ពលរដ្ឋនៅខេត្តស្ទឹងត្រែង អំពាវនាវឲ្យបង្ក្រាបបទល្មើស កាប់ឈើប្រណីត
មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង កាលពីដើមសប្ដាហ៍ បានប្រើវិធានការក្តៅចាប់យកឈើប្រណីតជាង ១.៥០០ដុំ ដែលអ្នកកាប់ឈើអនាធិបតេយ្យលាក់ទុកក្នុងព្រៃ នៅឃុំស្ដៅសេសាន។ ប៉ុន្តែ ការបង្ក្រាបនេះ រងការរិះគន់ថា មន្ត្រីព្រៃឈើមិនបង្ក្រាបទៅលើបណ្ដាស្រុកផ្សេងទៀត ដែលមានបទល្មើសកាប់បំផ្លាញឈើប្រណីតអនាធិបតេយ្យនោះទេ។ ជាពិសេស ការដ្ឋានស្តុកឈើមួយរបស់ក្រុមហ៊ុនសម្អាតអាងស្តុកទឹកនៃគម្រោងសាងសង់ទំនប់សេសានក្រោមពីរ ដែលនៅពីក្រោយសកម្មភាពកាប់ឈើប្រណីតខុសច្បាប់ ក្រៅបរិវេណអាងស្តុកទឹក ហើយក្រុមហ៊ុនបានប្រមូលទិញខុសច្បាប់ច្រើនពាន់ម៉ឺនម៉ែត្រគូប។
ប្រជាពលរដ្ឋសហគមន៍ភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា អំពាវនាវឲ្យមន្ត្រីពាក់ព័ន្ធ បង្ក្រាបបទល្មើសព្រៃឈើ ចាត់វិធានការបង្ក្រាបសកម្មភាពកាប់ឈើប្រណីតពីព្រៃស្រោងរបស់រដ្ឋ កំពុងកើតមានអនាធិបតេយ្យ។
តំណាងសហគមន៍សុំមិនឲ្យបញ្ចេញឈ្មោះ មានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋនៅឃុំស្រែគរ បច្ចុប្បន្នបាននាំគ្នាចូលព្រៃអារឈើប្រណីត មានឆ្នង់ បេង គ្រញូង នាងនួន ហើយដឹកជញ្ជូនតាមរទេះគោយន្ត មកលក់ឲ្យក្រុមហ៊ុនម៉ៅការសំអាតអាងស្តុកទឹករបស់ លោកឧកញ៉ា លឹម ប៊ុនណា មានទីតាំងនៅភូមិស្រែគរពីរ។
តំណាងដដែលបន្តថា កន្លងទៅនេះ ក្រុមសមត្ថកិច្ចនៅតំបន់នោះបានបង្ក្រាបចាប់យកឈើ ឬរទេះគោយន្តប្រជាពលរដ្ឋណាដែលចូលព្រៃកាប់ឈើលក់ទៅឲ្យឈ្មួញតូចតាចនៅក្នុងភូមិ ដើម្បីដាក់គំនាបឲ្យអ្នកភូមិលក់ឈើទៅឲ្យក្រុមហ៊ុន។ ហេតុនេះ ទើបអ្នកភូមិកាន់តែច្រើននាំគ្នាចូលព្រៃកាប់ឈើមកលក់ឲ្យក្រុមហ៊ុនវិញ៖ «សហគមន៍ក៏មានការបារម្ភច្រើនដែរ ព្រោះនៅពេលខាងមុខ អាចបាត់បង់ធនធានព្រៃឈើណា! មិនមែនតែស្រែគរ ទេ ក្រៅពីស្រែគរ ក៏មានលក់ដែរឲ្យក្រុមហ៊ុនណា! ក្រុមហ៊ុនសម្អាតអាងណា!»។
ក្រុមហ៊ុន អាំង អេន អាសូស៊ីអេត ឡយ័រ (Ang & Associates Lawyer) របស់ លោក គឹត ម៉េង បានផ្ទេរសិទ្ធិកាប់ឈើសម្អាតផ្ទៃអាងស្តុកទឹកទំហំ ៣ម៉ឺន ៦ពាន់ហិកតារ នៃទំនប់សេសានក្រោមពីរ នៅស្រុកសេសាន កាលពីខែមករា ឆ្នាំ២០១៣ ទៅឲ្យក្រុមហ៊ុនលោក លឹម ប៊ុនណា។ ក៏ប៉ុន្តែ ក្រុមអ្នកឃ្លាំមើលបញ្ហាព្រៃឈើសហគមន៍ និងអង្គការក្រៅរដ្ឋាភិបាល រិះគន់ថា ក្រុមហ៊ុនម៉ៅការកាប់ឈើសម្អាតអាងនេះ នៅពីក្រោយសកម្មភាពចលនាឲ្យអ្នកភូមិចូលព្រៃកាប់ឈើប្រណីតក្រៅបរិវេណផ្ទៃអាង ចំណែកក្រុមហ៊ុនចាំប្រមូលទិញនាំចេញក្រោមអាជ្ញាប័ណ្ណឈើ ដែលបានពីកាប់ក្នុងផ្ទៃអាងរាប់ពាន់ម៉ឺនម៉ែត្រគូប។
