គណៈសង្ឃហាម មិនឲ្យព្រះសង្ឃ ចូលរួម ក្នុងមហាបាតុកម្ម
គណៈសង្ឃគណៈមហានិកាយ និងគណៈសង្ឃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានចេញ ព្រះរាជសង្ឃប្រកាសមួយ ហាមមិនឲ្យព្រះ សង្ឃ អាចារ្យវត្ត គណៈកម្មការវត្ត ដូនជី តាជី និងអ្នកស្នាក់នៅក្នុងវត្តទាំងអស់ ចូលរួមនៅក្នុងមហាបាតុកម្មអហិង្សា របស់គណបក្សសង្គ្រោះជាតិឡើយ។ ការប្រកាសនេះ បានធ្វើឡើង ស្របពេលដែលគណបក្សសង្គ្រោះជាតិ នឹងរៀបចំធ្វើមហាកម្មអហិង្សា នៅថ្ងៃទី ០៧កញ្ញា ស្អែកនេះ។
គណសង្ឃគណៈមហានិកាយ និងគណៈសង្ឈគណៈធម្មយុត្តិកនិកាយ បានចុះហត្ថលេខាកាលពីថ្ងៃទី ០៥កញ្ញាម្សិលមិញ លើព្រះរាជសង្ឃប្រកាសរួមគ្នាមួយ ដែលហាមមិនឲ្យគ្រប់សង្ឃ សីលវ័ន និងអ្នកសុំសីល មានដូចជា អាចារ្យ តាជី យាយជី និងសូម្បីតែអ្នកដែលស្នាក់នៅក្នុងវត្តទាំងអស់ មិនឲ្យចូលរួមនៅក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី ០៧កញ្ញា ស្អែកនេះ។
ការហាមប្រាមនេះក្រោមហេតុផលថា នេះជាវេលាដែលព្រះសង្ឃកំពុងគង់ចាំព្រះវស្សា។ ម្យ៉ាងទៀត ការចូលរួមរបស់ព្រះសង្ឃនៅក្នុងបាតុកម្មនានា គឺជាអំពើខុសនឹងច្បាប់ព្រះពុទ្ធសាសនា។ សម្តេចសង្ឃរាជ ទេព វង្ស នៃគណៈមហានិកាយ បានប្រាប់វិទ្យុបារាំងយ៉ាងខ្លី នៅថ្ងៃនេះថា អ្វីៗគ្រប់យ៉ាងគឺធ្វើទៅតាមច្បាប់សាសនាតែប៉ុណ្ណោះ។ ប៉ុន្តែ ព្រះអង្គមិនបានផ្តល់ព័ត៌មានលម្អិតពីសេចក្តីប្រកាសនេះទេ។
សេចក្តីប្រកាសរបស់គណៈសង្ឃ បានហាមមិនឲ្យព្រះសង្ឃចូលរួមក្នុងបាតុកម្មដោយផ្ទាល់, មិនអនុញ្ញាតឲ្យយកវត្តអារាម ជាទីជួបប្រជុំ ធ្វើមិទ្ទិញ, មិនអនុញ្ញាឲ្យអ្នកសុំសីល ឬ អ្នកស្នាក់នៅក្នុងវត្ត បញ្ចេញសកម្មភាពណាមួយដែលគាំទ្រនឹងបាតុកម្ម។ តាមសេចក្តីប្រកាស ប្រសិនបើបុគ្គលខាងលើ មិនគោរពតាមសេចក្តីសម្រេច បុគ្គលនោះ នឹងទទួលទោស តាមច្បាប់រដ្ឋ និងច្បាប់សាសនា។
ប៉ុន្តែព្រះសង្ឃ អ៊ុន សម្ភស្ស ដែលគង់នៅវត្តព្រះឥន្ទកោសីយ ក្នុងខេត្តសៀមរាប បានមានប្រតិកម្ម ប្រាប់វិទ្យុបារាំងថា ប្រសិនបើគណសង្ឃយល់ថា ការចូលរួមបាតុកម្មខុសនឹងច្បាប់សាសនា រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា មិនគួរអនុញ្ញាតឲ្យព្រះសង្ឃចូលរួមក្នុងការបោះឆ្នោតនោះឡើយ។ ព្រោះប្រសិនបើព្រះសង្ឃអាចបោះឆ្នោតបាន មានន័យថា ព្រះសង្ឃក៏មានសិទ្ធជាពលរដ្ឋ ហើយព្រះសង្ឃក៏អាចចូលរួមក្នុងសកម្មភាពនយោបាយ បានផងដែរ។ ព្រះអង្គ បានបន្តថា ការហាមប្រាមបែបនេះ គឺមិនបានសរបញ្ជាក់ពីលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅប្រទេសកម្ពុជាឡើយ៕
ប្រភពពី វិទ្យុបារាំងអន្តរជាតិ