ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ ទាមទារ​​ឲ្យ​រដ្ឋាភិបាល​ ធ្វើ​សមាជ​ជាតិ​រាល់​ឆ្នាំ

10/08/2013 0 Comments A+ a-

ប្រជាពលរដ្ឋ​និង​មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​រដ្ឋាភិបាល​និង​រដ្ឋ​សភា​អាណត្តិ​ទី​៥​នេះ បង្កើត​ឲ្យ​មាន​ការ​ប្រជុំ​សមាជ​ជាតិ​ឲ្យ​បាន​ទៀងទាត់ និង​ត្រូវ​បង្កើត​ច្បាប់​ដោយ​ឡែក​បន្ថែម​លើ​រដ្ឋធម្មនុញ្ញ​ដែល​ធានា​ឲ្យ​មាន​សមាជ​ជាតិ​ច្បាស់លាស់​នៃ​អាណត្តិ​នីមួយៗ។
ការ​ស្នើ​នេះ​បន្ទាប់​ពី​គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​បង្ហាញ​សកម្មភាព​យ៉ាង​សស្រាក់សស្រាំ ទាំង​មក​ពី​បណ្ដា​ខេត្ត​ឆ្ងាយៗ​និង​នៅ​ទីក្រុង ចូល​រួម​សមាជ​មហា​ជន​លើក​ដំបូង​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ពី​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​បាន​បញ្ចប់​ភ្លាមៗ​នោះ។
មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​នៅ​តែ​ត្រូវ​ការ​អង្គ​សមាជ​ជាតិ ដើម្បី​បញ្ចេញ​មតិ​ពី​ក្តី​កង្វល់ ឬ​ទុក្ខ​លំបាក​ផ្សេងៗ​ដែល​ពួកគាត់​កំពុង​ជួប​ប្រទះ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។ ពួក​គាត់​ចង់​ឲ្យ​ថ្នាក់​ដឹក​នាំ​ប្រទេស​បាន​ដឹង​ពី​ក្តី​កង្វល់​ទាំង​នេះ និង​ដោះស្រាយ​ដោយ​យុត្តិធម៌។
មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី ចរិយា បាន​ហៅ​សមាជ​មហា​ជន​ដែល​រៀបចំ​ដោយ​បក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​អាទិត្យ ទី​៦ តុលា នោះ ថា​គឺ​ជា​កញ្ចក់​ឆ្លុះ​ឲ្យ​ឃើញ​ថា ជា​ការ​ចាប់​ផ្ដើម​ថ្មី​មួយ​ក្នុង​សង្គម​ ​ហើយ​ប្រជាពលរដ្ឋ​អាច​ធ្វើ​បាន​ក្នុង​ក្របខ័ណ្ឌ​អហិង្សា​ដោយ​ឆន្ទៈ​ផ្ទាល់ ដោយ​គ្មាន​ការ​បង្ខិតបង្ខំ។
លោក​បន្ត​ថា ភស្តុតាង​ជាក់​ស្លែង​ទាំង​នេះ រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ធ្វើ​សមាជ​ជាតិ​ដែល​មាន​លក្ខណៈ​ទូលំទូលាយ​ជាង​សមាជ​មហាជន​និង​ស្រប​តាម​រដ្ឋធម្មនុញ្ញ៖ «ខ្ញុំ​ជំរុញ​ហើយ​ជំរុញ​ទៀត ឲ្យ​រដ្ឋាភិបាល រដ្ឋ​សភា ត្រូវ​តែ​ធ្វើ​សមាជ​ជាតិ​នេះ ដើម្បី​ប្រមូល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ព្រោះ​នេះ​ជា​ឧទាហរណ៍​ជាក់ស្ដែង​សម្រាប់​បង្ហាញ​ថា ប្រជាពលរដ្ឋ​ធ្វើ​សមាជ​ដោយ​គ្មាន​អំពើ​ហិង្សា ធ្វើ​សមាជ​ដោយ​គ្មាន​ប៉ះពាល់​សន្តិសុខ​ជាតិ»
បុរស​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ ឈួន ជីវ អាយុ​ប្រមាណ​ជាង ៦០​ឆ្នាំ បាន​ធ្វើ​ដំណើរ​ទាំង​ភ្លៀង​រលឹម​លើ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ស្វែង​រក​កន្លែង​ផ្តិត​មេដៃ​គាំទ្រ​ញត្តិ​ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​អង្គ​សមាជ​មហាជន​កាល​ពី​ថ្ងៃ​ទី​៦ តុលា។