មេឃុំស្រែគរ លោក សៀក មេគង្គ មានប្រសាសន៍ទទួលស្គាល់ថា ផ្លូវលំប្រមាណ ៧គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧៨ ទៅកាន់ភូមិស្រែគរ មួយ រងការខូចខាតគ្មានសល់ ដោយសារក្រុមហ៊ុនលោក លឹម ប៊ុនណា ដឹកជញ្ជូនឈើឆ្លងកាត់តំបន់នេះ។ លោកបន្តថា អ្នកភូមិក្រីក្រភាគច្រើនក្នុងភូមិនេះ ពិតជាបានចូលព្រៃកាប់ឈើលក់ទៅឲ្យក្រុមហ៊ុនសម្អាតអាងនេះ ទើបគ្មានការបង្ក្រាប៖ «ដោយសារដឹកឈើក្រុមហ៊ុនហ្នឹងហើយ ក្រុមហ៊ុនសម្អាតអាងទឹកហ្នឹង ក្រុមហ៊ុនឧកញ៉ា គឹត ម៉េង ឧកញ៉ា លឹម ប៊ុនណា ស្អីហ្នឹង។ ប្រជាពលរដ្ឋកន្លងមក ធ្វើទៅចាប់ៗ ដល់ឥឡូវលក់ឲ្យក្រុមហ៊ុន គឺអត់មានបញ្ហាតែម្តង»។
មេការក្រុមហ៊ុនកាប់ឈើសម្អាតផ្ទៃអាង លោក សាន ចយ ទទួលស្គាល់ថា ក្រុមហ៊ុនលោកពិតជាបានទិញឈើកាប់ក្រៅបរិវេណអាងស្តុកទឹកមែន ប៉ុន្តែឈើនោះក្រុមហ៊ុនបានបង់ពន្ធជាមួយឈើដែលក្រុមហ៊ុនប្រមូលបានពីការកាប់សម្អាតអាងទឹក។ លោកបន្តថា ក្រុមហ៊ុននឹងជួសជុលផ្លូវជូនអ្នកភូមិវិញនៅរដូវប្រាំងនេះ៖ «ប្រជាពលរដ្ឋនៅតំបន់ស្រែគរ ស្រែសាមី នេះ ទំនៀមទម្លាប់គាត់ៗអត់មានធ្វើស្រែធ្វើចម្ការទេ គាត់ដើរតែកាប់ឈើអ៊ីចឹង។ ដល់អ៊ីចឹង ក្រុមហ៊ុនជាជាងអនាធិបតេយ្យ ក្រុមហ៊ុនក៏ប្រមូលទិញដើម្បីបានបង់ពន្ធទៅចូលរដ្ឋ»។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែតុលា មិនអាចទាក់ទងនាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង លោក អ៊ី ឯកសាវត្តី សុំអធិប្បាយបញ្ហានេះបានទេ។
យ៉ាងនេះក្តី មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល មានប្រសាសន៍ថា ក្រុមហ៊ុនកាប់ឈើសម្អាតអាងមិនមានសិទ្ធិទិញឈើដែលប្រជាពលរដ្ឋលួចកាប់ក្រៅបរិវេណសម្អាតអាងនោះទេ។ លោកថា ការប្រមូលទិញឈើនេះ គឺជាការឃុបឃិតរវាងក្រុមហ៊ុន និងមន្ត្រីជំនាញ ជាហេតុនាំឲ្យកើតមានបទល្មើសកាប់ឈើអនាធិបតេយ្យនៅតំបន់នោះ៖ «ប្រជាពលរដ្ឋស្អីទេ បើយោគយល់គាត់កាប់ព្រៃឈើអស់ហើយ។ ឧទាហរណ៍ដូច ឧកញ៉ា ខ្នារ អ៊ីចឹងក៏ដោយ អ្វីដែលខុសច្បាប់ គឺយើងត្រូវតែអនុវត្តទាំងអស់។ មិនសំខាន់តែខាងស្រុកសេសាន ទេ ខាងស្រុកថាលា ខាងស្អីក៏ដោយ យើងត្រូវធ្វើស្មើដៃគ្នា។ អ្នកនេះធំអ្នកនោះតូច មិនហ៊ានធ្វើ តាមពិតយើងជាជំនាញត្រូវអនុវត្តច្បាប់ឲ្យបានស្មើគ្នាទាំងអស់»។
ទោះជាយ៉ាងនេះក៏ដោយ លោក សាន ចយ ឲ្យដឹងថា ចាប់តាំងពីខែមេសា ឆ្នាំ២០១៣ រហូតបច្ចុប្បន្ន ឈើដែលក្រុមហ៊ុនបាននាំចេញ និងបានបង់ពន្ធជូនរដ្ឋបានជាង ៤ពាន់ម៉ែត្រគូប។ ចំណែកផែនការកាប់ឈើសម្អាតអាងទឹកសម្រេចបានប្រមាណ ៥%៕
ប្រភពពី វិទ្យុអាស៊ីសេរី