បទ«ពេលអូនត្រូវគ្នា» របស់ខេមធ្វើឲ្យ ពលរដ្ឋថៃខឹងសម្បា
ភ្នំពេញៈ នេះមិនមែនជាលើកទី១ទេដែលលេចចេញនូវការរិះគន់ ពីសំណាក់ផលិតកម្មក៏ដូចជាពលរដ្ឋបរទេសចំពោះផលិតកម្មក្នុងស្រុកដែលនិយមលួចចម្លងស្នាដៃពីបរទេសមកធ្វើជារបស់ខ្លួន ហើយវាក៏បានក្លាយជាប្រពៃណីសម្រាប់ផលិតកម្មស្ទើរតែទាំងអស់នៅកម្ពុជា។ ថ្មីៗនេះបទចម្រៀងរបស់តារាចម្រៀងប្រចាំផលិតកម្មថោន គឺលោក ខេម មួយបទមានចំណងជើងថា “ពេលអូនត្រូវគ្នា” ធ្វើឲ្យលេចចេញភាពចម្រូងចម្រាសពីសំណាក់ប្រជាពលរដ្ឋថៃដែលជាម្ចាស់បទចម្រៀងដើម។
បើទោះបីជាបទចម្រៀងនេះចេញលក់នៅលើទីផ្សារកាលពីអំឡុងចុងឆ្នាំ២០១២ក្តីក៏បទចម្រៀងនេះបានធ្វើឲ្យអារម្មណ៍ប្រជាពលរដ្ឋថៃបានសម្តែងនូវការក្តៅក្រហាយយ៉ាងខ្លាំង ហើយភស្តុតាងនៃការលួចចម្លងត្រូវបានគេលាតត្រដាងនៅលើប្រព័ន្ធចែកចាយខ្សែវីដែអូដ៏ពេញនិយម Youtube។
ភស្តុតាងដែលបង្ហាញដោយប្រជាពលរដ្ឋថៃ បានឲ្យដឹងថា ថៃមានបទចម្រៀងដ៏ពិរោះ និងពេញនិយមរបស់គេមួយ ដែលបានផលិតតាំងពីដើមឆ្នោត២០១១ មកម្ល៉េះ ហើយ ថៃបាន Post នៅក្នុងគេហទំព័រ Youtube ដែលមានអ្នកគាំទ្ររហូតដល់ជិត៥សែននាក់ ។ បទចម្រៀងនេះដើមឡើយច្រៀងដោយតារាចម្រៀងថៃលោក ថាន់ វ៉ាអាសាយ៉ាម មានចំណងជើង”ថាផ្លាឡៃ”មានន័យថា”ត្រីទឹកហូរ” ប៉ុន្តែបទចម្រៀងនេះមានបទភ្លេងនិងរបៀបសម្តែងសឹងតែដូចគ្នាបេះមិតទៅនឹងបទ ចម្រៀងខ្មែររបស់ផលិតថោន ដែលច្រៀងដោយតារាចម្រៀង «ខេម»។ បទចម្រៀងរយៈពេលជិត៥នាទីនេះត្រូវបាននិពន្ធទំនុកច្រៀងដោយលោក យឹងតាស្រង់ និងសម្រួលតន្ត្រីដោយលោក ណាំ ប៊ុណ្ណារ័ត្ន។
ខណៈដែលបទចម្រៀងមួយនេះនៅតែទទួលបានការគាំទ្រច្រើនពីក្រុមយុវវ័យនៅកម្ពុជានេះក៏មានលេចចេញនូវការខឹងសម្បាបញ្ចេញប្រតិកម្មពេញបណ្តាញសង្គម Facebook របស់ប្រជាជនថៃ ហើយវាក៏កំពុងបានក្លាយជាប្រជានបទមួយថ្មីទៀតសម្រាប់អ្នកលេង Facebookដែលនិយមស្តាប់បទចម្រៀងថ្មីៗ។ ទន្ទឹមគ្នានេះក៏មានការរិះគន់ចំពោះការយកបទចម្រៀង និងការសម្តែងទាំងស្រុងមកដោយមិនមានការកែច្នៃនោះហើយការចម្លងទាំងស្រុងស្រដៀងគ្នានេះក៏ធ្លាប់កើតមានចំពោះតារាចម្រៀង ខាត់ ជែម របស់ផលិតកម្មសាន់ដេ និង លោក សាពូន មីដាដា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាននោះដែរ។
នៅមិនទាន់អាចស្វែងរការបញ្ជាក់បន្ថែមពីអ្នកគ្រប់គ្រងផលិតកម្មថោន និងតារាចម្រៀងខេម បាននៅឡើយទេកាលពីម្សិលមិញ។ ប៉ុន្តែកន្លងមកលោក មាស់ សុខរតនៈអ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្មនេះធ្លាប់ធ្វើការបកស្រាយអំពីការថតចម្លងបទចម្រៀងពីបរទេសថា កន្លងមកផលិតកម្មពិតជាមានការថតចម្លងបទពីបរទេសមែន ហើយវាកើតមានគ្រប់ផលិតកម្មទៅហើយប៉ុន្តែថ្មីៗផលិតកម្មបានព្យាយាមផលិតបទចម្រៀងថ្មីៗជាច្រើនដើម្បីចេញលក់នៅលើទីផ្សារផងដែរ។ លោកប្រាប់ថា ការចម្លងពីបទបរទេសគឺដោយសារនៅកម្ពុជាមិនមានធនធានមនុស្សគ្រប់គ្រាន់ក្នុងការផលិតបទចម្រៀងទៅតាមតម្រូវការរបស់ទីផ្សារ ហើយផលិតកម្មក៏មានផលលំបាកដែរនៅពេលដែលការចេញលក់បទចម្រៀងរបស់ផលិតកម្មមានការលួចលក់ឌីសក្លែងក្លាយយ៉ាងព្រោងព្រាតនោះ៕
_____________________
ប្រភពពីនគរវត្ត