តាន់ សេងហាក់៖ សមត្ថកិច្ចនគរបាល យកគ្រឿងញៀន ទៅដាក់ក្នុងផ្ទះខ្ញុំ ហើយចោទប្រកាន់ខ្ញុំ
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃសុក្រទី ៦ កញ្ញានេះ បានបើកសវនាការជំនុំជម្រះ លើសំណុំរឿងជួញដូរគ្រឿងញៀនរបស់ លោកឧកញ៉ា តាន់ សេងហាក់ អតីតទីប្រឹក្សាលោក ជា ស៊ីម បន្ទាប់ពីបានពន្យារពេលអស់រយៈពេល៤ លើកមកនោះ ដោយសារតែអវត្តមាន សមត្ថកិច្ចនគរបាល ដែលបានចុះទៅបង្រ្កាបនៅក្នុងគេហដ្ឋានរបស់លោក តាន់ សេងហាក់ មិនបានចូលរួម។
សវនាការរបស់លោកឧកញ៉ា តាន់ សេងហាក់នេះ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដែលមានលោកវរៈសេនីយ៍ឯក (សក្តិ៥) សឿង ណុល ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ និងជាមន្ត្រីនគរបាលដែលបានចុះទៅបង្រ្កាបនៅក្នុងគេហដ្ឋានរបស់លោក តាន់ សេងហាក់ នោះ បានចូលរួមដើម្បីបំភ្លឺតុលាការ។
លោកស្រី គឹម ដានី ប្រធានចៅក្រមប្រឹក្សានៃសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍ថានៅក្នុងសំណុំរឿងនះមានជនចោទចំនួន ៥ នាក់ដែល ជាប់ពាក់ព័ន្ធ។ ជនជាប់ចោទទាំង៥ នាក់នេះ មានឈ្មោះ៖ ១- តាន់ សេងហាក់ អាយុ ៥០ ឆ្នាំ ២-ឈ្មោះ សូ យ៉ារី ភេទស្រី អាយុ ២៨ឆ្នាំ ៣-ឈ្មោះ ឡុង ឆេកូ ភេទ ប្រុស អាយុ ២៧ ឆ្នាំ 4-ឈ្មោះ គង់ រ៉ាយុទ្ធ ភេទប្រុស អាយុ ៣០ ឆ្នាំ និង ៥-ឈ្មោះ ស៊ិន ច័ន្ទរស្មី ភេទស្រី អាយុ ២៥ ឆ្នាំ។
លោកស្រីប្រធានចៅក្រមប្រឹក្សាបានបន្តថា ជនជាប់ចោទទាំង ៥ នាក់ខាងលើនេះត្រូវបានតុលាការចោទ ប្រកាន់ពីបទ «ជួញដូរដោយខុសច្បាប់ នូវសារធាតុគ្រឿងញៀន និងសមគំនិតក្នុងអំពើជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន» តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននៃ ព្រះរាជណាចក្រកម្ពុជា។ ពួកគេត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ច នគរបាល មន្ទីរប្រឆាំងគ្រឿងញៀននៃ ក្រសួងមហាផ្ទៃ នៅក្នុងវីឡារបស់ឈ្មោះ តាន់ សេងហាក់ ស្ថិតនៅភូមិពោងពាយ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូត បានថ្នាំញៀនចំនួន ២ កញ្ចប់ និង សំភារៈជក់ គ្រឿងញៀនមួយចំនួនពីផ្ទះរបស់ឈ្មោះ តាន់ សេងហាក់។
ក្នុងពេលសវនាការនេះ ជនសង្ស័យទាំង ៥ រូបខាងលើ បានបដិសេធចំពោះ ការចោទប្រកាន់ចំពោះពួកគាត់ និង បានប្រាប់តុលាការនៅក្នុងអង្គសវនាការថា ពួកគេត្រូវបាន សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀននៃ មន្ទីរប្រឆាំងគ្រឿងញៀន ដែលបានចុះបង្ក្រាបនេះ វាយធ្វើទារុណកម្ម និង បង្ខំឲ្យទទួលសារភាពចំពោះការចោទប្រកាន់ខាងលើនេះ។
លោក តាន់ សេងហាក់ បានប្រាប់តុលាការថា «គាត់មិនទទួលស្គាល់ចំពោះការចោទប្រកាន់រូបគាត់ ខាងលើនេះទេ»។
លោកបាននិយាយថា គាត់មិនមែនជាអ្នកចែកចាយ ឬ ជួញដូរគ្រឿងញៀនដូចការចោទប្រកាន់នោះទេ។ ចំណែកឯ ថ្នាំញៀនដែលបានដកហូតចេញពីផ្ទះរបស់គាត់នោះ មិនមែនជារបស់គាត់ទេ។ គាត់មិនបានដឹង និងមិនទទួលស្គាល់ទេ។
