រថយន្តដឹកប្រេង ក្រុមហ៊ុន សូគីម៉ិច បុកម៉ូតូគុបពីក្រោយ ស្លាប់បុរសម្នាក់ និងរបួសក្មេងស្រី អាយុ៣ឆ្នាំម្នាក់ នៅខាងកើត ស្ពានព្រែកព្នៅ
ភ្នំពេញ ៖ រថយន្តដឹកប្រេងរបស់ ក្រុមហ៊ុនសូគីម៉ិច បានបុកម៉ូតូគុបបណ្តាលឲ្យបុរសអ្នកបើកម៉ូតូស្លាប់ ភ្លាមៗនៅកន្លែង កើតហេតុ រីឯក្មេងស្រីអាយុ ៣ឆ្នាំ ដែលជិះជាមួយរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យព្រែកព្នៅ កាលពីវេលាម៉ោង ២និង១៥នាទី រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅខាងកើតស្ពានព្រែព្នៅ ក្នុងភូមិព្រែក តារ័ត្ន សង្កាត់ព្រែក តាសេក ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកភ្នំពេញ 3B-1204 បានធ្វើដំណើរចុះពីលើស្ពានព្រែកព្នៅ លុះដល់ចំណុចរង្វង់មូលទី២ បានបុកម៉ូតូគុប ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1S-3785 ពីក្រោយ បណ្តាលឲ្យអ្នកបើកម៉ូតូឈ្មោះ នឿន មនោ អាយុ ២៥ឆ្នាំ មុខរបរកម្មកររោងចក្រស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ។ រីឯក្មេងស្រីម្នាក់អាយុ ៣ឆ្នាំ ដែលគេមិនទាន់ដឹងថា ត្រូវយ៉ាងម៉េចជាមួយជនរងគ្រោះ ដែលស្លាប់នោះ រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រែកព្នៅ។
ក្រោយកើតហេតុ អ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ហើយត្រូវបាន សមត្ថកិច្ចយកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយបន្តទៀត ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល