ជិះទូកទៅកាប់អុសជួប ខ្យល់ព្យុះនៅស្រុកកំពង់សៀម រកឃើញសពអណ្តែត ទឹកនៅជិតភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលជិះទូក ជាមួយប្រពន្ធទៅ រកកាប់អុសប៉ះនិងខ្យល់ បក់បោក បណ្ដាលឲ្យធ្លាក់ពីលើទូក លិចបាត់នៅក្នុងទន្លេ រកមិនឃើញហើយបាត់ខ្លួន អស់រយះពេល ៣ថ្ងៃ ត្រូវបានអ្នកនេសាទ ប្រទះឃើញសពហើមស្អុយ អណ្ដែតទឹកទន្លេមេគង្គ កាលពីវេលាម៉ោង ១រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ នៅកណ្ដាលទន្លេមេគង្គ ចំណុចភូមិអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។
មុនពេលកើតហេតុ មានជនជាតិវៀតណាម ២ នាក់បងប្អូន បានចែវទូកទៅនេសាទ នៅកណ្ដាលទន្លេ បានប្រទះឃើញសពបុរសម្នាក់ អណ្ដែតទឹកផ្កាប់មុខ អត់មានខោអាវទេ ទើប សណ្ដោងអូសសព យកទៅចងទុកមាត់ច្រាំងទន្លេ ហើយបានទៅរាយការណ៍ ឲ្យសមត្ថកិច្ចចុះទៅ ពិនិត្យដើម្បីផ្ដល់ដំណឹង ទៅឲ្យសាច់ញាតិនៃសព។
បន្ទាប់មកមានស្ត្រីម្នាក់ឈ្មោះ ពិន សុខា បានអះអាងថា សពខាងលើត្រូវជាប្ដី របស់គាត់មានឈ្មោះ សេង សុផាត ភេទប្រុស អាយុ៤៨ ឆ្នាំមានទីលំនៅ ភូមិកំពង់ត្រាំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបាត់ខ្លួន ៣ ថ្ងៃកន្លងមកហើយ។ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ កន្លងមកនេះ គាត់និងប្ដីបានជិះទូក ទៅកាប់អុសនៅមាត់ទន្លេមេគង្គ នៅស្រុកកំពង់សៀម ក៏ជួបខ្យល់បក់បោក ធ្លាក់ប្តីចូលទឹកទន្លេ បាត់ ៣ ថ្ងៃមកហើយ ទើបតែប្រទះឃើញសពអណ្តែតទឹក ជិតដល់ភ្នំពេញទៅហើយ៕
see more at watphnom-news.com