លោក​បាន​ឲ្យ​ដឹង​ថា លោក​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​បាត់ដំបង ទោះ​បី​ទី​នោះ​កំពុង​មាន​ទឹក​ជំនន់​យ៉ាង​ណា​ក្តី ហើយ​ការ​ពុះពារ​នេះ​ក៏​ដោយសារ​លោក​ចង់​ចូល​រួម​សមាជ​ដែល​លោក​ខាន​ឃើញ​ខាន​ចូល​រួម​ជា​ច្រើន​ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម​បាន​បញ្ចប់៖ «កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម​គេ​ធ្វើ​សមាជ​ជាតិ​ដើម្បី​ឲ្យ​រាស្ត្រ​សួរ​ពី​ចម្ងល់ ពី​រឿង​អីៗ ពី​ការ​រស់​នៅ កាល​ពី​សង្គម​រាស្ត្រ​និយម​សម្ដេច សីហនុ លោក​ធ្វើ​អ៊ីចឹង​រាល់​តែ​ឆ្នាំ​អ៊ីចឹង​ឯង»
លោក​បន្ត​ថា កាល​ពី​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​មហា​បាតុកម្ម​អហិង្សា​លើក​មុន លោក​មិន​បាន​មក​ចូល​រួម​ទេ​ដោយសារ​បញ្ហា​ថវិកា ប៉ុន្តែ​ការ​ធ្វើ​សមាជ​មហាជន​លើក​នេះ លោក​តាំង​ចិត្ត​មក​ចូល​រួម​ឲ្យ​បាន ទោះ​ជួប​ការ​លំបាក​យ៉ាង​ណា​ក៏ដោយ។ ទាំង​នេះ​ក៏​ព្រោះ​តែ​លោក​ចង់​រំលឹក​នូវ​អនុស្សាវរីយ៍​ល្អៗ​ពី​សម័យ​សង្គម​រាស្ត្រ​និយម ហើយ​គាំទ្រ​នូវ​អ្វី​ដែល​ពលរដ្ឋ​ក្រីក្រ​ចង់​បាន គឺ​ការ​ផ្លាស់​ប្តូរ​របៀប​ដឹកនាំ​ដោះស្រាយ​ភាព​អយុត្តិធម៌​ក្នុង​សង្គម និង​បញ្ហា​ជា​ច្រើន​ទៀត ព្រម​ទាំង​ចង់​មក​គាំទ្រ​ឲ្យ​មាន​អង្គ​សមាជ​ជា​ទៀង​ទាត់​ដូច​ក្នុង​សង្គម​រាស្ត្រ​និយម។
លោក ឈួន ជីវ៖ «ចង់​រំលឹក​ថា ឲ្យ​មាន​សមាជ​ជាតិ​ដើម្បី​ឲ្យ​មន្ត្រី​កិច្ចការ​ទាំង​អស់​គ្នា ប្រជាពលរដ្ឋ​ហ្នឹង​ឲ្យ​ដឹង​ថា សុខ​ទុក្ខ​យ៉ាង​ណា អ្នក​ធំ​រំលោភ​អ្នក​តូច​ប៉ុណ្ណា​អី​ប៉ុណ្ណា​ឲ្យ​ដឹង»
ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ថ្លែង​ចំពោះ​មុខ​មហា​ជន​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​៦ តុលា ក្នុង​ឱកាស​បើក​ឲ្យ​មាន​សមាជ​មហាជន​នោះ​ថា នេះ​ជា​ការ​បង្កើត​វប្បធម៌​ថ្មី​មួយ​ដែល​ជំរុញ​ឲ្យ​មាន​សមាជ​ជាតិ ដែល​គណបក្ស​ប្រជាជន​ជា​បក្ស​កាន់​អំណាច​បាន​ទម្លាក់​ចោល​ជាង ២០​ឆ្នាំ​កន្លង​មក​ហើយ៖ «ឥឡូវ​មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ដែល​ហ៊ាន​រៀបចំ​សមាជ​បែប​នេះ​ដើម្បី​ស្ដាប់​ប្រជារាស្ត្រ»
សមាជ​ជាតិ​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៅ​ជំពូក​ទី ១៤​ថ្មី ក្នុង​នោះ​មាន​មាត្រា ១៤៧​ថ្មី បាន​ចែង​ថា សមាជ​ជាតិ​បើក​ឲ្យ​ប្រជាពលរដ្ឋ​ជ្រាប​ដោយ​ផ្ទាល់​អំពី​កិច្ចការ​ផ្សេងៗ​ដែល​ជា​ប្រយោជន៍​ជាតិ និង​លើក​បញ្ហា​និង​សំណូមពរ​ជូន​រដ្ឋ​អំណាច​ដោះស្រាយ ហើយ​ពលរដ្ឋ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូល​រួម​ក្នុង​សមាជ​នោះ។
មាត្រ ១៤៨​ថ្មី សមាជ​ជាតិ​ប្រជុំ​ម្ដង​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​ដើម​ខែ​ធ្នូ តាម​ការ​កោះ​អញ្ជើញ​របស់​នាយក​រដ្ឋមន្រ្តី និង​ត្រូវ​ប្រព្រឹត្ត​ទៅ​ក្រោម​ព្រះរាជា​ធិបតីភាព​នៃ​ព្រះមហាក្សត្រ។
