ស្ត្រី​មាន​ផ្ទៃ​ពោះ​៨ខែ​​ ផឹក​ថ្នាំពុល​សម្លាប់​ខ្លួន​ ដោយមិន​ទាន់​ដឹងមូល​ហេតុ​

10/11/2013 0 Comments A+ a-

ខេត្ត​ពោ​ធិ៍សាត់​ ៖ ស្ត្រី​មាន​ផ្ទៃ​ពោះ​​៨ខែ​ម្នាក់​បាន​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួន​ ដោយមិន​ទាន់​ដឹង​មូល​ហេតុ​ ដែល​ករណី​នេះ​កើ​តឡើង​កាលពី​វេលា​ម៉ោង​៣រសៀល​ថ្ងៃទី​០៩ តុលា ២០១៣ ស្ថិត​ក្នុង​ភូមិ​អូរ​ថ្កូវ សង្កាត់​រលាប ក្រុង​ពោ​ធិ៍សាត់​ ។
លោក​អនុសេនីយ៍ទោ​ ឡែន​ គីម​ឈាង នាយ​ប៉ុស្តិ៍រដ្ឋបាល​រលាប​ បាន​ឱ្យដឹង​ថា ស្ត្រី​ដែល​ផឹក​ថ្នាំពុល​ធ្វើ​អត្ត​ឃាត​នោះ​ ឈ្មោះជា សុធា អាយុ​២៧​ឆ្នាំ មាន​កូន​ប្រុសស្រី​០២នាក់​ និង​កំពុង​មាន​ផ្ទៃ​ពោះ​០៨​ខែថែម​ទៀត​ ។ ស្ត្រី​រូប​នោះ​បាន​ផឹក​ថ្នាំ​ពុល​បណ្តាល​ឱ្យស្លាប់​នៅ​លើ​ផ្ទះ​​ ដោយ​មិនដឹង​មូល​ហេតុ​ច្បាស់​លាស់​​ ហើយ​សមត្ថកិច្ច​រក​ឃើញ​ថ្នាំកណ្តៀរ​នៅ​ក្បែរ​សព​ ។
បុរសជាប្តី​ឈ្មោះ​ឃួន សុខា អាយុ​២៨​ឆ្នាំ បាន​រៀប​រាប់​ប្រាប់​ថា​ ប្តី​ប្រពន្ឋ​គាត់​បាន​រៀបការ​នឹង​គ្នា​០៥​ឆ្នាំ​មក​ហើយ​ មាន​កូន​ប្រុស​ ស្រី​០២នាក់​ និង​កំពុ​ងមាន​ផ្ទៃ​ពោះ​៨ខែទៀត ។ ក្នុង​​ការ​រស់​នៅ​តែងតែមាន​ការ​ឈ្លោះ​គ្នា​បន្តិច​បន្តិច​ ដោយសារ​ភាព​ក្រី​ក្រ​​ និង​ពេល​ផឹក​ស្រាស្រវឹង​ម្តង​ៗ ប៉ុន្តែ​មិន​ដែល​ប្រើ​អំពើ​ហិង្សា​វាយ​តប​គ្នា​ធ្ងន់​ធ្ងរទេ ។ នៅ​ថ្ងៃកើត​ហេតុ ខ្លួន​មិននៅ​ផ្ទះ​ទេ​ លុះ​ពេល​ត្រឡប់​មក​វិញ​ស្រាប់​តែឃើញ​ប្រពន្ឋ​ដេក​ស្លាប់​តេម្តង ៕