ប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌឫស្សីកែវ ខឹងនឹងក្លិនដ៏ស្អុយអសោចន៍ ចេញពីគំនរសំរាម
ភ្នំពេញ: ប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌឫស្សីកែវ បានខឹងសម្បារ និងប្រតិ្តកម្មយ៉ាងខ្លាំង ចំពោះក្លិនដ៏ស្អុយអសោចន៍ ចេញពីគំនសំរាម នៅតាមដងផ្លូវនានា ជាពិសេសនៅតាមមុខផ្ទះរបស់ពួកគាត់ ដែលទុកច្រើនថ្ងៃ មិនឃើញក្រុមហ៊ុនស៊ីនទ្រី មកប្រមូលសោះ អស់រយៈពេល១អាទិត្យមកហើយ។ ពោលគឺកន្លែងខ្លះ គរចោលតាំងពីមុនបុណ្យភ្ជុំបិណ្ឌមកម្ល៉េះ មានចេញដង្កូវវារពេញផ្លូវ ហើយកើតជារុយដូចឃ្មុំ។ មិនត្រឹមតែមិនមកប្រមូលសំរាមទេ ហើយក្រុមហ៊ុនស៊ីនទ្រី បានតំឡើងថ្លៃមន្ថែមទៀត។ គំនរសំរាមទាំងនោះ គឺជាហេតុធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋ ពិសេសគឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវដង្ហើមចំពោះកុមារតូចៗ។
ប្រជាពលរដ្ឋនៅម្តុំផ្សារធំ ទួលសង្កែ (ផ្សារសាំហាន់) ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានខឹងនឹងក្រុមហ៊ុន ស៊ីនទ្រីយ៉ាងខ្លាំង ដែលខកខានជាច្រើនថ្ងៃមកហើយ មិនមកប្រមូលសំរាមសោះ ដោយទុកគរចោលនៅមុខផ្ទះរបស់ពួកគាត់ ចេញទឹកជះក្លិនស្អុយអសោចន៍ ហូបបាយមិនចូលទេ ហើយកើតជារុយយ៉ាងច្រើន ពេលហូយបាយ ត្រូវហូបដាក់មុងទាំងថ្ងៃ ទើបបាន បើមិនដូច្នេះទេ មិនអាចហូបបាយកើតឡើយ។ បញ្ហានេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អនាម័យ បរិស្ថានរបស់ទីក្រុង ជាងនេះទៅទៀត ក្លិនដ៏ស្អុយទាំងនេះ វាប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងកុមារតូចៗ។
ប្រភពខាងលើ បានបន្តថា ក្រុមហ៊ុនស៊ីនទ្រីនេះ ទុកសំរាមរហូតដល់ ៤-៥ថ្ងៃឡើងទៅ ប៉ុន្តែបើលុយវិញ ក្រុមហ៊ុនបានសុំតម្លើងថ្ងៃរាល់ខែ ដោយបង់ថ្លៃជាមួយសេវាអគ្គិសនី មិនបាត់មួយសេនណាឡើយ ។
ប្រជាពលរដ្ឋបានសំណូមពរ ឱ្យលោកនាយកក្រុមហ៊ុនស៊ីនទ្រី មេត្តាជួយពន្លឿនឱ្យរថយន្តដឹកសំរាមទៅយកសំរាមកុំឱ្យខកខាន ដូច្នេះទៀត ព្រោះពួកគាត់ពិបាកក្នុងការរស់នៅយ៉ាងខ្លាំង និងសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធ ពិសេសលោកអភិបាលរាជធានីភ្នំពេញ មេត្តាគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋផង ព្រោះក្លិនស្អុយដែលចេញពីគំនរសំរាមជាច្រើនទាំងនេះ កំពុងតែគំរាមកំហែងដល់សុខភាពពួកគាត់យ៉ាងខ្លាំង៕
ប្រភពពី CEN