មាត្រា ៤៩​ថ្មី បាន​ចែង​ដែរ​ថា សមាជ​ជាតិ​អនុម័ត​សំណូមពរ​ជូន​ព្រឹទ្ធ​សភា​ រដ្ឋ​សភា និង​ជូន​រដ្ឋ​អំណាច​ពិចារណា។ ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​សមាជ​ជាតិ​នឹង​ត្រូវ​កំណត់​ក្នុង​ច្បាប់​មួយ។
ចំណុច​ចុង​ក្រោយ​នៃ​ច្បាប់​នេះ​ហើយ ដែល​លោក ជាម យៀប ជា​តំណាងរាស្ត្រ​និង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ជា​ឧបសគ្គ​មួយ​ដែល​នាំ​ឲ្យ​សមាជ​ជាតិ​មិន​អាច​កើត​ចេញ​ទៅ​រួច និង​បាន​អូស​បន្លាយ​អស់​រយៈពេល ៤​អាណត្តិ​កន្លង​មក​ហើយ៖ «រដ្ឋធម្មនុញ្ញ​មាន​មែន តែ​ត្រូវ​មាន​ច្បាប់​អម។ ច្បាប់​អី​ក៏ដោយ​ឲ្យ​តែ​រដ្ឋធម្មនុញ្ញ​ចែង ចាំបាច់​ត្រូវ​មាន​ច្បាប់​អម​ដើម្បី​បញ្ជាក់​ពី​តួនាទី និង​ភារកិច្ច​នៃ​អង្គភាព​របស់​រដ្ឋ​ដែល​ត្រូវ​ទទួល​បន្ទុក​នៅ​ក្នុង​មុខងារ​របស់​ខ្លួន»
លោក​បន្ត​ថា បញ្ហា​លំបាក​មួយ​ទៀត គឺ​ថា​សម័យ​ចុង​ក្រោយ​នេះ កម្ពុជា​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ឬ​មាន​បក្ស​នយោបាយ​ច្រើន​ដែល​ខុស​ពី​សម័យ​សង្គម​រាស្ត្រ​និយម​ដែល​ដឹកនាំ​ដោយ​សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ៖ «យើង​បាន​ពិនិត្យ​ឃើញ​ថា សមាជ​នៅ​ពេល​ដែល​ព្រះអង្គ​នៅ​ជា​ធរមាន​នោះ កាល​នោះ​មាន​គណបក្ស​តែ​មួយ គឺ​គណបក្ស​សង្គម​រាស្ត្រ​និយម ស្រួល​ព្រះអង្គ​នៅ​ជា​រាជាធិបតេយ្យ នៅ​ពេល​នេះ គឺ​ថា​យើង​ប្រជាធិបតេយ្យ​សេរី​និយម​ពហុ​បក្ស អ៊ីចឹង​ទេ​ឃើញ​ថា មាន​ការ​លំបាក​ណាស់​ក្នុង​ការ​ទទួល​ពាក្យ​ដែល​ស្នើ​សុំ​ពី​ប្រជាពលរដ្ឋ ហើយ​មិន​ដឹង​ជា​ធ្វើ​ត្រូវ​ការ​ពេល​វេលា​ប៉ុន្មាន​ទេ»
បញ្ហា​ដែល​មិន​អាច​បើក​ឲ្យ​មាន​អង្គ​សមាជ​ជាតិ ក្នុង​៤ អាណត្តិ​កន្លង​មក​នេះ ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ជា​ច្រើន​ថា មក​ពី​គណបក្ស​ប្រជាជន​ពុំ​មាន​ឆន្ទៈ​អនុវត្ត​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ថា​គ្មាន​អ្វី​ដែល​គណបក្ស​ប្រជាជន ឬ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់​ធ្វើ​ហើយ​មិន​បាន​នោះ​ទេ។
ទន្ទឹម​គ្នា​នេះ តំណាងរាស្ត្រ​និង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន បាន​ព្យាយាម​ច្រើន​លើក​មក​ហើយ​ក្នុង​ការ​ពិចារណា​ធ្វើ​វិសោធនកម្ម​ដក​ជំពូក​ទី ១៤​ថ្មី ដែល​ចែង​ពី​សមាជ​ជាតិ​ចេញ​ពី​រដ្ឋធម្មនុញ្ញ តាំង​ពី​ឆ្នាំ​២០០៥ មក ប៉ុន្តែ​នៅ​មាន​កត្តា​រាំងស្ទះ​ខ្លះៗ​ដែល​មិន​ទាន់​អាច​ទៅ​រួច។
នៅ​អាណត្តិ​ថ្មី​ទី​៥​នេះ​ទៀត តំណាងរាស្ត្រ​និង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មិន​ទាន់​អាច​បង្ហាញ​ថា សមាជ​ជាតិ​នឹង​អាច​ធ្វើ​ទៅ​រួច ឬ​យ៉ាង​ណា​នោះ​ទេ ទោះ​បី​ពេល​នេះ​រដ្ឋ​សភា និង​រដ្ឋាភិបាល​ថ្មី​កំពុង​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​តែ​ម្នាក់​ឯង​នោះ​ក៏ដោយ៕
ប្រភពពី វិទ្យុអាស៊ីសេរី