លោក តាន់ សេងហាក់ បានចោទប្រកាន់ថា នៅក្នុងការចុះបង្ក្រាបផ្ទះរបស់គាត់នោះ កម្លាំងសមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយឈ្មោះ សឿង ណុល បានបាញ់រះ ចូលទៅក្នុងផ្ទះរបស់គាត់ ចាត់ទុកគាត់ជាឧក្រិដ្ឋជន និង បានបាញ់រះ ដូចបាញ់ខ្មាំង សត្រូវនៅក្នុងសមរភូមិអ៊ីចឹង។ និង បានបណ្តាលឲ្យរបងផ្ទះទ្វារ ដំបូលផ្ទះ និង កញ្ចក់ផ្ទះរបស់គាត់ខូចខាតយ៉ាងដំណំ។ ខណៈពេលបង្ក្រាបនោះ សមត្ថកិច្ចឈ្មោះ សឿ ណុល បានយកគ្រឿងញៀនចំនួន ២ កញ្ចប់ ទៅដាក់នៅក្នុងផ្ទះរបស់គាត់ ដើម្បីធ្វើការចោទប្រកាន់រូបគាត់និងចាប់រួបគាត់ ប្រពន្ធ និងកូនរបស់គាត់នៅក្នុងផ្ទះ។ ទន្ទឹមនឹងនោះ សមត្ថកិច្ច បានដកហូតប្រាក់ចំនួនជាង ២០,០០០ (ពីរម៉ឺន) ដុល្លារ ពីជនជាតិចិន ២ នាក់ នៅក្នុងផ្ទះរបស់គាត់ និង បានជំរិតយកប្រាក់ប្រមាណ ៣០០០ (៣ ពាន់ដុល្លារ) ពីក្រុមគ្រួសាររបស់គាត់ ជាថ្នូរនឹងការដោះលែងកូនប្រុសរបស់គាត់ឲ្យមានសេរីភាពទៀតផង។
លោក តាន់ សេងហាក់ បាននិយាយថា «ខ្ញុំទទួលស្គាល់ថា ខ្ញុំពិតជាបានប្រើប្រាស់ថ្នាំញៀនមែន និង ធ្លាប់ប្រើប្រាស់វាជាយូរឆ្នាំមកហើយ។ ក៏ប៉ុន្តែ ខ្ញុំមិនមែនជាអ្នកចែកចាយ ឬ ជួញដូរគ្រឿងញៀននោះទេ។ ចំណែកឯ ថ្នាំញៀនដែលរកឃើញ នៅក្នុងផ្ទះរបស់ខ្ញុំនោះ គឺ សមត្ថកិច្ចឈ្មោះ សឿ ណុល បានយកវា ទៅដាក់នៅក្នុងផ្ទះរបស់គាត់ខ្ញុំ។ នេះគឺជាអំពើអយុត្តិធម៌ណាស់ ដែលសមត្ថកិច្ចបានធ្វើវាដើម្បីទម្លាក់កំហុស មកលើរូបខ្ញុំទេ»។
ចំណែកឯ ជនសង្ស័យ ឈ្មោះ ឡុង ឆេកូ និង ឈ្មោះ គង់ រ៉ាយុទ្ធ បាននិយាយថា ពួកគេ ធ្លាប់ប្រើប្រាស់ថ្នាំញៀនមែន តែមិនជាអ្នកជួញដូរ ឬ ចែកចាយថ្នាំញៀននោះទេ។ ពួកគេ ក៏មិនបានពាក់ព័ន្ធ ឬ បានដឹងពីថ្នាំញៀន និង ជញ្ជីងថ្លឹងថ្នាំញៀន ដែលបានដកហូតចេញពីផ្ទះ លោកតាន់ សេងហាក់ ក្នុងការថ្ងៃ បង្ក្រាបរបស់សមត្ថកិច្ចនោះដែរ។ ពួកគេ ក៏បានចោទប្រកាន់ថា ពួកត្រូវសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនវាយធ្វើទារុណកម្ម ដោយទាត់ធាក់ និង ឆក់ពួកគេ នឹងដំបងឆក់រហូតដល់សន្លប់ ដើម្បីឲ្យពួកគេទទួលសារភាព និង ទម្លាក់កំហុសថា ថ្នាំញៀនខាងលើនោះគឺជា របស់ឈ្មោះ តាន់ សេងហាក់។
ចំណែកឯ លោកវរៈសេនីយ៍ឯក សឿង ណុល ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃ ក្រសួងមហាផ្ទៃដែលបានចុះទៅបង្រ្កាបនៅក្នុងគេហដ្ឋានរបស់លោកតាន់ សេងហាក់ នោះ បានច្រានចោលចំពោះ ការចោទប្រកាន់របស់លោក តាន់ សេងហាក់ និងបានបំភ្លឺតុលាការថា ថ្នាំញៀន និង សំភារៈពាក់ព័ន្ធទាំងនោះ គឺសមត្ថកិច្ចបានរកឃើញនៅក្នុងបន្ទប់របស់លោកតាន់ សេងហាក់។ ចំណែកឯ ការជំរិតយកលុយចំនួនជាង ២០,០០០ (ពីរម៊ឺន) ដុល្លារ ពីជនជាតិចិន ២ នាក់នៅក្នុងផ្ទះរបស់គាត់និង ប្រាក់ប្រមាណ ៣០០០ (៣ ពាន់ដុល្លារ) ពីក្រុមគ្រួសាររបស់លោកតាន់ សាងហាក់ នោះ លោកសក្តិ៥ សឿង ណុល មិនបានបំភ្លឺឡើយ។
តុលាការនឹងបន្តសវនាការ នៃសំណុំរឿងនេះនៅថ្ងៃទី ១៦ កញ្ញា ២០១៣ ខាងមុខនេះទៀត៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍.