អ្នក​វិភាគ៖ កម្ពុជា​នឹង​​បាត់​ ជំនឿ​ពី​អន្តរជាតិ​បើ​ អាសនៈ​នៅ​ អ.ស.ប​ ត្រូវ​ព្យួរ

9/30/2013 0 Comments A+ a-

បើ​ទោះ​ជា​បែប​នេះ​ក្ដី មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​និយាយ​ថា គេ​ហាក់​មិន​បារម្ភ​សោះ​ឡើយ​ចំពោះ​បញ្ហា​នេះ ព្រោះ​បំណង​របស់​បក្ស​ប្រឆាំង គឺ​ដើម្បី​ចំណេញ​ផ្នែក​នយោបាយ​តែ​ប៉ុណ្ណោះ។
មេ​ដឹកនាំ​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា គិត​មក​ដល់​ពេល​នេះ សំណើ​សុំ​ព្យួរ​កៅអី​របស់​កម្ពុជា ដែល​មាន​នៅ​អង្គការ​សហប្រជាជាតិ បាន​រៀបចំ​ស្ទើរ​រួច​រាល់​ហើយ ក្នុង​បំណង​ដើម្បី​ទាមទារ​ឲ្យ​អង្គការ​ពិភពលោក​មួយ​នេះ​ដក​សេចក្ដី​ទុក​ចិត្ត​របស់​កម្ពុជា ចេញ​នោះ ព្រោះ​តែ​​គោលនយោបាយ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខកខាន​ម្ដង​ហើយ​ម្ដង​ក្នុង​ការ​អនុវត្ត​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ថា ក្រុមប្រឹក្សា​អ្នក​ច្បាប់​របស់​បក្ស​សង្គ្រោះ​ជាតិ កំពុង​សិក្សា​ខ្លឹមសារ​បន្ថែម​ទៀត ដែល​បាន​ព្រាង​ទុក​មុន​នឹង​ដាក់​ជូន​អង្គការ​សហប្រជាជាតិ​ក្នុង​ពេល​ដ៏​ខ្លី​ទៀត​នេះ។
ចំណែក​លោក កែម ឡី អ្នក​វិភាគ​សង្គម​មាន​ប្រសាសន៍​ថា ប្រសិន​បើ​សំណើ​នេះ​ពិត​ជា​ត្រូវ​អង្គការ​សហប្រជាជាតិ​ទទួល​ពិចារណា​ក្នុង​ការ​ដក​សេចក្ដី​ទុក​ចិត្ត​ពិត​មែន នោះ​កម្ពុជា​នឹង​ត្រូវ​ប្រឈម​គ្រប់​បែប​យ៉ាង​ទាំង​ការ​វិនិយោគ បញ្ហា​សិទ្ធិ​មនុស្ស និង​គោលនយោបាយ​នៅ​លើ​ឆាក​អន្តរជាតិ ពិសេស​គឺ​កិត្តិយស​របស់​កម្ពុជា។
ភាព​ចម្រូងចម្រាស​អំពី​អាសនៈ​របស់​កម្ពុជា នៅ​អង្គការ​សហប្រជាជាតិ​​នេះ​ ពុំ​មែន​ទើប​តែ​លើក​ទី​មួយ​ឡើយ។ នោះ​​មាន​ន័យ​ថា ប្រទេស​កម្ពុជា ធ្លាប់​ឆ្លង​កាត់​ពី​លើក​រួច​មក​ហើយ អំពី​ការ​ព្យួរ​កៅអី​នៅ​​លើ​ឆាក​អន្តរជាតិ​នេះ។ នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ រដ្ឋាភិបាល​ក្នុង​សម័យ​រដ្ឋ​កម្ពុជា កាល​ណោះ​អង្គការ​សហប្រជាជាតិ បាន​ព្យួរ​ម្ដង​រួច​មក​ហើយ ព្រោះ​តែ​រក​ឃើញ​ថា កម្ពុជា​ស្ថិត​ក្រោម​ការ​ត្រួតត្រា​ដោយ​ប្រទេស​វៀតណាម។ លើក​ទី​ពីរ ព្យួរ​រយៈពេល​ខ្លី ក្រោយ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​កាល​ពី​ឆ្នាំ​១៩៩៧ ដែល​នៅ​ពេល​នោះ មាន​ការ​ប៉ះទង្គិច​ដោយ​អាវុធ​រវាង​កងទ័ព​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​កងទ័ព​គាំទ្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។
ក៏​ប៉ុន្តែ​លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ យល់​ឃើញ​ថា កម្ពុជា​នឹង​នៅ​តែ​ជា​រដ្ឋ​ឯករាជ្យ ហើយ​មាន​ភាព​ម្ចាស់​ការ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ផ្ទុយ​ទៅ​វិញ លោក​ស្ដី​បន្ទោស​ថា អ្វី​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​នេះ មិន​ខុស​អ្វី​ស្មើ​នឹង​ទាមទារ​ឲ្យ​បរទេស​ត្រួតត្រា​លើ​កម្ពុជា ទៀត​នោះ​ឡើយ។
សម្រាប់​អ្នក​វិភាគ​សង្គម អត្ថាធិប្បាយ​ថា អង្គការ​សហប្រជាជាតិ​អាច​ធ្វើ​សេចក្ដី​សម្រេច​ដក​ជំនឿ​ចិត្ត​ដោយ​ខ្លួន​ឯង​បាន​លើ​ប្រទេស​ណា​មួយ ដោយ​ពុំ​ទាមទារ​ការ​ស្នើ​សុំ​ពី​ប្រទេស​សាមី​ឡើយ បើ​សិន​រក​ឃើញ​ថា ប្រទេស​ជា​សមាជិក​នោះ​ប្រើប្រាស់​កម្លាំងទ័ព​ប្រឆាំង​មនុស្ស​ជាតិ ប្រទេស​ដែល​ត្រូវ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ប្រទេស​ដែល​ត្រូវ​ដក​បេក្ខភាព​ជាដើម។
ចំណែក​លោក សម រង្ស៊ី ឲ្យ​ដឹង​ថា សំណើ​ដើម្បី​ស្នើ​ឲ្យ​អង្គការ​សហប្រជាជាតិ ព្យួរ​អាសនៈ​របស់​កម្ពុជា​នោះ កំពុង​ពន្លឿន​នីតិវិធី ហើយ​ទំនង​ដាក់​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ។
យ៉ាងណា​ក៏​ដោយ​លោក ជាម យៀប មាន​ប្រសាសន៍​ថា ភាគី​ទាំង​ពីរ​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​រក​ច្រក​ចេញ ពុំ​ចាំបាច់​ពឹង​បរទេស​ឡើយ។ ដោយ​ឡែក​អ្នក​វិភាគ​សង្គម​វិញ យល់​ឃើញ​ថា សំណើ​នេះ​ទំនង​មាន​ប្រសិទ្ធភាព ព្រោះ​អន្តរជាតិ​មិន​ចង់​ឃើញ​កម្ពុជា វិល​​ទៅ​រក​របប​នយោបាយ​គ្រប់គ្រង​បែប​ឯកបក្ស៕
ប្រភពពី វិទ្យុអាស៊ីសេរី