ទម្លាយ​ រឿង​ផ្សំ​ដំណេក​តាម​ អាចារ្យ​រកស៊ី​មាន​បាន​?

9/16/2013 0 Comments A+ a-

ចាស់​ៗ​មាន​ជំនឿចំពោះ​​ការ​ផ្សំផ្គុំ​គូ​ស្រករកូន​​ដោយ​ខ្លាច​ខុស​ខែ​ឆ្នាំ​ ខ្លាច​រក​ស៊ី​មិន​ឡើង​​ជា​ដើម​ ប៉ុន្តែ​មាន​រឿង​មួយ​ទៀត​ ដែលជា​​រឿង​លាក់​កំបាំង​របស់​ប្ដី​ប្រពន្ធ​ថ្មី​ថ្មោង គឺ​ការ​ជ្រើសរើស​ម៉ោង​ពេល​ផ្សំ​ដំណេក​តាម​អាចារ្យ​ឲ្យ​រកស៊ី​មាន​បាន​។ តើ​ជំនឿ​បែប​នេះ​មាន​ដែរ ​ឬ​យ៉ាងណា?
លោក តឹក ទូច អាយុ​២៦​ឆ្នាំ ជា​អ្នក​លក់ដូរ​នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ​​បាន​ឲ្យ​ដឹង​ថា ចាស់ៗ​បាន​រក​អាចារ្យ​រក​ពេលា​ការ​ ហើយ​អាចារ្យ​បាន​កំណត់​ឲ្យ​ផ្សំ​ដំណេក​នៅ​ម៉ោង​១១​ កន្លះ​យប់ ហើយ​លោក​និង​ភរិយា​បាន​ធ្វើ​​តាម​ ព្រោះ​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន​។
ទូច បាន​បន្ថែម​ថា៖ “ក្រោយ​រៀបការ​៣​ទៅ​៤​ឆ្នាំ​មក​នេះ ឃើញ​ថា​ត្រជាក់ត្រជំ គ្រួសារ​មាន​សុភមង្គល​ ហើយ​​មុខ​របរ​រកស៊ី​ចេះ​តែ​កាក់កប​កើន​ពី​​មួយ​ឆ្នាំ​ទៅ​​​មួយ​ឆ្នាំ​ ដូច្នេះ​ខ្ញុំ​​គិត​ថា​ ជំនឿ​នេះ​អាច​ស័ក្ដិសិទ្ធិ​ដែរ​”។
លោក វុទ្ធី ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​ ដែល​រៀបការ​ប្រាំ​ឆ្នាំ​ហើយ​​បាន​ឲ្យ​ដឹង​ថា ធ្លាប់ឮ​មាន​ជំនឿ​បែប​នេះ​មែន​ ប៉ុន្តែ​ចំពោះ​លោក​មិន​ជឿ និង​មិន​បាន​ជ្រើសរើស​ពេល​វេលា​ផ្សំ​ដំណេក​នោះ​ទេ ព្រោះ​យប់​នោះ​ជាប់​កំដរ​មិត្តភ័ក្ដិ​ពេញ​មួយ​យប់​ គ្មាន​​ធ្វើ​អី​ទេ​ គឺ​រវល់​ទូទាត់​រឿង​លុយ​កាក់​ មិន​គិត​រឿង​ម៉ោង​ពេល​អី​នោះ​ទេ។
លោក​ក៏​សន្និដ្ឋាន​ថា៖​ “ដូច​ជា​មិន​មាន​បញ្ហា​អី​នោះ​ទេ គឺ​​ឃើញ​​រកស៊ី​ធ្វើការ​កាក់កប​ធម្មតា​គ្មាន​បញ្ហា​ចោទ​នោះ​ទេ”។
បក​ស្រាយ​ជំនឿ​ខាង​លើ​នេះ ​អាចារ្យ​ដេញ​​ពេលា​ការ លោក​តា ឯក នៅ​វត្ត​ព្រៃវែង ខណ្ឌ​ដង្កោ ​ជាយ​​​រាជធានី​ភ្នំពេញ​បាន​​មក​ស្រាយ​ថា៖ “រឿង​រៀបអាពាហ៍ពិពាហ៍​សំខាន់​ គឺ​រឿង​ពេលា​ផ្សំ​ដំណេក​នេះ​ហើយ ព្រោះ​វាសនា​​មាន​ ​ឬ​ក្រ ល្អ ​ឬ​អាក្រក់​ អាស្រ័យ​លើ​ការ​ជ្រើសរើស​ត្រូវ​នេះ​តែ​ម្ដង”។
