សមត្ថកិច្ចសាកសួរ បុរសមានអាវុធចូលបន្លំក្នុង ក្រុមអ្នកតវ៉ាដែលមានតំណាង រាស្ត្របក្សប្រឆាំងចូលរួម
សមត្ថកិច្ចរាជធានីភ្នំពេញ បាននាំខ្លួនបុរសម្នាក់ស្លៀកពាក់ស៊ីវិល ដាក់អាវុធតាមខ្លួនបន្លំចូលក្នុងក្រុមអ្នកតវ៉ាអហិង្សាមួយ នៅទីលានប្រជាធិបតេយ្យយកទៅសាកសួរ នាព្រឹកថ្ងៃអាទិត្យនេះ។
ការឃាត់ខ្លួននេះ ធ្វើឡើងក្រោយពីការប៉ះទង្គិចគ្នាមួយ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ក្នុងពិធីប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នាថ្ងៃអាទិត្យទី១៣ ខែតុលានេះ ដែលដឹកនាំដោយប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន និងមានការចូលរួមពីបក្ខជនជាប់ឆ្នោតបក្សប្រឆាំងផងដែរ។
បុរសរូបនោះ ត្រូវបានក្រុមអ្នកតវ៉ារកឃើញថា មានភ្ជាប់កាំភ្លើងខ្លីមួយដើមជាប់ខ្លួន បន្លំចូលក្នុងហ្វូងអ្នកតវ៉ា ដែលមានអ្នកចូលរួមប្រមាណ ៥០០នាក់ អំឡុងពេលតំណាងគ្រូបង្រៀនកំពុងថ្លែងការចាប់អារម្មណ៍ពាក់ព័ន្ធនឹងផលវិបាក ដែលគ្រូបង្រៀនជួបប្រទះ។
ក្រោយទិវាគ្រូបង្រៀនបានបញ្ចប់ នៅលើទីលានប្រជាធិបតេយ្យ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ និងលោកស្រី មួរ សុខហួរ បានជួបផ្ទាល់ជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក មាស ចន្ទពិសិដ្ឋ។
ក្នុងជំនួបពិភាក្សានេះ មន្ត្រីគណបក្សសង្គ្រោះជាតិទាំងពីររូប បានអះអាងតំណាងឲ្យប្រជាពលរដ្ឋប្តឹងបុរសម្នាក់នោះ ពាក់ព័ន្ធនឹងការបង្កចលាចលក្នុងហ្វូងបាតុករអហិង្សា។
ក្រោយពីទទួលបានវត្ថុតាង និងអាវុធ លោក មាស ចន្ទពិសិដ្ឋ អះអាង នឹងធ្វើការស៊ើបអង្កេតលើករណីនេះ ដោយបានបញ្ជូនបុរសម្នាក់នោះ ទៅកាន់បុស្តិ៍នគរបាលវត្តភ្នំ ដើម្បីសាកសួរតាមនីតិវិធី។
តាមរយៈប័ណ្ណព័ត៌មានសំគាល់ខ្លួន បុរសម្នាក់នោះ ឈ្មោះ ប៉ឹង ជឿន អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែរ ជាអ្នកយកព័ត៌មានរបស់ភ្នាក់ងារ Website (MID PP)។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោក អំ សំអាត ដែលបានតាមដានករណីនេះ សម្តែងការសោកស្តាយ ចំពោះហិង្សាដែលកើតឡើងនេះ។ ជាមួយគ្នានេះ លោក ចាត់ទុកថា ការយកអាវុធចូលក្នុងហ្វូងបាតុករ ក្នុងនាមជាអ្នកយកព័ត៌មាននេះ គឺជាអំពើខុសច្បាប់មួយ។
កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១២ ការប៉ះទង្គិចដោយហិង្សាមួយនៅស្ពានក្បាលថ្នល់រវាងសមត្ថកិច្ច និងក្រុមយុវជនមួយក្រុម ត្រូវបានពលរដ្ឋអះអាងថា មានមនុស្សស្លៀកពាក់ស៊ីវិលបានបន្លំខ្លួនចូលកន្លែងកើតហេតុ បាញ់ឲ្យមនុស្សម្នាក់ស្លាប់ និងរបួសជាង១០នាក់ រហូតមកដល់ពេលនេះ រដ្ឋាភិបាលនៅមិនទាន់វែកមុខ ជនដៃដល់មកផ្តន្ទាទោសបាននៅឡើយទេ៕