេះ យុវជន ២នាក់ ដែលបានចាប់ខ្លួនជាមួយគ្នា ត្រូវបានតុលាការចោទប្រកាន់ បន្ទាប់ពីចាប់ខ្លួនរួច។ ក្នុងនោះម្នាក់ ឈ្មោះ វណ្នី វណ្ណន អាយុ ១៧ឆ្នាំ មុខរបរដឹកខ្សាច់ និងម្នាក់ទៀតឈ្មោះ មាស នន់ អាយុ ១៥ឆ្នាំ មុខរបររើសអេតចាយ។
លោកស្រី អួន ពៅ ដែលត្រូវជាម្ដាយរបស់ មាស នន់ បានដួលភ្លាមៗនៅមុខរបងស្នងការរាជធានីភ្នំពេញ ក្រោយពីដឹងថា កូនរបស់លោកស្រីត្រូវប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្ត។ លោកស្រីថ្លែងថា កូនរបស់លោកស្រីពុំបានប្រព្រឹត្តដូចការប្រកាន់ទេ៖ «អូយ! ខ្ញុំស្ទះងាប់ហើយ លោកអើយមិនដឹងគេដាក់ទៅណា។ អូយ! លោកអើយលោកប្ដីស្លាប់មិនទាន់បានប៉ុន្មាន ពីណាជំពាក់គេ ឥឡូវកូនជាប់ទៀត ខ្ញុំធ្វើអីរកស៊ីអី»។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺបានភ្លាមៗទេពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គឹម រដ្ឋណារិទ្ធ នៅថ្ងៃទី១៤ វិច្ឆិកា។
ប៉ុន្តែ លោក ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ អះអាងថា នៅពេលនេះសមត្ថកិច្ចកំពុងពន្លឿនកិច្ចការនេះ ដើម្បីរកភស្តុតាងមកបញ្ជាក់ហើយ៖ «នៅបណ្ដាប្រទេសជឿនលឿនធំៗក៏មានបទឧក្រិដ្ឋជាច្រើនដែលគេរកឥតឃើញដែរ។ អ៊ីចឹងកិច្ចការហ្នឹងទុកលទ្ធភាពឲ្យសមត្ថកិច្ចធ្វើការផង»។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការលីកាដូ គិតថា ការចាប់ខ្លួនគួរធ្វើឡើងដោយមានវត្ថុតាងជាក់លាក់៕
ប្រភពពី វិទ្យុអាស៊ីសេរី