និស្សិតសាកលវិទ្យាល័យមេគង្គកម្ពុជា បែកគំនិតប្រើដាវដេញកាប់ គូជម្លោះតាមដងផ្លូវ
រាជធានីភ្នំពេញ ៖ និស្សិតសាកលវិទ្យាល័យ មេគង្គកម្ពុជា ២ នាក់ ត្រូវបានសមត្ថកិច្ច ប៉ុស្ដិ៍នគរបាលអូរឫស្សីទី៤ ឃាត់ខ្លួនខណៈដែលពួកគេបាន ដេញវាយកាប់ចាក់គ្នា ជាមួយគូជម្លោះ តាមដងផ្លូវសាធារណៈ យ៉ាងអនាធិបតេយ្យ កាលពីវេលាម៉ោង ៩និង១០ នាទីយប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ នៅតាមផ្លូវលេខ១៨២ កែងនិងផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់ អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
និស្សិតដែលត្រូវឃាត់ខ្លួន មានឈ្មោះ ជ្រឹង រ៉ូស្សា អាយុ ២០ ឆ្នាំ ជាសិស្សពេទ្យឆ្នាំទី២ ស្នាក់នៅម្តុំផ្សារជិនជូរី និងម្នាក់ទៀតមានឈ្មោះ ម៉េង ស្រ៊ី អាយុ ២១ ឆ្នាំ ស្នាក់នៅម្តុំ ម៉ុងឌីយ៉ាល់ ជាសិស្ស ឆ្នាំទី១ នៅសាកលវិទ្យាល័យមេគង្គកម្ពុជា។ ឈ្មោះ ជ្រឹង រ៉ូស្សា បានឲ្យដឹងថា មុនពេលកើតហេតុខ្លួន និងមិត្តភក្ដិបានជិះម៉ូតូម៉ាកសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BI-8012 ជិះដើរលេង។
ខណៈមកដល់ មុខវត្តឧណ្ណាលោម ក៏មានក្រុមក្មេងស្ទាវ មួយក្រុមទៀត មានគ្នាជាង ១០ នាក់ជិះម៉ូតូ៥ គ្រឿង បានហូតខ្សែក្រវាត់ វាយមកលើពួកគេ មិនដកដៃបណ្ដាលឲ្យ រងរបួស បែកមុខបែកមាត់។ ភ្លាមៗនោះពួកគេក៏បាន ទាញដាវមួយដើម ដេញកាប់តបវិញ រហូតផ្អើលដល់សមត្ថកិច្ច ចុះមកអន្តរាគមន៍ ដេញបង្ក្រាបតែម្តង៕
ប្រភពពី វត្តភ្នំ