រថយន្តដឹក សិស្សកិនក្មេង ស្រីជិះកង់បែក ក្បាលស្លាប់ រួចប្រុងរត់គេច (មានវីដេអូ)
រាជធានីភ្នំពេញ ៖ រថយន្តដឹកសិស្សម៉ាកសាំងយ៉ុង
ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2O-2685 បានបើកបុកក្មេងស្រីជិះកង់
អាយុ៨ឆ្នាំម្នាក់ រួចកិនស្លាប់បាត់បង់ជីវិត
នៅពេលបញ្ជូនទៅដល់មន្ទីរពហុព្យាបាល វិសាលសុខ ចំណែកអ្នកបើកបរ
ត្រូវប្រជាពលរដ្ឋចាប់បាននៅពេលបម្រុងរត់គេច ។
គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើង កាលពីវេលា
ម៉ោង៤និង២០នាទីរសៀល ថ្ងៃទី៥ កញ្ញា នៅតាមផ្លូវលេខ៣២៤ ក្នុងភូមិទី៨
សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ក្មេងស្រីដែលរថយន្តកិនស្លាប់ឈ្មោះ ផន នីកា
អាយុ៨ឆ្នាំ ជាសិស្សមានលំនៅក្បែរកន្លែងកើតហេតុ
ត្រូវរថយន្តកិនចំក្បាលខ្ទាតឈាមពេញផ្លូវ
ស្លាប់បាត់បង់ជីវិតនៅពេលដែលបញ្ជូនទៅមន្ទីរពហុព្យាបាលវិសាលសុខ ។
ចំណែកអ្នកបើកបររថយន្តឈ្មោះ ទៀប សុភា ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅផ្ទះលេខ៣០
ផ្លូវលេខ៣៤៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
សាក្សីនិយាយថា
មុនពេលកើតហេតុក្មេងស្រីរងគ្រោះបានជិះកង់ពីសាលារៀនក្នុងគោល
បំណងត្រឡប់ទៅផ្ទះវិញ ។ ពេលនៅសល់ប្រមាណ៥០ម៉ែត្រទៀតដល់ផ្ទះ
ស្រាប់តែមានរថយន្តម៉ាកសាំយ៉ុងមួយគ្រឿងជារថយន្តដឹកសិស្សបើកបរ តាមផ្លូវលេខ៣២៤
ក្នុងទិសដៅពីលិចទៅកើតស្របទិសជាមួយកង់ បានរេចង្កូតជ្រុលទៅកៀរកង់ដួល
បណ្តាលឱ្យក្មេងស្រីខ្ទាតចូលកង់ក្រោយរថយន្តកិនរងរបួសធ្ងន់ ។
ពេលនោះអ្នកបើកបរបានឈប់រថយន្តចុះរត់គេច
តែត្រូវប្រជាពលរដ្ឋនាំគ្នាចាប់បាន
រួចនគរបាលបញ្ជូនទៅអធិការដ្ឋានខណ្ឌទួលគោកភ្លាមៗ
ខ្លាចមានការវាយដំពីអ្នកឃើញហេតុការណ៍ ។
ក្មេងស្រីត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពហុព្យាបាលវិសាលសុខ
តែគ្រូពេទ្យអះអាងថា ស្លាប់បាត់ទៅហើយទើបយកត្រឡប់ទៅលំនៅឋានវិញ
ក្រោមសម្រែកទួញយំពីម្តាយដែលស្តាយស្រណោះកូនស្រីជាទីស្រឡាញ់
។រថយន្តរួមទាំងកង់ និងអ្នកបើកបរនគរបាលបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក
ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព