ឈឹម ស្រីអូន សម្រេច​ចែក ចានចែកឆ្នាំង ជាមួយប្រុសខ្មែរ​ នៅអាមេរិក ព្រោះរឿងប្រច័ណ្ឌ

9/26/2013 0 Comments A+ a-

ភ្នំពេញ៖ ថ្មីៗនេះ មានព័ត៌មានលេចឮថា តារាចម្រៀងនឹងជាតារាសម្តែង មានដើមកំណើតចេញពីទឹកដី ខេត្តកំពង់ចាម នាង ឈឹម ស្រីអូន បានបែកបាក់ស្នេហ៍ជាលើកទី២ ជាមួយបុរសអាណិកជនខ្មែរ រស់នៅអាមេរិក បន្ទាប់ពីនាងបានទាក់ទងគ្នាអស់រយៈពេលជាង២ឆ្នាំមកនោះ។
ប្រភពពីអ្នកជិតស្និទ្ធ ជាមួយតារាស្រីរូបនេះ បាននិយាយឱ្យដឹង ថា ពេលនេះចំណងស្នេហ៍ឆ្លងទ្វីប រវាងតារាស្រីនិយមភាពសិចស៊ីនាង ឈឹម ស្រីអូន និងបុរសនៅអាមេរិក បានឈានទៅដល់ផ្លូវបែកបាក់វិញហើយព្រោះអ្នកទាំងពីរពុំមានទំនុកចិត្តលើគ្នា ទៅវិញទៅមក ពោលគឺ ដោយសារការប្រច័ណ្ឌ។
ប្រភពខាងលើបានបន្តថា បុរសអាណិកជនម្នាក់នេះ តែងតែលើកហេតុផល ពីការប្រច័ណ្ឌ កញ្ញា ឈឹម ស្រីអូន មកនិយាយ ទើបធ្វើឲ្យនាង មិនសប្បាយចិត្ត បណ្តាលឱ្យក្លាយទៅជារឿងឈ្លោះប្រកែកពាក្យសម្តីគ្នា រហូតធ្វើឱ្យ ស្រីអូន សម្រេចចិត្តដើរចេញពីផ្លូវស្នេហានេះ ទាំងអារម្មណ៍មិនឈឺចាប់បន្តិចឡើយ។
ជុំវិញព័ត៌មានដ៏រសើប ខាងលើនេះគេហទំព័រ LookingTODAY មិនអាចទាក់ទងដើម្បី សុំការបកស្រាយពីនាង ឈឹម ស្រីអូន បាននៅឡើយទេ នាថ្ងៃនេះព្រោះលេខទូរស័ព្ទរបស់នាង មិនអាចធ្វើការទំនាក់ទំនងបាន។ ដូច្នេះគេហទំព័រ LookingTODAY រង់ចាំការបកស្រាយពី កញ្ញា ស្រីអូន ជុំវិញរឿង នេះ ដើម្បីឲ្យមហាជនបានដឹងពីការពិតនៅពេលក្រោយ។
គួររំឭកថា បុរសដែលមានទំនាក់ទំនងស្នេហា ជាមួយតារាស្រីនាង ឈឹម ស្រីអូន ជាអាណិកជនខ្មែររស់នៅអាមេរិក ហើយក៏ជាអ្នកមានទ្រព្យសម្បត្តិម្នាក់។ ជាប្រចាំបុរសម្នាក់នេះ តែងតែទាក់ទងមក ឈឹម ស្រីអូន និងក៏បានជួយឧបត្ថម្ភ ដល់ការរស់នៅរបស់នាងផងដែរ។ រហូតមកលពេលនេះ អ្នកទាំងពីរ គឺបានផ្តើមស្នេហ៍ជាមួយគ្នា អស់ជាង២ ឆ្នាំមកហើយ ប៉ុន្តែឥឡូវនេះ ក៏ស្រាប់តែធ្លាយដំណឹងមកថា ចំណងស្នេហ៍រវាងអ្នកទាំងពីរ ត្រូវបានកាត់ផ្តាច់ទៅវិញ។
ឈឹម ស្រីអូន បានសម្រេចចិត្តចូលប្រឡូកក្នុងវិស័យសិល្បៈយ៉ាងជោគជាំ និងបានបន្តអាជីពនេះរហូតក្លាយជាតារាសម្តែង និងជាតារាចម្រៀងបាន ទាំងសម័យ និងបុរាណ។ តាមរយៈការសម្តែងខ្សែភាពយន្ត ខារ៉ាអូខេ និងការច្រៀង បានញ៉ាំងឲ្យ ឈឹម ស្រីអូនលេចមុខលេចមាត់នៅក្នុង មជ្ឈដ្ឋានសិល្បៈ ដែលពោរពេញទៅដោយការប្រកួតប្រជែង ដណ្តើមយកប្រជាប្រិយភាព ៕
Looking Today
Looking Today