កម្លាំងសមត្ថកិច្ច ប្រមាណ១០០នាក់ រារាំងអ្នកបឹងកក់ ដើរក្បែរផ្ទះនាយករដ្ឋមន្ត្រី
កម្លាំងសមត្ថកិច្ចប្រមាណ១០០នាក់ ត្រូវបានដាក់ពង្រាយនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ ដើម្បីការពារ ខណៈប្រជាសហគមន៍បឹងកក់ប្រមាណជា១០០នាក់ ដើរជាក្បួនសុំអន្តរាគមន៍ពីសហភាពអឺរ៉ុប ឲ្យដោះលែងសកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ផា។
នៅព្រឹកថ្ងៃអង្គារនេះ ពលរដ្ឋបឹងកក់ បានប្រមូលផ្តុំគ្នានៅខាងមុខតុលាការកំពូល ដើម្បីសុំឲ្យស្ថាប័នមួយនេះ ពន្លឿនសវនាការលើសកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ផា។ ប្រជាសហគមន៍ បានបើកបដា ដែលមានការប្រៀបធៀបពីករណី អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត និងករណីអ្នកស្រី យ៉ោម បុប្ផា។ អ្នកតវ៉ា អំពាវនាវឲ្យអាជ្ញាធរចាប់លោក ឈូក បណ្ឌិត និងដោះលែងអ្នកស្រី យ៉ោម បុប្ផា។
បន្ទាប់ពីតវ៉ានៅមុខតុលាការកំពូល អ្នកបឹងកក់ បានដើរសំដៅមកសហភាពអឺរ៉ុប ដើម្បីសុំអន្តរាគមន៍ តែត្រូវបានសមត្ថកិច្ចហាមឃាត់ និងមានការប៉ះទង្គិចបន្តិចបន្តួច។ មន្ត្រីសហភាពអឺរ៉ុប បានអនុញ្ញាតឲ្យតំណាងសហគមន៍បឹងកក់ពីរនាក់ ចូលជួបនៅវេលាម៉ោងជាង១០ព្រឹកនេះ។

(បុរសម្នាក់ ស្ថិតក្នុងឯកសណ្ឋានទាហាន ត្រូវបានអ្នកបឹងកក់អះអាងថា មានបញ្ហាស្មារតី ដង្ហែចូលរួមជាមួយប្រជាសហគមន៍បឹងកក់/រូបភាពដោយលោក ញឹម សុខន)
កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣ សាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយផ្តន្ទាទោសសកម្មជនការពារដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ដាក់ពន្ធនាគារបីឆ្នាំ ប៉ុន្តែព្យួរទោស១ឆ្នាំ និងបង្គាប់ឲ្យសងជំងឺចិត្ត ២០លានរៀល ទៅជនរងគ្រោះជាអ្នករត់ម៉ូតូឌុបពីរអ្នក។ សាលាឧទ្ធរណ៍បានប្តូរបទចោទអ្នកស្រី យ៉ោម បុប្ផា ពីបទបង្ករបួសស្នាម ទៅបទផ្តើមគំនិតហិង្សាដោយចេតនាទៅលើអ្នករត់ម៉ូតូឌុបពីរនាក់ តាមមាត្រា២៨នៃក្រមព្រហ្មទណ្ឌថ្មី។
ករណីអ្នកសកម្មជនដីធ្លី អង្គការលើកលែងទោសអន្តរជាតិ និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវឲ្យដោះលែងអ្នកស្រីជាបន្ទាន់ និងគ្មានលក្ខខណ្ឌ៕
Read more: http://www.cambodiapage.info/?p=14260#ixzz2eTwoTNsp