ពីរនាក់ប្តីប្រពន្ធទៅកំដរ បុណ្យសពបងប្អូនផឹកស្រា ជ្រុលខ្យល់គរស្លាប់ទាំង ពីរនាក់ក្នុងថ្ងៃតែមួយ
ខេត្តក្រចេះ ៖ ជនររងគ្រោះពីរនាក់ប្តីប្រពន្ធបានស្លាប់ជាបន្តបន្ទាប់ ខណៈដែលជនរងគ្រោះទាំងពីនាក់ប្តីប្រពន្ធបាននាំគ្នា ទៅកំដរបុណ្យសពបងប្អូន និងបានផឹកស្រាមិនហូបអាហារធ្វើឲ្យខ្យល់គរស្លាប់ទាំងពីរនាក់ក្នុងថ្ងៃតែមួយគ្មាននណាជួយទាន់ ហើយនគរបាលសន្និដ្ឋានថា បណ្តាលមកពីខ្យល់គរ
នគរបាលស្រុកសំបូរបានឲ្យដឹងថា បុរសជាប្តីប្រពន្ធរងគ្រោះស្លាប់បន្តបន្ទាប់ដោយ ខ្យល់គក្នុងថ្ងៃតែមួយនេះ គឺបានកើតឡើងកាលពីថ្ងៃទី២៨ ខែកញ្ញា នៅតំបន់ព្រៃចម្ការដាច់ ស្រយាល ចំណុចអូរឈើទាល ក្នុងភូមិអាចេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
លោកអនុសេនីយ៍ទោ ឈិន សំបូរ អធិការរងស្រុកសំបូរបានឲ្យដឹងថា បុរសរងគ្រោះជាប្តីឈ្មោះ មឿង គី អាយុ៣៩ឆ្នាំ និងស្ត្រីជាប្រពន្ឋឈ្មោះ ព្រហ្ម ឡេន អាយុ៣៩ឆ្នាំ មានកូន៤នាក់ ស្រី៣នាក់ សព្វថ្ងៃមកស្នាក់នៅធ្វើចម្ការនិងនេសាទត្រីនៅចំណុចកើតហេតុខាងលើ។
ពលរដ្ឋនៅតំបន់នោះបាននិយាយថា បន្ទាប់ពីទៅកំដរបុណ្យ សពសាច់ញាតិនៅក្នុងភូមិមុនថ្ងៃកើតហេតុពីថ្ងៃរួចមក ស្ត្រីជាប្រពន្ធបានកើតអាការៈមិន ស្រួលខ្លួនហើយបុរសជាប្តីបានកោសខ្យល់ឲ្យនៅរោងចាំចម្ការមានចំងាយពិភូមិជាង១០គីឡូមែត្រ ក្រោយពីកោសខ្យល់រួចស្ត្រីជាប្រពន្ធបានបែកពពុះមាត់ដាច់ខ្យល់ស្លាប់នៅលើរោងចាំចម្ការ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣នេះ ។
ប្រភពបានបន្តទៀតថា បន្ទាប់ពីស្ត្រីជាប្រពន្ធបានស្លាប់ បុរសជាប្តី បានទុកសពប្រពន្ធនៅរោងចម្ការហើយក៏បានត្រឡប់មកភូមិដើម្បីប្រាប់បងប្អូនឲ្យចូលទៅយក ។ បន្ទាប់ពីអ្នកភូមិនិងសាច់ញាតិបង ប្អូន បានជិះរថយន្តគោយន្តចូលទៅរោងចម្ការដើម្បីយកសាកសពប្រពន្ធ នៅពេលទៅជិតដល់រោងចាំចម្ការ ស្រាប់តែបុរសជាប្តី ប្រាប់បងប្អូនថា មានអាការៈមិនស្រួលខ្លួន ពេលនោះបងប្អូនក៏បាននាំយកបុរសជាប្តីត្រឡប់មកភូមិវិញដើម្បីសង្គ្រោះ តែពេលដឹកមកដល់ពាក់កណ្តាលផ្លូវវេលាម៉ោង៦ល្ងាចថ្ងៃដដែល ជនរងគ្រោះជាប្តីក៏បានដាច់ខ្យល់ស្លាប់នៅ លើរថយន្តគោយន្តនោះតែម្តង។
អធិការរងស្រុកសំបូរបានបញ្ជាក់ថា កម្លាំងជំនាញផ្នែកបច្ចេកទេសនៃអធិការ រដ្ឋានស្រុកជាច្រើននាក់កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា បានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ ដើម្បីរកមូលហេតុនៃការស្លាប់របស់ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធខាងលើនេះ។
មន្ត្រីជំនាញបានសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធគឺអាចបណ្តាលមកពីខ្យល់គរ គឺមិនបណ្តាលមកពីបញ្ហាអ្វីផ្សេងនោះទេ ។ បើតាមការឲ្យដឹងពីពលរដ្ឋនៅតំបន់នោះបាននិយាយថា ជនរងគ្រោះទាំងពីរនាក់ ប្តីប្រពន្ឋនេះ គឺពូកែផឹកស្រាទាំងពីរនាក់ ហើយកន្លងមកគេសង្កេតឃើញថា ពេលពួកគាត់ ហូបស្រាគឺមិនសូវហូបចុកគ្រប់គ្រាន់ទេ ។ សាកសពជនរងគ្រោះទាំងពីរនាក់គឺត្រូវនាំមកធ្វើបុណ្យតាមប្រពៃណីរួមគ្នា នៅលំនៅ ដ្ឋានរបស់សាច់ញាតិជនរងគ្រោះ នៅក្នុងភូមិអាចេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ៕
_________________________
ប្រភពពីនគរវត្ត