បោកម៉ូតូនៅស្វាយរៀងបញ្ចាំបាន ៣០០ដុល្លារលោះសង្សារចេញ ពីខារ៉ាអូខេសមត្ថកិច្ចឃាត់ខ្លួន នៅកំពង់ចាម
ខេត្ដកំពង់ចាម ៖ បុរសម្នាក់មានភក្ដីស្នេហ៍ ហេតុតែស្រឡាញ់សង្សារពេក និងចង់ឱ្យឈប់ធ្វើជានារីបម្រើភ្ញៀវនៅ ហាងខារ៉ាអូខេ ក៏បានទៅបោកម៉ូតូគេនៅ ខេត្ដស្វាយរៀង យកមកបញ្ចាំបានប្រាក់ ៣០០ដុល្លារ យកទៅលោះសង្សារជានារី ខារ៉ាអូខេ យីហោស្ទឹងសង្កែ នៅក្រុងស្វាយ រៀង រួចហើយពួកគេក៏បាននាំគ្នារត់គេច មកសំងំលាក់ខ្លួននៅស្រុកបាធាយ ខេត្ដកំពង់ចាម រួមរស់ជាមួយគ្នាធ្វើព្រងើយ។
តែទោះជាយ៉ាងណា អំពើផ្ទុយនឹងច្បាប់ របស់បុរសខាងលើនេះ មិនអាចរួចខ្លួន បានឡើយ ត្រូវបានសមត្ថកិច្ចនគរបាល ខេត្ដស្វាយរៀង សហការជាមួយសមត្ថ កិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ ចាមតាមប្រមាញ់ចាប់ខ្លួនបានកាលពី វេលាម៉ោង៦ល្ងាច ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៣ នៅក្នុងភូមិឱម៉ាល់ ឃុំ-ស្រុក បាធាយ ពីបទរំលោភលើសេចក្ដីទុក (ឆបោក) ។
អធិការនគរបាលស្រុកបាធាយ លោក សំ ណាល់ បានឱ្យដឹងថា ជនសង្ស័យឆបោក ម៉ូតូគេខាងលើនេះមានឈ្មោះ ប៊ូ ធី ភេទ ប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅ ភូមិឈើកាច់ ឃុំរោងដំរី ស្រុកភ្នំ ខេត្ដ ព្រៃវែង និងនារីជាសង្សារមានឈ្មោះ ឆូយ ម៉ាញ់ អាយុ២៣ឆ្នាំ រស់នៅភូមិ-ឃុំចាប់ខ្លួនខាងលើ ។
លោកអធិការបន្ដថា មុនពេលចាប់ ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ លោក បានទទួលបញ្ជាពីលោកឧត្ដមសេនីយ៍ ឆាយ គឹមសុន ស្នងការនគរបាលខេត្ដ កំពង់ចាម ព្រោះមានការស្នើសុំសហការ ពីនគរបាលខេត្ដស្វាយរៀង ចុះស្រាវជ្រាវ ចាប់ខ្លួនមុខសញ្ញាឆបោកម៉ូតូពីស្រុក កំពង់រោទិ៍ ខេត្ដស្វាយរៀង ហើយរត់មក ពួនសំងំលាក់ខ្លួននៅភូមិ-ឃុំចាប់ខ្លួនខាង លើ ។ លោកបន្ដទៀតថា បន្ទាប់ពីទទួល បទបញ្ជាភ្លាម កម្លាំងជំនាញនៃអធិការ ដ្ឋាននគរបាលស្រុកបាធាយ បានសហការ ជាមួយនគរបាលប៉ុស្ដិ៍បាធាយចុះទៅដល់ កន្លែងលាក់ខ្លួនរបស់ជនសង្ស័យ ហើយក៏ ធ្វើការឃាត់ខ្លួនពួកគេទាំង២នាក់នាំមក អធិការដ្ឋាននគរបាលស្រុកបាធាយ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ប៊ូ ធី បានឆ្លើយសារភាពថា ខ្លួន ពិតជាបានបោកម៉ូតូគេយកមកបញ្ចាំបាន ប្រាក់៣០០ដុល្លារ ដើម្បីយកមកលោះ សង្សារខ្លួនពិតប្រាកដមេន ព្រោះខ្លួន អាណិតនិងស្រឡាញ់នាងខ្លាំងពេក ។
ទាក់ទិននឹងករណីនេះ លោកអធិការ សំ ណាល់ បានឱ្យដឹងថា ជនសង្ស័យត្រូវ បានត្រូវបានប្រគល់ខ្លួនទៅឱ្យអធិការដ្ឋាន នគរបាលស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង ដើម្បីអនុវត្ដន៍តាមផ្លូវច្បាប់៕
ប្រភពពី វត្តភ្នំ