លោក​អាចារ្យ​ជំនាញ​រើស​ពេលា​ការ​រូប​នេះ​បាន​បន្ថែម​ថា ក្បួន​មាន​ចងក្រង​ទុក​ជា​យូរ​ណាស់​​មក​ហើយ នៅ​ក្នុង​ស្លឹករឹត​ កាល​ពី​មុន​លោក​រស់នៅ​ខេត្ត​ក្រចេះ​ ប៉ុន្តែ​ចាប់​តាំង​ពី​មក​រស់នៅ​ភ្នំពេញ​ លោក​មិន​ដែល​ជួប​ក្បួន​បែប​​នេះ​ទៀត​ទេ ប៉ុន្តែ​ដោយ​ចាប់​អាជីព​នេះ គឺ​លោក​ចាប់​ផ្ដើម​រួម​បញ្ចូល​ក្បួន​ចិន​មួយ​ចំនួន​ទៀត​ ។
លោក​អាចារ្យ​ថា​ បញ្ហា​ក្រី​​​ក្រ​ជា​រឿង​មួយ​​​​ដែល​​គ្នាន​​​អ្នក​ណា​ចង់បាន​ទេ​ ប៉ុន្តែ​បើ​ផ្សំ​ដំណេក​ចំ​​ពេលា​ស្នេហ៍​ពិឃាដ​នោះ ​ច្បាស់​ថា នឹង​មាន​អ្នក​នោះ​ផ្ទាល់ ​ឬ​កូន​កំលោះ​កូន​ក្រមុំ អាច​ធ្លាក់​​ខ្លួន​ឈឺ អាច​ស្លាប់​ក៍​អាច​ថា​បាន ដែល​ជា​រឿង​អកុសល​​ ​គ្មាន​នរណា​​ម្នាក់​ចង់​ជួប​​ឡើយ​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ លោក​ថា​ រឿង​ផ្សំ​ដំណេក​នេះ​​ជា​រឿង​សម្ងាត់​ ដូច្នេះ​មិន​អាច​ប្រាប់​ទៅ​អ្នកណា​ ក្រៅ​ពី​​កូន​កំលោះ​​ និង​កូន​ក្រមុំ​នោះ​ឡើយ។
លោក​បាន​លើក​ រឿង​ពិត​មួយ​ដែល​លោក​ជួប​ប្រទះ​ថា៖ “អ្នក​ភ្នំពេញ​និយម​រក​ថ្ងៃ​សៅរ៍ អាទិត្យ​ជា​ថ្ងៃ​ល្អ​ បាន​មក​រក​លោក​អាចារ្យ​ ប៉ុន្តែ​លោក​អាចារ្យ​បាន​កំណត់​ការ​ថ្ងៃ​អាទិត្យ​ ប៉ុន្តែ​ឲ្យ​ស៊ូទ្រាំ ផ្សំ​ដំណេក​នៅ​ថ្ងៃ​ពុធ ប៉ុន្តែ​​​កូន​កំលោះ​មិន​ព្រម​ គឺ​យក​ថ្ងៃ​អាទិត្យ​នោះ​តែ​ម្ដង​ ស្រាប់​តែ​ការ​មិន​ទាន់​បាន​មួយ​ថ្ងៃ​ផង​ ស្អែក​ឡើង​ម្ដាយ​ក្មេង​ធ្លាក់​ខ្លួន​ឈឺ​ស្លាប់​​តែ​ម្ដង”។
ដូច្នេះ​ដើម្បី​ឲ្យ​ការ​រៀបចំ​ក្បួន​ស័ក្ដិសិទ្ធិ​ រក​ពេលា​បាន​ត្រឹមត្រូវ​​ តើ​ត្រូវ​ធ្វើ​ម្ដេច? លោក​អាចារ្យ​បាន​ផ្ដែផ្ដាំ​ថា៖​ “​ដើម្បី​ឲ្យ​ការ​ទស្សន៍ទាយ​រក​ពេលវេលា​ការ​ផ្សំ​ដំណេក​ឲ្យ​បាន​ស័ក្ដិសិទ្ធិ​ គឺ​​ចាំបាច់​ត្រូវ​ដឹង​ពី​​ថ្ងៃ​ខែ​ឆ្នាំ​កំណើត បើ​អាច​ដឹង​ច្បាស់​អំពី​​ពេល​ចាប់​កំណើត​​ទៀត​ កាន់​តែ​ប្រសើរ​។ ពេល​នោះ​ក្បួន​នឹង​ឆ្លើយ​ច្បាស់​ត្រូវ​មួយ​រយ​ភាគរយ ហើយ​កូន​កំលោះ​​កូន​ក្រមុំ​ចាំ​តែ​អនុវត្ត​​ជា​ការ​ស្រេច​”៕
អត្ថបទ​៖​កង ចាន់​បញ្ញា